ភ្ញៀវ​ទេសចរ​ប្រមាណ​២​លាន​ត្រូវ​បាន​រំពឹង​ថា នឹង​ចូល​រួម​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន​ឆ្នាំ​ថ្មី

ដោយ លោក បូ សាវី​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 3:32 PM | សង្គមសេដ្ឋកិច្ច | 0 | 1189 មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ លោក ជា បូរ៉ា

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​​ទេសចរណ៍ បាន​ឲ្យ​​ដឹង​ថា ភ្ញៀវ​ទេសចរ​ដល់​ទៅ ២​លាន​នាក់ ត្រូវ​បាន​ព្យាករ​ថា នឹង​ចូល​ទៅ​លេង​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ ដោយ​ផ្ដល់​ចំណូល​ប្រហែល ២០០​លាន​ដុល្លារ​ដល់​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប។

ក្នុង​ពិធី​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន​នៅ​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍ លោក ជា បូរ៉ា បាន​​បង្ហាញ​ក្ដី​រំពឹង​ថា អង្គរ​សង្ក្រាន​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ​ប្រមាណ ២​លាន​នាក់ បន្ទាប់​ពី​ភ្ញៀវ​ទេសចរ​ដល់​ទៅ ១​លាន ៦​សែន​នាក់ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា បាន​ចូល​រួម​ព្រឹត្តិការណ៍​មួយ​នេះ​កាល​ពី​ឆ្នាំ​មុន។

លោក​បន្ថែម​ថា ជាមួយ​លំហូរ​ចូល​នៃ​ភ្ញៀវ​ទេសចរ​ទៅ​កាន់​ខេត្ត​សៀមរាប​បែប​នេះ ទឹក​ប្រាក់​ជាង ២០០​លាន​ដុល្លារ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ចាក់​បញ្ចូល​ក្នុង​ចរន្ត​សេដ្ឋកិច្ច​ខេត្ត​សម្បូរ​សំណង់​ស្ថាបត្យ​កម្ម​បុរាណ​មួយ​នេះ។

លោក ជា បូរ៉ា អះអាងថា ការរៀបចំព្រឹត្តិការណ៍ អង្គរសង្រ្កាន្តលើកទី៦ បង្ហាញអំពីសារៈសំខាន់ និងតួនាទីដ៏ចម្បងនៃសម្បត្តិវប្បធម៌ជាតិ ប្រកបដោយគុណតម្លៃ ចូលរួមទ្រទ្រង់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។

ប្រធានប្រតិបត្តិ​នៃ​សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) លោក សុខ សប្បាយណា ឲ្យដឹងថា ស្ថាប័ន​របស់​លោក​កំពុង​រៀប​ចំ​ព្រឹត្តិការណ៍​នានា ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ចូល​រួម​ទស្សនា​កម្សាន្ត​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន​នា​ពេល​ខាង​មុខ។

បើ​តាម​លោក សុខ សប្បាយណា កម្មវិធី​លេង​ទឹក ប្រដាល់​ធ្លាក់​ទឹក ការ​ប្រកួត​បវរ​កញ្ញា និង​ការ​ដាក់​តាំង​ក្រមា​វែង​ជាង​គេ​នៅ​លើ​ពិភព​លោក នឹង​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន​ ដែល​នឹង​រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា​ខាង​មុខ​នេះ៕

សរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required