កូននាយករដ្ឋមន្ដ្រីអំពាវនាវឲ្យទប់ស្កាត់ករណីទារប្រាក់ដើម្បីបានឈ្មោះទាហាន

រូបភាពពី ហ្វេស ប៊ុក លោក ហ៊ុន ម៉ាណែត

កូនប្រុសលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន អំពាវនាវឲ្យសាធារណជនផ្ដល់ព័ត៌មាន បើសិនមានជនឆ្លៀតឱកាសទារលុយទារកាក់ ជាថ្នូរនឹងការបានឈ្មោះទៅក្នុងក្របខ័ណ្ឌយោធា។

ការអំពាវនាវនេះ ធ្វើឡើងស្របពេល ក្រសួងការពារជាតិ ប្រកាសជ្រើសរើសពលទាហានជាច្រើននាក់ ដើម្បីបំពេញក្របខណ្ឌឲ្យយោធាភូមិភាគទី១ នៃកងទ័ពជើងគោកកម្ពុជា។

កូនប្រុសច្បងលោកនាយករដ្ឋមន្ដ្រី គឺលោក​ ហ៊ុន ម៉ាណែត នៅថ្ងៃព្រហស្បតិ៍នេះ បានសរសេរបង្ហោះលើបណ្ដាញហ្វេសប៊ុករបស់លោក ដោយអំពាវនាវឲ្យប្រជាពលរដ្ឋ ឬបេក្ខជន ដែលបានដាក់ពាក្យប្រឡង ផ្ដល់ព័ត៌មានខុសប្រក្រតី ឬការទាមទារលុយកាក់ពីសំណាក់ជនខិលខូច ដើម្បីបានឈ្មោះក្នុងក្របខណ្ឌទាហាននេះ។ លោកបន្តថា បច្ចុប្បន្នមានមន្ត្រីមួយចំនួនត្រូវបានកាត់ទោសទាក់ទងករណីនេះ ប៉ុន្តែលោក​មិនបញ្ជាក់ថា មានមន្ត្រីប៉ុន្មាននាក់? មុខតំណែងអ្វីខ្លះ? ដែលត្រូវចាប់ខ្លួននិងកាត់ទោសនោះទេ។​

បើតាមហ្វេសប៊ុក លោក​ ហ៊ុន ម៉ាណែត បន្ថែមថា កន្លងទៅ «គណៈកម្មការជ្រើសរើសពលទាហាន បំពេញក្របខ័ណ្ឌឲ្យយោធាភូមិភាគទី១ បានចាត់វិធានការ ចំពោះបុគ្គលឆ្លៀតឱកាសមួយចំនួនរួចហើយ ក្រោយពីបានទទួលបណ្តឹងពីបេក្ខជនដែលត្រូវរងគ្រោះ ដោយការទាមទារប្រាក់ សម្រាប់ជាថ្នូរនឹងការដាក់ពាក្យសុំចូលទ័ពនេះ ដែលផ្ទុយពីគោលការណ៏របស់រាជរដ្ឋាភិបាល។ បច្ចុប្បន បុគ្គលដែលបានប្រព្រឹត្តិខុសទាំងនោះ ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនិតិវិធីច្បាប់»។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា យន្ដការរាយការណ៍ព័ត៌មានអំពីភាពមិនប្រក្រតីនេះ អាចមានផលប្រយោជន៍ និងជួយបានមួយកម្រិតដែរ។ ប៉ុន្ដែ លោកថា រដ្ឋាភិបាលចាំបាច់ ត្រូវបង្កើតគណៈកម្មាការចម្រុះមួយ ដែលមានភាពឯករាជ្យ ហើយមានភារៈទប់ស្កាត់ និងចាត់វិធានការលើក្រុមជនខិលខូចទាំងនោះ។

មួយវិញទៀត លោកស្នើថា គួរមានយន្ដការទប់ស្កាត់ ករណីបានចូលក្របខណ្ឌរដ្ឋ តាមរយៈខ្សែស្រឡាយ និងបក្សពួកផងដែរ។

លោកមានប្រសាសន៍ថា៖ «យន្ដការឲ្យទូរស័ព្ទទៅ ទាក់ទងនឹងភាពមិនប្រក្រតី ជាយន្ដការមួយ នៅក្នុងការការបង្ការ ទប់ស្កាត់ យន្ដការមួយទៀត គឺមានការបង្កើតគណៈកម្មាការឯករាជ្យ ចម្រុះ ក្នុងការជ្រើសរើស រាប់ទាំងការទទួលពាក្យបណ្តឹង ដើម្បីសម្រេចយកបេក្ខជនណា ដែលប្រឡងជាប់។ ជាគោលការណ៍ យើងត្រូវមានគោលការណ៍ទំនាស់ផលប្រយោជន៍មួយទៀត ដើម្បីយើងការពារ កុំឲ្យការពារឲ្យមានទំនាស់ផលប្រយោជន៍ បក្ខពួក សាច់ញាតិនិយមហ្នឹង»។

កាលពីខែកញ្ញាឆ្នាំ២០១៧កន្លងទៅ តុលាការខេត្តកំពង់ចាម បានបង្គាប់ឲ្យចាប់ខ្លួន កូនប្រុសលោកឧត្តមសេនីយ៍ផ្កាយ៣ ហែម ថេង ដែលមានកូនប្រុសឈ្មោះ ហែម ចរិយា រួមទាំងព្រះសង្ឃមួយអង្គទៀត ដែលជាអ្នករត់ការ ពីបទ «ឆបោកប្រាក់» រឿងចូលក្របខណ្ឌនគរបាលជាតិ។

ការចាប់ខ្លួននោះ ធ្វើឡើងតាមបណ្ដឹងរបស់ពលរដ្ឋចំនួន៣១នាក់ ដោយចោទមន្ដ្រីនគរបាលជាតិអន្ដោប្រវេសន៍ លោក ​ហែម ចរិយា ថា បានស៊ីដាច់ប្រាក់ប្រមាណជាង១៤ម៉ឺនដុល្លារ។​

មាត្រា ៣៥ នៃច្បាប់ប្រឆាំងអំពើពុករលួយ ចែងថា អំ​ពើប្រព្រឹត្តដោយរាជការសាធារណៈ ឬដោយពលរដ្ឋដែលទទួលអាណត្តិសាធារណៈ ដោយបានប្រើប្រាស់មុខងាររបស់ខ្លួន​ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន​នឹង​ត្រូវផ្តន្ទាស​ទោស​​ដាក់ពន្ឋគារពី ២ (ពីរ) ឆ្នាំ ដល់​ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលានរៀល) ទៅ ១០ ០០០ ០០០ (ដប់លាន)​រៀល។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ