តារា​កំប្លែង​​ ទេព បុទុម​បូផល ​ដើរចេញពី​កម្ពុជា​​គ្មាន​​កំណត់

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 8:53 AM | កំសាន្ដ | 0 | 3279 តារា​កំប្លែង ​អ្នកនាង ​​​​ទេព បុទុម​បូផល និងក្រុមគ្រួសារ (វង្ស សុម៉ាលីន)

​​​​​ក្នុង​កិច្ចសម្ភាសន៍ដោយ​ផ្ទាល់​​នៅ​ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ​កាលពី​​​​យប់ថ្ងៃទី​​​​​៤ កញ្ញា តារា​កំប្លែង​ល្បីឈ្មោះគួរសម​ ​អ្នកនាង ​​​​ទេព បុទុម​បូផល បានអះអាងថា ​អ្នកនាង​នឹង​ចេញ​ទៅរស់នៅ​ប្រទេស​បារាំង​ជា​រៀង​​រហូត​​​តាមស្វាមីនិងកូនៗ ​​​ដោយមិនកំណត់​រយៈពេលដើម្បីត្រលប់​មកកាន់ទឹក​ដីកំណើត​វិញ​ទេ ដោយសារតែអ្នកនាងត្រូវការ​ទៅកសាងជីវិតថ្មីនៅទីនោះ។

អ្នកនាង​បាន​បង្ហាញពីអារម្មណ៍សោកស្ដាយ​សិល្បៈ និងការ​​នឹករលឹកដល់​​​​​មិត្តរួមអាជីព​​ ជាពិសេ​សគឺ​​ក្រុមកំប្លែងក្នុងវង់​​​​នាយ​វីតាមីនសេ និង​​អ្នកកំប្លែង​​នាយឆ្អឹង​​ជាដើម ដែលអ្នកនាង​បញ្ជាក់ថា​ សុទ្ធតែជាអ្នកមាន​​គុណ​ចំពោះខ្លួននៅក្នុងពិភព​សិល្បៈកន្លងមក។

​អ្នកនាង​បានថ្លែងបញ្ជាក់ថា ​ជាយូរមក​ហើយ​ដែលអ្នកនាង​​​រមែង​​​​​គេច​ពី​គម្រោងដើរចេញពី​សិល្បៈនិង​ផែន​ការ​ទៅរស់នៅប្រទេស​បារាំង​ ​​​​​បើទោះជា​​​​លោក ​​​​អៀង ធី អាណិកជន​បារាំង ជាស្វាមី​បាន​​​​​ធានារត់ច្បាប់អោយអ្នកនាង​
និងកូន​ប្រុសទាំង​​២​ដែលជាចំណង​ដៃ​អាពាហ៏ពិពាហ៍​មានសិទ្ធិទៅរស់ទីនោះ​​​ជា​យូរមកហើយ។

អ្នកនាងថា​ខ្លួនធ្លាប់បាន​ទៅ​​រស់នៅទីនោះ​ជាមួយស្វាមី​បានកន្លះឆ្នាំដែរកាលពីច្រើន​ឆ្នាំមុន ក៏​បណ្ដាលមកពីមិនចេះរស់នៅ​ ទើបសុំ​ប្ដីត្រលប់មករស់នៅកម្ពុជា ហើយបណ្ដោយអោយស្វាមី​​ជាអ្នកចុះឡើងៗ​​​​មករស់នៅស្រុកខ្មែរតាម​​អ្នកនាង​វិញ​។

​មកទល់ពេលនេះ​អ្នកនាង និងស្វាមី​បានរៀបការជាមួយគ្នា​​​​​​​​​​​​​​​​​ចំនួន​​១៥ឆ្នាំ​ហើយ ក្នុងរយៈពេល​កន្លងមក​ គឺស្វាមីរបស់អ្នកនាងស្ទើរតែមករស់នៅនៅកម្ពុជាទៅ​ហើយ ដោយ​​​​រស់នៅទី​នេះ​​​​​​​​ច្រើនខែ ឬ​​មួយឆ្នាំ ទើប​ឡើងទៅ​បារាំង​​​ម្ដង​​​។

យ៉ាងណាមិញ ​អ្នកនាង​ប្រាប់ថាស្ថានភាព​​គេចវេសមិនទៅ​ប្រទេសបារាំងនឹ​ងមិនអាច​​បន្តទៀតទេ ទើបអ្នកនាងសម្រេចចិត្ត​​​​ដឹកដៃ​កូនប្រុសទាំងពីរ​​​ទៅ​តាមស្វាមី ​​​​​កាលពីថ្ងៃទី​​​៤កញ្ញា ដោយអ្នកនាង​បញ្ជាក់ថា​ដំណើរ​ចាកចេញទាំង​គ្រួសាររបស់ខ្លួន នឹងមិន​​ងាយ​​​ត្រលប់មក​​​​​កាន់កម្ពុជាវិញទេ ​​​​ដោយសារតែអ្នកនាង និង​​​ស្វាមីបានដាក់គម្រោងទៅចាក់​គ្រឹះ​នៅទីនោះ​​ជាលក្ខណៈកាន់​ឆ្នាំ​​​តែម្ដង។

​អ្នកនាង​បាន​​​បង្ហាញ​ពីមូលហេតុ​​ធំ២ ដែលធ្វើអោយអ្នកនាង​ត្រូវតែ​សម្រេច​ចិត្ត​ទៅរស់នៅទីនោះ ដោយ​​​អ្នកនាង​បានទាំង​ចាត់ទុក​ថា​​​​​​ក្រោយ​​ពីការចេញ​ផុតពីប្រទេស​កម្ពុជា គឺ​​ទីក្រុងប៉ារីស​នឹងក្លាយជា​​ទឹកដី​ថ្មី​សម្រាប់​ការ​​​​កសាង​ជីវិតថ្មីនិងសម្រាប់អនាគត​របស់អ្នកនាង​ផង​។

​អ្នកនាង ​ទេព បុទុមបូផល ​បានអះអាងថា​​​​ហេតុ​ផល​ទាំង​​២​ដែល​ជំរុញអោយអ្នកនាង​ត្រូវតែចេញទៅរស់នៅប្រទេ
សបារាំងរហូត​​​​​​​​​​​​បោះ​បង់សិល្បៈ​​ និងស្រុកកំណើតមិនស្ដាយស្រណោះនោះ​ គឺ​​​​ដើម្បីយក​កូនប្រុសរបស់ខ្លួន​ទៅ​​សិក្សា​​​​​នៅក្នុងប្រទេសបារាំងនិង​ទៅ​មើលថែ​ស្វាមីតែម្ដង ​​បន្ទាប់ពីលោក​​ទើប​នឹង​វះកាត់បេះដូង​​ដែលមិនអាច​​​​​បន្តការ​រស់នៅ​​នៅកម្ពុជាបាន​យូរ​ៗដូច​មុន ​ដើម្បី​​​​​​​​​​ងាយស្រួល​ក្នុងការ​តាមដាន​សុខភាព។

អ្នកនាងប្រាប់ថា​កូនប្រុសច្បងរបស់អ្នកនាង​មានវ័យ​​១៥ឆ្នាំ និងកូន​ប្រុស​​​ពៅមាន​អាយុ​​៨ឆ្នាំ ដោយ​កូនទាំង​ពីរ​មិនអាច​បន្ត​​​​ការ​សិក្សា​នៅក្នុងប្រទេសកម្ពុជាបានទៀតនោះទេ ​ដោយសារតែអ្នកទាំងពីរមាន​​សញ្ជាតិ​បារាំង​​​​ដែលត្រូវតែបញ្ជូនអោយទៅសិក្សានៅក្នុងប្រទេស​បារាំង​​​តាមការ​កំណត់របស់​​ប្រទេសបារាំង​​ ដោយមិនអាចបន្ត​ការពន្យារពេលទៀត​ និងទី​​២គឺដោយសារតែ​​ស្វាមី​​​​​ត្រូវការ​​​​ថែទាំសុខភាពនៅក្នុងប្រទេសបារាំង​ ក្រោយវះ​បេះដូង​ផ្ទាល់តែម្ដង។

អ្នកនាងនិយាយថា​ «​​​​ទោះជាកន្លង​មក ខ្ញុំអត់ចេះ​រស់នៅស្រុកបារាំង តែវាដល់ពេលហើយ​ដែលខ្ញុំ​ត្រូវតែ​ទ្រាំ ដើម្បីកូន​ខ្ញុំ និង​ប្ដី​ខ្ញុំម្ដង! ​​​​​គាត់​(​ប្ដី)ធ្វើច្រើន​ហើយ​សម្រាប់ខ្ញុំ អ៊ីចឹងវាគួរតែ​ដល់ដែល​ពេល​ខ្ញុំត្រូវធ្វើ​ដើម្បីគាត់ម្ដង​ហើយ ​ទើបខ្ញុំត្រូវតែទ្រាំរស់នៅប្រទេស​​បារាំងអោយ​បាន​​​​​​​​​ដើម្បីមើលគាត់​ម្ដង ក្រោយពីគាត់​ទើប​វះបេះដូង ដែលខាងពេទ្យ​​អត់អោយគាត់​នៅឆ្ងាយពីការ​តាមដានទេ!»។

​អ្នកនាង​​ប្រកាសបោះចោលអាជីព​សិល្បៈក្នុងស្រុក​​ទាំងស្រុង ​តែក៏នឹង​ឆ្លៀតពេលសម្ដែងម្ដងម្កាល​​សម្រាប់​ឱកាសបុណ្យទាននៅទី​នោះ​ផងដែរ ប្រសិនបើ​មានការ​អញ្ជើញអ្នកនាង​អោយសម្ដែងកំប្លែង ឬច្រៀងនៅក្នុងប្រទេស​បារាំង​។

​​​ក្រោយទៅដល់ប្រទេស​បារាំង​ អ្នកនាងគ្រោង​ចូល​សិក្សា​ភាសា​បារាំង​អោយស្ទាត់ ហើយជំហានបន្ត​​បន្ទាប់គឺអ្នកនាងនឹង​ជួយកិច្ចការស្វាមីពាក់ព័ន្ធនឹង​​មុខជំនួញ​​របស់ស្វាមី ដែល​ជាអ្នក​គួកជេរ​ផ្ទះ អ្នក​គួគជេររថយន្ត និង​​ជាអ្នក​រកបញ្ចាំ​នៅក្នុងប្រទេសបារាំង។

​​​ដោយឡែកសម្រាប់​មុខជំនួញខាងបើកក្រុម​ហ៊ុនបញ្ចាំនៅក្នុងប្រទេស​កម្ពុជាឯណេះវិញ អ្នកនាងប្រាប់ថា​​​មិនមាន​ការ​បិទទ្វារនោះទេ គឺអ្នកនាង​​នឹង​អោយ​បងប្អូននិងឪពុកម្ដាយ​​មើលខុសត្រូវ ដោយស្វាមីរបស់អ្នកនាងនឹងឡើងចុះមកមើលខុសត្រូវ​​ម្ដងម្កាល ខណៈដែលអ្នកនាងប្រាប់ថា​​ខ្លួន​​​ប្រហែលមិនអាចមក​​​​​ចុះឡើងមកជាមួយស្វាមី​បានទេ ក្រោយទៅដល់​​ទឹកដី​ប្រទេស​បារាំង ដោយសារតែ​អ្នកនាងត្រូវចំណាយ​ពេល​​រៀនបារាំង​ផង
និង​មិនអាច​មកចោលកូន​​​​ប្រុសទាំង​​២​អោយនៅតែ​​២នាក់ម៉ង់ៗបាន។

អ្នកនាង​យល់ថា​ការ​​​ចេញ​ដំណើរ​​ទៅរស់នៅប្រទេស​បារាំង​លើកនេះ នឹងក្លាយជាការបើកទំព័រ​បោះបង់​សិល្បៈ
ហើយ​ក៏​​មិនដឹងថា​រហូតដល់ពេល​ណា​​ទើបអាច​ត្រលប់​មក​រស់នៅ​ប្រទេស​កំណើតវិញដែរ លើកលែងតែកូនប្រុស​ពៅរបស់អ្នកនាង​មានវ័យ​​​ធំ​​ចេះ​ធ្វើម្ចាស់ការខ្លួនឯង ពោលគឺមាន​​ប្រពន្ធមាន​កូន ដែលអ្នកនាង និង​ស្វាមី លែងត្រូវការការមើលថែ។

អ្នកនាង​​​ថា​ខ្លួនមាន​អារម្មណ៍នឹករលឹកចំពោះ​​មិត្តភ័ក្រ្ត និងរៀមច្បង​​សិល្បៈ ​ជាពិសេស​គឺ​​លោក​នាយវីតាមីនសេ និងអ្នកនាង​ប៉េងប៉ោង ​ដែល​បាន​​​​ជួយបង្ហាត់​​បង្ហាញផ្លូវ​អោយអ្នកនាង​បានក្លាយជាតារា​កំប្លែង​មាន​ឈ្មោះ
បោះសំលេងម្នាក់ រហូត​ធ្វើអោយអ្នកនាង​បាន​ភពប្រសព្វជាមួយលោក អៀង ធី ហើយបានចាប់ដៃគ្នាជាស្វាមីភរិយា​។ ​ក្នុងនោះ​​នាយ​​​ឆ្អឹង ​​​​​នាយចាប ចៀន និង​តារាកំប្លែងរួមក្រុម​ផ្សេងទៀត ក៏​សុទ្ធតែបានរួមចំណែក​ធ្វើអោយអ្នកនាងជោគជ័យ​លើមាគ៌ាសិល្បៈ​មុន​សម្រេចចិត្ត​បោះ​បង់​​​សិល្បៈ​​​ផងដែរ។

លោក អៀង ធី ស្វាមីរបស់អ្នកនាង​បានថ្លែងបញ្ជាក់ថា ​​​តាំងពីបានរៀបការជាមួយអ្នកនាង​ ​​​ទេព បុទុម​បូផល
លោកបាន​​​ចុះឡើងមករស់នៅប្រទេសកម្ពុជាច្រើនជាងរស់នៅ​ប្រទេស​បារាំង ប៉ុន្តែ​​ដោយសារតែ​​លោកមានជំងឺ​​បេះដូង ហើយ​បានធ្វើការវះកាត់​​ ​ទើប​​ខាង​វេជ្ជបណ្ឌិត្យ​បាន​ហាមមិនអោយលោក​​​​​បន្តរស់នៅឆ្ងាយពីប្រទេសបារាំង ដោយត្រូវ​​រស់នៅ​ក្នុងប្រទេសត្រជាក់​​គឺបារាំង ដើម្បី​​​ងាយស្រួល​​តាម​ដានសភាពជំងឺវិញ
ជាពិសេស​ក្នុងពេលធ្វើទុក្ខម្ដង​ៗ។ លោកថា​សប្បាយចិត្ត​ដែល​អ្នកនាង​បូផល និងកូនៗ
​បាន​សម្រេច​​ចិត្ត​ទៅរស់នៅជាមួយលោក​​ ដោយលោកបញ្ជាក់ថា​​​​ទៅដល់ទី​នោះ​​​នឹងមិនអោយអ្នកនាង​​ធ្វើការ​ណាមួយ​​​ដើម្បី​​ជួយគ្នារកប្រាក់នោះទេ គឺអោយតែ​មើលថែកូនៗ​​ប៉ុណ្ណោះ ​ដោយសារតែលោកក៏មានមុខជំនួញ​​នៅក្នុងប្រទេស​បារាំង និង​នៅកម្ពុជាផង ​ដែលអាច​មាន​ចំណូល​គ្រប់គ្រាន់ក្នុងការ​ ​ផ្គត់​ផ្គង់​គ្រួសារ​ទាំងមូលបាន។

លោកថា​​​មិនហ៊ានជំទាស់រឿង​អ្នកនាង​ចង់​បន្តការងារ​សិល្បៈនៅ​ក្នុងប្រទេសបារាំងនោះទេ ប៉ុន្តែ​បើអោយ​​​ទទួលសម្ដែងឬច្រៀងរាំ​ជាប់លាប់ដូចតារាខ្មែរដែលបានទៅរស់នៅទីនោះមួយចំនួន ក៏លោកមិន​អោយដែរ ដើម្បី​កុំអោយអ្នកនាងពិបាក និង​កុំ​អោយ​មានការ​មាក់ងាយ​ថាលោក​​​​​យកប្រពន្ធទៅ​​​លំបាក​​​​ ដោយសារតែចង់បាន​​​ប្រាក់កម្រៃបន្ថែម៕

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required