តុលាការ​ក្រុង​ភ្នំពេញសម្រេច​ចោទប្រកាន់​ ​លោក ​កឹម សុខា ពី​បទ «​ក្បត់​ជាតិ»

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​ឆ្នាំ២០១៧។

អយ្យ​ការ​អម​សាលា​ដំបូង​រាជធានីភ្នំពេញ​បាន​សម្រេច​ចោទ​ប្រកាន់​ លោក ​កឹម សុខា ថា​បាន​ឃុប​ឃិត​ជា​សម្ងាត់​ជា​មួយ​បរទេស​ ក្បត់​ជាតិ​កម្ពុជា ដោយ​ប្រឆាំង​ទៅ​នឹង​ក្រម​ព្រហ្មទណ្ឌ។

លោក កឹម សុខា ត្រូវបានចាប់ខ្លួនបញ្ជូនទៅពន្ធនាគារត្រពាំងថ្លុង ជាប់ព្រំដែនវៀតណាម ទាំង​ពាក់​កណ្តាល​យប់ថ្ងៃអាទិត្យចុង​សប្តាហ៍​មុន​ តាមបញ្ជារបស់​លោក ហ៊ុន សែន ដោយចោទថា លោក កឹម សុខា ថា​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ និងចារកម្មឃុបឃិតជាមួយបរទេសផ្ដួលរំលំរដ្ឋាភិបាល។

បន្ទាប់​ពី​ចំណាយ​ពេល​សួរ​ចម្លើយ ​លោក ​កឹម សុខា ពេញ​មួយ​ថ្ងៃ​កាលពី​ថ្ងៃ​ចន្ទ​ ទី​៤ កញ្ញា​ម្សិល​មិញនៅថ្ងៃនេះអយ្យការអម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​បាន​សម្រេច​​ចោទ​ប្រកាន់​លោក ​កឹម សុខា តាម​បញ្ញាត្តិនៃ​មាត្រា​៤៤៣ ពី​បទ​សន្និដ្ឋិភាព​ជា​មួយ​បរទេស ដោយ​តុលាការ​ចាត់​ទុក​ថា​ទំនាក់ទំនង​របស់​ លោ​ក​ កឹម សុខា ជា​មួយ​បរទេស​នេះ​ថា​ជា​ទំនាក់​ទំនង​ដែល​ក្បត់​ជាតិ​កម្ពុជា។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​សរសេរ​ថា៖ «ផ្អែក​តាម​សម្តី​ជា​ចំហរ​របស់​លោក​កឹម សុខា នៅ​ក្នុង​វី​ដេអូ​ក្លីប​ដែល​កំពុង​ផ្សព្វផ្សាយ​មក​ដល់​ពេល​នេះ រួម​ទាំ​ងភស្ភុតាងដែល​អាជ្ញាធរមាន​សមត្ថកិច្ច​ប្រមូល​បាន បង្ហាញច្បាស់​ថា សកម្មភាព​ឃុប​ឃិតជា​មួយ​បរទេស​ក្បត់កម្ពុជានេះ កើត​មាន​ពី​ឆ្នាំ​១៩៩៣ ហើយ​ផែន​ការ​នេះ​បន្ត​អនុវត្ត​ជា​ជំហានៗ រហូត​មក​ដល់​ពេល​បច្ចុប្បន្ននេះ។ ការ​ធ្វើ​សកម្មភាព​បន្ត​មក​ដល់ពេល​នេះគឺ​កំណត់​បាន​ជា​ស្ថានភាព​នៃ​បទ​ល្មើស​ជាស្តែង​ដោយ​យោងតាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា»។ ​

បើរក​ឃើញ​កំហុសពិតមែន​​តាម​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ លោក​ កឹម សុខា អាច​ប្រឈម​នឹង​ទោស​ដាក់​ពន្ធនាគារ​ពី​១៥ឆ្នាំ ទៅ​៣០​ឆ្នាំ។

គណបក្សសង្គ្រោះ​ជាតិ​បាន​ចាត់​ទុក​ថា​ការ​ចាប់ខ្លួន​លោក​ កឹម សុខា នេះ​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​ រំលោភ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា និង​ស្នើ​ឲ្យ​ដោះ​លែង​ប្រធាន​គណបក្ស​ខ្លួន​ដោយ​គ្មាន​លក្ខខណ្ឌ។

តំណាងអង្គការសហប្រជាជាតិ និងស្ថានទូតធំៗរួមមាន អង់គ្លេស អូស្ត្រាលី អាមេរិក និង​សហភាព​អឺរ៉ុបនិង​ប្រទេស​មួយ​ចំនួន​ទៀត បាន​សម្តែងការព្រួយបារម្ភជា​ខ្លាំង ជុំវិញការចាប់ខ្លួនលោក កឹម សុខា ហើយពួកគេ ជំរុញឲ្យ​រដ្ឋាភិបាលកម្ពុជា បញ្ឈប់ការគំរាមកំហែងលើគណបក្សប្រឆាំង។

លោក កឹម សុខា គឺជាមនុស្សទី៣ ដែលត្រូវបានរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បញ្ជា​ឲ្យអាជ្ញាធរ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ បន្ទាប់ពីលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដោយចោទពីបទ «ផលិតគ្រឿងញៀន» និងលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដោយចោទពីបទ «ប្រមាថកងទ័ពជាតិ» និងប្រមាថព្រះមហាក្សត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ