សាលារាជធានីភ្នំពេញ បានចាប់ផ្ដើមសាងសង់ស្ពានអាកាសក្បាលថ្នល់ថ្មីមួយទៀត ដែលសាលារាជធានីភ្នំពេញរំពឹងថា នឹងជួយសម្រួលចរាចរណ៍នៅទីនោះបាន១០០ភាគរយ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានប្រាប់វីអូឌីថា ស្ពានអាកាសក្បាលថ្នល់ថ្មីដែលបានសម្ភោធបើកការដ្ឋានសង់នៅព្រឹកនេះ មានប្រវែងវែងជាងស្ពានអាកាសមុនៗ ដោយមានស្ពានវែងៗចែកជាបីខ្សែ និងមានផ្លូវក្រោមដីមួយទៀត ហើយស្ពាននេះអាចជួយសម្រួលចរាចរណ៍នៅក្នុងក្រុងបាន១០០ភាគរយ។
លោកបន្ថែមថា ស្ពានអាកាសខ្សែទី១ ចុះទៅច្បារអំពៅមានប្រវែង២៤០ម៉ែត្រ ខ្សែទី២ ចុះទៅតាខ្មៅមានប្រវែង១៩០ម៉ែត្រ ខ្សែទី៣ ចុះតាមផ្លូវព្រះនរោត្តម មានប្រវែង៣៨០ម៉ែត ហើយផ្លូវក្រោមដីឡើងទៅផ្លូវមន្នីវង្សមានប្រវែង៣០៦ម៉ែត្រ។
បើតាមអ្នកនាំពាក្យរូបនេះ គម្រោងសាងសង់នេះ ត្រូវបានប្រគល់សិទ្ធិទៅក្រុមហ៊ុន OCIC ហើយគ្រោងបញ្ចប់ការសាងសង់នៅក្នុងរយៈពេល១៦ខែ។
កាលពីខែឧសភាឆ្នាំ២០០៩ សាលារាជធានីភ្នំពេញ បានសាងសង់ស្ពានអាកាសក្បាលថ្នល់ប្រវែង៣០៨ម៉ែត្រ ប៉ុន្តែលោក ម៉េត មាសភក្ដី ប្រាប់ថាស្ពានអាកាសដំបូងនោះ អាចជួយសម្រួលចរាចរណ៍ពលរដ្ឋបាន៦០ភាគរយប៉ុណ្ណោះ។
បើគិតរហូតមកដល់សព្វថ្ងៃនេះ ស្ពានអាកាសចំនួន៦កន្លែងហើយ ត្រូវបានសាងសង់ឡើងនៅរាជធានីភ្នំពេញ ហើយស្ពានអាកាសមួយចំនួន ត្រូវបានសាលារាជធានីគ្រោងនឹងសាងសង់បន្ថែមទៀតនាពេលខាងមុខ៕