អ្នកការពារសិទ្ធិស្រ្តីស្នើឲ្យសមត្ថកិច្ចផ្តន្ទាទោសអ្នកប្រើហិង្សាលើស្រ្តីដែលតវ៉ាប្រឆាំងច្បាប់សហជីព

អង្គការដែលធ្វើការលើកកម្ពស់សិទ្ធិស្រ្តីនៅកម្ពុជាបានថ្កោលទោសនិងស្នើឲ្យសមត្ថកិច្ចផ្តន្ទា​ទោសចំពោះសន្តិសុខខណ្ឌដូនពេញដែលពួកគេថាបានប្រើហិង្សារុញច្រានទៅលើស្រ្តីសកម្មជនសហជីព ខណៈតវ៉ានៅមុខ​រដ្ឋ សភា​ប្រឆាំងនឹងការអនុម័ត​ច្បាប់​សហជីព។​

កាលពីថ្ងៃទី០៤ ខែមេសា រដ្ឋសភាបានបើកអង្គប្រជុំអនុម័តច្បាប់ស្ដីពី​សហជីពដែលមាន​ភាព​ចម្រូងចម្រាស់ខ្លាំង ខណៈនោះក៏មានការតវ៉ានៅខាងក្រៅសភា ហើយកងសន្តិសុខបានធ្វើការបង្រ្កាប​រុញ​ច្រាន​ទៅ​លើ​ស្រ្តីជាតំណាងសហជីពនិង​មន្រ្តី​​សហជីពម្នាក់ទៀតរង​របួស​ផងដែរ។

នាយិកាអង្គការយ៉េនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា លោកស្រី រស់ សុភាព មានប្រសាសន៍ថាការ​ប្រើ​ហិង្សាលើស្រ្តីដោយគ្មានការទប់ស្កាត់បែបនោះជាសកម្មភាពមួយដែលប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិស្រ្តីនៅ​កម្ពុជា។ លោកស្រីបន្ថែមថាលោកស្រីមានការខកចិត្តយ៉ាងខ្លាំងចំពោះ​សកម្មភាពហិង្សា​ស្រ្តី​ដែល​នៅ​តែបន្តកើតមាន​ធ្វើឲ្យក្លាយជាគំរូមិនល្អសម្រាប់សង្គម។

អ្នកស្រីបន្ថែមថា៖អ្នកដែលវាយដំហ្នឹងត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់អាហ្នឹងទីមួយ ទីពីរអ្នកដែលបញ្ជាគាត់ហ្នឹងត្រូវតែទទួលខុសត្រូវឲ្យបានធំជាងអ្នកដែលវាយដំ។ ទីបីអ្នកដែលវាយដំហើយ អ្នកដែលមានតួនាទីក្នុងការបង្ក្រាបអំពើហិង្សាហ្នឹងមិនអនុវត្ត មិនអើពើអ្នកនោះក៏ទទួលទោសដែរអាហ្នឹងបានត្រូវ បានអាចឲ្យអំពើហិង្សានឹងបញ្ឈប់បាន បើសិនជាប្រងើយកន្តើយចឹងមិនត្រឹមត្រូវទេសម្រាប់ស្រ្តី

ប្រធានផ្នែកការពារសិទ្ធិស្រ្តីនិងកុមារនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោកស្រី ឆន សុគន្ធា មានប្រសាសន៍ថាស្រ្ដីក៏ជាពលរដ្ឋមួយរូបដែលមានសិទ្ធិចូលរួមក្នុងការតវ៉ាដោយសន្តិវិធី។ លោក​ស្រី​បន្ថែមថា ចំពោះការប្រើហិង្សានៅពេលតវ៉ានោះគឺជាការរំលោភលើសិទ្ធិស្រ្តីយ៉ាងធ្ងន់ធ្ងរហើយសមត្ថ​កិច្ចត្រូវតែវែកមុខ​រក​ជនដៃដល់មកដាក់ទោស។

លោកស្រី​បន្ថែមថា៖ទីមួយត្រូវតែសូមទោសជាសាធារណៈ ទីពីរត្រូវតែផ្ដន្ទាទោសមានន័យថាថ្នាក់ដឹកនាំស្ថាប័នហ្នឹងគាត់ជាសន្តិសុខរបស់ខណ្ឌអញ្ចឹងខាងខណ្ឌហ្នឹងត្រូវតែធ្វើការព្រមានឬក៏ត្រូវធ្វើការកសាងសំណុំរឿងទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសឲ្យគាត់រាងចាល

នៅក្នុងកិច្ចប្រជុំរដ្ឋសភានោះតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ បានទាមទា​ឲ្យរដ្ឋាភិបាលពន្យល់ពីមូលហេតុនៃការប៉ះទង្គិចគ្នានៅក្រៅរបងសភាដែលមានការរុញច្រានបណ្ដាលឲ្យ​របួសមន្ត្រីសហជីពម្នាក់ផងដែរ។

វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បាននៅឡើយទេនៅល្ងាចថ្ងៃអង្គារនេះដោ​យ​ទូរ​ស័ព្ទហៅចូលគ្មានអ្នកទទួល។

ទោះបីជាយ៉ាងណាករណីនេះត្រូវបានអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ ថាជាការប៉ះទង្គិចគ្នាទៅវិញទៅមករវាងក្រុមអ្នកតវ៉ានិងក្រុមសន្តិសុខ។ លោកបន្ថែមថាក្រុមអ្នកតវ៉ាទាំង​នោះបានរៀបចំក្បួន​ដោយមិនមានច្បាប់អនុញ្ញាតិនិងបានវាយមកលើក្រុមសន្តិសុខមុន។

គួរបញ្ជាក់ថាក្នុងការបង្រ្កាបក្រុមអ្នកតវ៉ាកាលពីម្សិលមិញ ប្រធានសម្ព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ អះអាងថាអ្នកស្រីត្រូវបានសន្តិសុខទាំងនោះប្រើហិង្សារុញច្រានឲ្យដួលទៅនឹងដីយ៉ាងពេញ​ទំហឹងពេលអ្នកស្រីឈរតវ៉ាដោយសន្តិវិធី​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ