​លោក​កឹម សុខា​បន្ត​បកស្រាយ​គោល​នយោបាយ​មិន​បកស្រាយ​ការ​ចោទប្រ​កាន់

លោក កឹម សុខា ជួប​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួនកាល​ពីពេល​កន្លង​ទៅ​(រូបថត​ពីហ្វេសប៊ុកលោក កឹម សុខា)

​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជា​តិលោក​កឹមសុខា នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បន្ត​បកស្រាយ​ពី​គោលនយោបាយ​ដែល​ត្រូវអនុវត្ត​ពេល​គណបក្ស​របស់​លោក​ជាប់​ឆ្នោត តែ​មិន​បានបកស្រាយ​ខ្សែអាត់​សំឡេង​ដែល​មាន​ការចោទប្រកាន់​ថា លោក​លួចលាក់​ស្នេហា ជាមួយ​ស្រីក្មេង​នោះទេ​។​

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ លោក កឹម សុខា ជួប​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ លោក​កឹម សុខា ថ្លែង​សារ​ទៅកាន់​អ្នក​កាន់​គាំទ្រ​ដូច​ពេលដែល​លោក​ទៅ​ជួប​អ្នកគាំទ្រ​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​នៅ​ពេល​កន្លងមក ដោយ​លោក​បញ្ជាក់​ប្រាប់​សកម្មជន​និង អ្នកគាំទ្រ​របស់​ខ្លួន​ឲ្យ​ប្រកាន់​ជំហរក្នុង​ការប្រកួតប្រជែង​តែ​គោល នយោបាយ ឬ​វិធី​នយោបាយ​ធ្វើយ៉ាងណា​ដោះស្រាយ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​កំពុង​ជួបប្រទះ ហើយមិនចាំបាច់​ឈ្លោះ​រវាង​បុគ្គល និង បុគ្គល​ទេ​៖ ប្រកួត​គ្នា​តែ​លើ​កម្មវិធី​នយោបាយ​បាន ហើយ ណា បងប្អូន​ណា​! លើ​គោលនយោបាយ លើ​កម្មវិធី នយោបាយ ដើម្បី​ជម្រាប ជូន​ទៅ​បងប្អូន​យើង ប្រជាពលរដ្ឋ​យើង យុវជន​យើង ថា ពេល​យើង​ឈ្នះឆ្នោត​ដឹកនាំ​ប្រទេស យើង​ដោះស្រាយ បញ្ហា​របស់​ពួកគាត់​យ៉ាងណា​? និយាយ​តែ​ប៉ុណ្ណឹង​ទេ​! ហើយ​ឲ្យ​ពលរដ្ឋ អ្នក​សម្រេច​ទៅ និង រៀបចំ​ការបោះឆ្នោត​ឲ្យបាន​ត្រឹមត្រូ​វ​។ គាត់​បោះឆ្នោត​ឲ្យ​អ្នក​ណា​មិន សំខាន់​ទេ សំខាន់​ជាតិ យើង​ឈ្នះ សំខាន់​ពលរដ្ឋ​យើង​ឈ្នះ​។​

​ការចុះ​ទៅ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​វេទិកា​នៅ​ព្រឹក​នេះ គឺជា​លើកទី​១​ហើយរបស់លោក កឹម សុខា បន្ទាប់​រយៈពេល​ប្រមាណ​១០​ថ្ងៃ​មក​នេះ លោក​ត្រូវបាន​គេ​ចោទប្រកាន់​ថា មាន​ខ្សែអាត់​សំឡេង ឆ្លើយឆ្លង​ស្នេហា​ជាមួយ​ស្ត្រី​ក្មេង​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ខ្សែអាត់​ខ្លះ​ទៀត​ចោទថា លោក កឹម សុខា មាន​ទំនាក់ទំនង​ស្នេហា​ខុសសីលធម៌​ជាមួយ​នារី​វៀតណា​ម​ជាដើម​។

​អ្នកខ្លះ​រំពឹងថា លោក កឹម សុខា ចុះ​ទៅ​វេទិកា​លើក​នេះនឹង​មាន​ការ​បកស្រាយ ជុំវិញ​ការចោទប្រកាន់​នេះ​ថា សំឡេង​នោះ​ជា​របស់​លោក​ឬ មិនមែន​។ តែ​លោក​មិន​និយាយពាក់ព័ន្ធ​រឿងនេះ​ទេ​។​

​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ យុវជន​មួយ​ក្រុម​បាន​តវ៉ា​នៅមុខ​ស្នាក់ការ​កណ្តាល​គណបក្ស សង្គ្រោះ​ជាតិ​នៅ​រាជធានី​ភ្នំពេញ​ ​ទាមទារ​ឲ្យ​លោក កឹម សុខា បកស្រាយ​ខ្សែអាត់​នោះ ហើយនៅថ្ងៃនេះ យុវជន​មួយ​ក្រុម​នេះ ក៏​បន្ត​ការតវ៉ា​របស់​ខ្លួន​ដល់​ខេត្ត​ព្រះសីហនុ​ទៀត​ នៅ​កន្លែង​ដែល​លោក កឹម សុខា ជួប​អ្នកគាំទ្រ​។​

​ការរក្សា​ជំហរ​ស្ងៀមស្ងាត់​មិន​បកស្រាយ​តប​របស់​លោក​កឹម សុខា ពេលនេះ មិនមែនជា​លើក​ទី​១​ទេ បើ​រំលឹក​មុន​ពេល​បោះឆ្នោត​ឆ្នាំ​២០១៣ ក៏​មាន​ស្ត្រី​កូន​ពីរ​ម្នាក់​ប្រកាសថា ខ្លួន​មាន​ស្នេហា​លួចលាក់ជាមួយ​លោក កឹម សុខា ហើយ​ទាមទារ​ឲ្យ​លោក​កឹម សុខា ចេញមុខទទួលខុសត្រូវ​។ នៅ​មុន​ពេល​បោះឆ្នោត​នោះ​ដែរ​លោក កឹម សុខុន ប្អូនប្រុស​បង្កើតរបស់លោក កឹម​សុខា មាន​តួនាទី ជា​ទីប្រឹក្សា​របស់​រដ្ឋាភិបាល​ក៏​បាន​ចោទប្រកាន់​លោក​កឹម សុខា ជាច្រើន​ករណី​ថា ធ្វើ​នយោបាយ​បោកប្រាស់​រាស្ត្រ ដែល​ពេលនោះ​លោក កឹម សុខា ក៏​បាន​ឆ្លើយតបដូចគ្នានេះដែរ​។

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែងថា មូលហេតុដែល​លោក កឹម សុខា មិន​បកស្រាយ​រឿង​ទាំងនេះ ព្រោះ​លោក​កឹម សុខា មិន​បានដឹង​រឿង​ទេ ហើយ​ប្រាប់​ឲ្យ​អ្នក​ព័ត៌មាន​ដែល​សាកសួរ​រឿងនេះឲ្យទៅ​សួរ​អ្នក​ដែល​រៀបចំ​សាច់រឿង​នោះ វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ