វិភាគ៖ តើអ្នកប្រើប្រាស់ហ្វេសប៊ុកគួរតែបង្ហោះព័ត៌មានបែបណាដើម្បីធានាថា ពួកគេនឹងជៀសផុតពីហានិភ័យសម្រាប់ខ្លួនឯង?

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 9:56 PM | បទវិភាគ | 0 | 1989

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​មួយ​ចំនួន ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​បង្ហោះ​ព័ត៌មាន​នានា នៅ​លើ​គណនី​​ហ្វេសប៊ុក​របស់​ពួកគេ។

យុវជនម្នាក់ និង​យុវតី​​ម្នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​សៀមរាប​ចាប់​ខ្លួន ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២២ ខែ​កក្កដា​កន្លង​មក​នេះ បន្ទាប់​ពី​ពួកគេ​បាន​បង្ហោះ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា មាន​យន្តហោះ​មួយ​គ្រឿង​ធ្លាក់​នៅ​ក្នុង​ខេត្ត​នេះ ប៉ុន្តែ ជាក់​ស្ដែង ពុំ​មាន​ករណី​ធ្លាក់​យន្តហោះ​កើត​ឡើង​នោះ​ឡើយ។

ករណី​ថ្មី​បំផុត​នោះ គឺ​ការ​ចាប់​ខ្លួន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នៅ​ឯ​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ បន្ទាប់​ពី​បុរ​ម្នាក់​នោះ​បង្ហោះ​ព័ត៌មាន​ថា ជន​សង្ស័យ​ពីរ​នាក់​ត្រូវ​បាន​ពលរដ្ឋ​ព្រួត​វាយ​ដុំ​នៅ​ក្នុង​ស្រុក​បារាយណ៍ ដោយ​ចោទ​ថា ជា​ជន​ជាតិ​វៀតណាម​ដើរ​ចាប់​ក្មេង​វះ​យក​ក្រលៀន។ សមត្ថកិច្ច​បាន​ចាត់​ទុក​ការ​បង្ហោះ​ព័ត៌មាន​នេះ​ថា ជា​ការ​បំពុល​សង្គម និង​បំភ្លៃ​ព័ត៌មាន។

ការ​ចាប់​ខ្លួន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុកពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​នានា មិន​មែន​មាន​តែ​ពីរ​ករណី​នេះទេ។ ព្រះ​សង្ឃ​មួយ​អង្គ​នៅ​ឯខេត្ត​បាត់ដំបង ដែល​សកម្ម​នឹង​ការ​រិះគន់​រដ្ឋាភិបាល​ផង​នោះ ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន បន្ទាប់​ពី​សង្ឃ​អង្គ​នោះ​​បង្ហោះ​រូបថត​ជាមួយ​កាំភ្លើង​ជ័រ។ ស្ត្រី​ម្នាក់​ដែល Live វីដេអូ​ពី​កន្លែង​បុណ្យ​ខួប ១​ឆ្នាំ​សព​លោក កែម ឡី និង​យុវជន​ម្នាក់​​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ដោយ​សមត្ថកិច្ច​ថា អ្នក​ទាំង​ពីរ​បាន​ចោទប្រកាន់ ប្រមាថ និង​គំរាម​កំហែង​លើ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ ទាំង​នេះ​គ្រាន់​តែ​​ជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​ការ​ចាប់​ខ្លួន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​ពាក្យ​សម្តី រូបថត និង​វីដេអូ​ផ្សេងៗ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​កន្លងមក​​នេះ​ប៉ុណ្ណោះ។

បន្ទាប់​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន ត្រូវ​បាន​ចាប់​ខ្លួន​រួច​មក វា​បាន​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​គួរ​តែ​បង្ហោះ​ព័ត៌មាន រូបថត និង​វីដេអូ​បែប​ណា​ដើម្បី​ធានា​ថា ពួកគេ​នឹង​ជៀស​ផុត​ពី​​ហានិភ័យ​សម្រាប់​ខ្លួន​ឯង?

មុន​នឹង​យើង​ឈាន​ទៅ​ជជែក​វែក​អំពី​​ហានិភ័យ​កើត​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន រូបថត និង​វីដេអូ​នៅ​លើ​ហ្វេសប៊ុក​នោះ ជា​ដំបូង​ខ្ញុំ​សូម​ទាញ​ចំណាប់​អារម្មណ៍​លោក​អ្នក​ឲ្យ​បាន​យល់​ដឹង​អំពី​វិសាលភាព​នៃ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ក្នុង​​ប្រទេស​កម្ពុជា​នា​ពេល​ចុង​ក្រោយ​នេះ។

ការ​ពិត​ទៅ ពលរដ្ឋ​កម្ពុជា​អាច​ចូល​ទៅ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​លើ​ស​ពី​​ហ្វេសប៊ុក ដូច​ជា បណ្ដាញ​សង្គម Twitter, Line, LinkedIn ប្រព័ន្ធ​កម្សាន្ត​សម្បូរ​បែប​នៅ​ក្នុង YouTube ជាដើម។ ទោះបី​ជា​យ៉ាង​នេះ​ក៏​ដោយ បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ត្រូវ​បាន​ពលរដ្ឋ​កម្ពុជា​ប្រើ​ប្រាស់​ច្រើន​ជាង​គេ។

របាយការណ៍​ស្ដី​ពី​និន្នាការ​បណ្ដាញ​សង្គម​ឌីជីថល​កម្ពុជា​​ចេញ​នៅ​នៅ​ឆ្នាំ​២០១៧​នេះ បាន​បង្ហាញ​ថា ពលរដ្ឋក​ម្ពុជា​ជាង ៧​លាន​នាក់ ឬ​ស្មើ​នឹង ៤៥​ភាគរយ​នៃ​ពលរដ្ឋ​កម្ពុជា​សរុប​ សុទ្ធ​តែ​អាច​ប្រើ​ប្រាស់​អ៊ីនថឹណិត​បាន ក្នុង​នោះ​ពលរដ្ឋ​ខ្មែរ​ជិត ៥​លាន​នាក់ គឺ​ជា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាប់​លាប់ ដោយ​ភាគ​ច្រើន​បំផុត​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​តាម​រយៈ​ទូរស័ព្ទ​ដៃ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ភាគ​ច្រើន ជា​ប្រជាជន​មាន​អាយុ​ចន្លោះ​ពី ១៨ ដល់ ៣៤​ឆ្នាំ ដែល​មាន​ចំនួន​ប្រហែល ៣​លាន ៦​សែន​នាក់។

ខណៈ​ដែល​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន CodingGate លោក សុខ សុភមង្គល ទទួល​ស្គាល់​ពី​គុណ​សម្បត្តិ​នៃ​បណ្ដាញ​សង្គម​នេះ។ សហគ្រិន​ផ្នែក​ខាង​​​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​រូប​នេះ ប្រាប់​ថា បណ្ដាញ​សង្គម​ហ្វេសប៊ុក ត្រូវបាន​ប្រើ​ប្រាស់​សម្រាប់​ទំនាក់​ទំនង​ជាមួយ​សាច់​ញាតិ មិត្ត​ភក្តិ និង​មនុស្ស​នៅ​ជុំ​វិញ​ពិភព​លោក ខណៈ​ដែល​វា​ក៏​ត្រូវ​បាន​ប្រើ​សម្រាប់​ចែក​រំលែក និង​ផ្សព្វផ្សាយ​​សកម្មភាព​សង្គម សកម្មភាព​ជំនួញ និង​គំនិត​ល្អៗ​ជាច្រើន។

បើ​ទោះបី​ជា​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​អ្នក​ប្រើ​ប្រាស់​វា​ក៏​ដោយ​ ប៉ុន្តែ វា​អាច​បង្ក​ជា​ទុក្ខ​ទោស​ដល់​អ្នក​ប្រើ​ប្រាស់​ផង​ដែរ ជាពិសេស អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​មាន​ចំណេះ​ដឹង​កម្រិត​ទាប។ ហានិភ័យ​សម្រាប់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​នេះ អាច​មាន​ច្រើន​ទម្រង់ ប៉ុន្តែ អ្វី​ដែល​ធ្ងន់​ធ្ងរ​នោះ គឺ​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​ពី​សំណាក់​សមត្ថកិច្ច ដូច​ទៅ​នឹង​ករណី​ដែល​បាន​កើត​ឡើង​រួច​មក​ហើយ។

អ្នក​បណ្ដុះ​បណ្ដាល​ និង​ប្រឹក្សា​យោបល់​​ផ្នែក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម លោក កុក ថា បាន​លើក​ឡើង​ថា អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​មិន​គួរ​បង្ហោះ​ព័ត៌មាន ឬ​ចែក​រំលែក​បន្ត​នូវ​ព័ត៌មាន​ទាំង​ឡាយ​ណា​ ដែល​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​កិត្តិយស​បុគ្គល ធ្វើ​ឲ្យ​អន្តរាយ​ដល់​សន្តិសុខ​សង្គម​ជាតិ​ ប្រើ​ប្រាស់​ភាសា​ពោរពេញ​ទៅ​កំហឹងដែល​បង្កភាព​ស្អប់​ខ្ពើម និង​ការ​រើស​អើង​នោះ​ឡើយ។

សម្រាប់​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​សិក្សា​ប្រព័ន្ធ​ផ្សព្វផ្សាយ លោក មឿន ឈានណារិទ្ធ លោក​យល់​ថា បណ្ដាញ​សង្គម​ហ្វេសប៊ុក​ គឺ​ជា​សារព័ត៌មាន​សាធារណៈ​បែប​ឌីជីថល ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់​របប​សារព័ត៌មាន បើ​ទោះបី​ជា​កម្ពុជា​ពុំ​ទាន់​មាន​ច្បាប់​អ៊ីនថឹណិត​ក៏​ដោយ ហើយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នេះ កំពុង​ដើរ​តួនាទី​មិន​ខុស​ពី​អ្នក​សារព័ត៌មាន​នោះ​ឡើយ។

​លោក មឿន ឈានណារិទ្ធ បន្ថែម​ថា ដោយសារ​តែ​បណ្ដាញ​ហ្វេសប៊ុក​ជា​សារព័ត៌មានបែប​ឌីជីថល​សាធារណៈ​បែប​នេះ​ហើយ ទើប​ពលរដ្ឋ​អាច​បង្ហោះ​ ចែក​រំលែក និង​បញ្ចេញ​មតិ​នៅ​លើ​​បណ្ដាញ​សង្គម​មួយ​នេះ​បាន។

បើ​តាម​អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​រូប​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​បង្ហោះ​ព័ត៌មាន​មិន​ពិត មិន​គួរ​ណា​ត្រូវ​បាន​ចាប់​ខ្លួន និង​កាត់​ទោស​នោះ​ឡើយ ហើយ​ផ្ទុយ​ទៅ​វិញ ពួកគេ​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​កែ​តម្រូវ​នូវ​ព័ត៌មាន​របស់​ពួកគេ និង​សម្ដែង​ការ​សុំ​ទោស​ជា​សាធារណៈ​ជា​ជាង​ការ​ចាប់​ខ្លួន​ពួកគេ។

ទោះជាយ៉ាងណា​ក៏​ដោយ ក្រុម​អ្នក​ឃ្លាំ​មើល​សង្គម​មើល​ឃើញ​ថា ការ​អនុវត្ត​វិធានការ​ទៅ​លើ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លម្អៀង មិន​ស្មើ​ភាព​គ្នា​នោះ​ដោយ ដោយ​ក្រុម​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដែល​មាន​និន្នាការ​គាំ​ទ្រ​បក្ស​ប្រឆាំង ត្រូវ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​យ៉ាង​លឿន ខណៈ​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មាន​និន្នាការ​គាំ​ទ្រ​បក្ស​កាន់​អំណាច ដែល​បាន​គំរាម​កំហែង​លើ​មេដឹកនាំ​បក្ស​ប្រឆាំង មិន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ឡើយ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required