សង្គ្រាម​គ្រឿង​ញៀន​ហ្វីលីពីន​សម្លាប់​អភិបាល​ក្រុង​ម្នាក់​ទៀត​នៅ​ក្នុង​គុក

អភិបាលក្រុងហ្វីលីពីន ដែលប្រធានាធិបតី រ៉ូទ្រីហ្កូ ឌូទើតេ ចោទថាជាជនពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនខុសច្បាប់នោះ ត្រូវបានគេបាញ់សម្លាប់នៅក្នុងពន្ធនាគារនៅថ្ងៃនេះ ដែលនេះគឺជាមន្ត្រីថ្នាក់តំបន់ទីពីរហើយ ដែលត្រូវបានគេសម្លាប់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ឌូទើតេ នៅក្នុងរយៈពេល ២សប្ដាហ៍ចុងក្រោយនេះ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់សម្ដីប៉ូលិសហ្វីលីពីន។

បើតាម AFP លោក ឌូទើតេ អាយុ ៧១ឆ្នាំ បានឈ្នះការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីកាលពីខែឧសភាកន្លងមក ដោយសារបានសន្យាសម្លាប់ឧក្រិដ្ឋជនគ្រឿងញៀនរាប់ម៉ឺននាក់ ដើម្បីការពារប្រទេសហ្វីលីពីន មិនឲ្យក្លាយទៅជារដ្ឋគ្រឿងញៀន ហើយបានចាប់ផ្ដើមសង្គ្រាមប្រឆាំងគ្រឿងញៀននេះ ដែលបានសម្លាប់មនុស្សជាង ៤ពាន់នាក់ហើយ។

មេដឹកនាំឆេវឆាវរូបនេះ បានចុចឈ្មោះមន្ត្រីថ្នាក់តំបន់ជាច្រើនរូប ប៉ូលិស និងចៅក្រម ថាជាមនុស្សពាក់ព័ន្ធនឹងជំនួញគ្រឿងញៀន និងជំរុញឲ្យពួកគេប្រគល់ខ្លួនសារភាព។

កាលពីខែសីហាកន្លងមក លោក ឌូទើតេ បានចោទលោក Rolando Espinosa ចៅហ្វាយក្រុង Albuera នៅកោះ Leyte ភាគកណ្ដាលហ្វីលីពីន និងកូនប្រុសរបស់គេថា បានជួញដូរគ្រឿងញៀន និងទាមទារឲ្យពួកគេប្រគល់ខ្លួន បើមិនដូច្នេះទេ លោកនឹងបញ្ជាទៅប៉ូលិសឲ្យបាញ់សម្លាប់នៅនឹងកន្លែង ប្រសិនពួកគេតដៃ។

អភិបាលក្រុង Espinosa បន្ទាប់មក បានប្រគល់ខ្លួនទៅប៉ូលិស ដោយនិយាយថា លោកព្រួយបារម្ភពីជីវិតរបស់លោក ហើយត្រូវបានគេចាប់ខ្លួនកាលពីខែមុន។

ប៉ុន្តែ នៅព្រឹកថ្ងៃសៅរ៍នេះ ប៉ូលិសនិយាយថា លោក Espinosa ត្រូវបានគេសម្លាប់នៅក្នុងបន្ទប់ពន្ធនាគារខេត្ត បន្ទាប់ពីលោកបាញ់ទៅលើក្រុមមន្ត្រី អំឡុងការស្វែងរកអាវុធខុសច្បាប់។

អភិបាលក្រុងម្នាក់ទៀត ដែលត្រូវបានគេចោទថាបានជួញដូរគ្រឿងញៀននោះ ក៏ត្រូវបានគេសម្លាប់ផងដែរ នៅភាគខាងត្បូងហ្វីលីពីន កាលពីចុងខែតុលាកន្លងមកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ