លោក​ ម៉ម សូណង់​ដូ​ ប្រកាស​ត្រលប់ចូល​ធ្វើ​នយោបាយ​វិញ

លោក ​ម៉ម សូណង់​ដូ

អតី​ត​ប្រធា​ន​គណបក្ស​សំ​បុកឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យ​លោក ម៉ម សូណង់​ដូ​ បាន​សម្រេច​ត្រលប់​ចូល​ធ្វើ​នយោបាយ​វិញ​បន្ទាប់​ឈប់​ធ្វើ​ជិត​៧​ខែ។

លោក​ ម៉ម សូណង់​ដូរ​ បាន​ប្រកាស​លាលែង​ពី​ប្រធាន​គណបក្ស​​សំបុកឃ្មុំ​សង្គម​ប្រជាធិប​តេយ្យកាល​ពី​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០១៧ ក្រោយ​ពី​បក្ស​លោក​ទទួល​បរាជ័យ​ក្នុង​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ឃុំ​ សង្កាត់​។​

ថ្លែង​ប្រាប់​វី​អូ​ឌី​នៅ​ព្រឹក​ថ្ងៃ​៥ មីនា​នេះ​លោក ម៉ម សូណង់​ដូ បាន​ឲ្យ​ដឹងថា​នៅថ្ងៃ​ទី​១១ មីនា ខាង​មុខ​គណបក្សសំបុកឃ្មុំនឹង​មាន​សមាជ​វិសាមញ្ញ​មួយ​ដែល​នឹង​ពិភាក្សាពី​ការ​ចូល​មក​ធ្វើ​នយោបាយ​របស់​លោក​ឡើង​វិញ។ លោក​បន្ថែម​ថា​ការ​វិល​ត្រលប់​​របស់​លោកនៅពេល​​នេះ​គឺ​ដើម្បី​បន្ត​ការងារ​សង្គ្រោះ​ជាតិ​បន្ត​ពី​បក្សប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជាដែល​​ត្រូវ​បាន​រំ​លាយ ហើយ​នឹង​នាំ​មក​នូវទម្រង់​​នយោបាយ​ប្រឆាំង​ថ្មី​មក​កម្ពុជាដែល​ខុសពី​បក្សសង្គ្រោះ​ជាតិ។

លោក​ថា៖ «ប្រជា​ពល​រដ្ឋ​ខ្មែរ​មិន​សូវ​មាន​ការ​ពិចារណា​ទេ ចូល​ចិត្ត​តែ​អាណា​ជេរ​ខ្លាំង​អាហ្នឹង​ពូកែ​ណាស់ ធ្វើ​ខុស​ក៏​ដោយ​កាប់​ទៅ​ចាក់​ទៅ។ តែ​បញ្ហា​យើង​មិន​អាច​ដោះ​ស្រាយ​បាន​ទេ ត្រូវ​ទី​ពឹង​ទៅ​លើ​ច្បាប់​ ទៅ​លើសតិ​អារម្មណ៍ និង​ឆន្ទៈ​ចង់​បាន​សន្តិភាព យើង​ចាញ់​តែ​ចង់​ឈ្នះ​យើង​ចាប់​ដៃ​គ្នា។ យើង​មិន​ទាន់​ឈ្នះ​ផងយើង​បោះ​បោក​ពាក្យ​សម្តី នាំ​ប្រជា​ពលរដ្ឋ​ក្រោយ​ឈរ​ធ្វើបាតណា​បាតណីបង​មិន​ធ្វើ​តាម​ផ្លូវ​ហ្នឹង​ទេ។ […] យើង​វ៉ៃ​គ្នា​ដោយ​យក​កិត្តិ​យស​ យើង​កុំ​ចាំគេ​ដេក​បាន​លួច​ទៅ​កាប់​គេ ហើយគេបែរ​ខ្នង​ទៅ​កាប់​គេ​ ហើយ​នាំគ្នា​សន្ធឹក​សន្ធាប់​ទៅវ៉ៃ​គេ​មក​ពី​យើង​គ្នា​ច្រើន យើង​កុំ​ធ្វើ​ចឹង​! យើង​ទុក​គូ​បដិបក្ខ​​យើងឲ្យ​​មានពេល​វេលា​​ការពារ​ខ្លួន​ហើយ​យើង​ទៅ​វ៉ៃ​ទៅ»។

លោក ម៉ម សូណង់ដូ ត្រូវបានគេស្គាល់លោក​តាម​រយៈ​ការ​ផ្សាយ​សំឡេង​របស់​វិទ្យុ​សំបុក​ឃ្មុំ ការធ្វើបទ​ស​ម្ភា​ស​ន៍​ទា​ក់ទិននឹង​ព្រឹត្តិការណ៍​នយោបាយ បញ្ហា​ទំនាស់​ដីធ្លី និង​បញ្ហា​ព្រំដែន​ជាដើម ជាពិសេស ​តាមរយៈ​កំណាព្យ​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា “តើ​ខ្ញុំ​អាច​រស់​បាន​ដល់​ពេល​ណា?“។

អ្នកវិភាគលោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថាការវិលត្រលប់ចូលធ្វើនយោបាយវិញរបស់លោក ម៉ម សណង់ដូ នេះជាការធ្វើនយោបាយតាមតែចិត្តខ្លួន ហើយគ្រាន់តែចូលដើម្បីបង្គ្រប់កិច្ចឲ្យរដ្ឋាភិបាលដែលកំពុងរងការចោទប្រកាន់ពីសហគមន៍អន្តរជាតិដែលថាប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ។

 

បុរសដែលមានអាយុជាង ៧០ឆ្នាំរិះគន់រដ្ឋាភិបាលឥតសំចៃមាត់រូបនេះ  ត្រូវបានតុ​លាកា​​រចាប់ដាក់​ពន្ធ​នា​​​គា​រចំនួន ៣ដង​រួច​មក​ហើយ ​ក្នុង​សំណុំ​រឿង​កុប្បកម្ម​ប្រឆាំង​ថៃ​នៅ​កម្ពុជាអំឡុងឆ្នាំ២០០៣ សំណុំ​រឿ​​ង​​​​​​​សន្ធិ​​​ស​ញ្ញា​ព្រំដែន​បំពេញបន្ថែម​ឆ្នាំ២០០៥ និង​ចុងក្រោយ គឺ​សំណុំរឿង​តំបន់​អប្ប​គមន៍​នៅឃុំប្រម៉ា​​ក្នុង​​​ខេត្តក្រចេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ