សកម្មជន​ប្រជាធិបតេយ្យ​ហុងកុងត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន

មេដឹកនាំនិស្សិតហុងកុង និងជាសកម្មជនប្រជាធិបតេយ្យ Joshua Wong ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួននៅឯព្រលានយន្តហោះសុវណ្ណភូមិ កាលពីយប់មិញ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់សេចក្ដីប្រកាសព័ត៌មានពីគណបក្ស Demosisto របស់សកម្មជនរូបនេះ។

AFP បានបន្តថា លោក Wong បានធ្វើដំណើរតាមជើងហោះហើរក្រុមហ៊ុន Emirate ពីទីក្រុងហុងកុងទៅទីក្រុងបាងកក ជាទីដែលសកម្មជនរូបនេះគ្រោងថ្លែងទៅកាន់និស្សិតនៅសាកលវិទ្យាល័យជូឡាឡុងកន នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។

នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន គណបក្ស Demosisto បាននិយាយថា ពួកគេទទួលបានការជូនដំណឹងពីសកម្មជននិស្សិតថៃ លោក នីតិវិត ចូតិផាត់ផៃសល្យ អំពីការឃាត់ខ្លួនលោក Wong នៅព្រលានយន្តហោះ។ សកម្មជននិស្សិតថៃ បន្ថែមថា អាជ្ញាធរថៃទទួលសម្ពាធពីចិនជុំវិញដំណើរទស្សនកិច្ចរបស់លោក Wong។

AFP បានដកស្រង់ខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មាននោះថា គណបក្ស Demosisto ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះអន្តរាគមន៍របស់រដ្ឋាភិបាលថៃ ទៅលើការកម្រិតសេរីភាព និងសិទ្ធិចូលប្រទេសនេះរបស់លោក Wong៕

គណបក្សនេះក៏បានអំពាវនាវឲ្យដោះលែងលោក Wong ជាបន្ទាន់ផងដែរ ហើយបានស្នើសុំជំនួយពីក្រសួងអន្តោប្រវេសន៍ហុងកុង ដើម្បីធានាសុវត្ថិភាពរបស់សកម្មជនរូបនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ