អាមេរិក​សម្រេច​រាំង​ខ្ទប់​មិន​ឲ្យ​កូរ៉េ​ខាង​ជើង​ចូល​ទៅ​​ប្រើ​ប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ

មេដឹកនាំកូរ់េខាងជើង(រូបភាពពីទីភ្នាក់ងារសារព័ត៌មានChannel News Asia)

ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា កាលពីថ្ងៃម្សិលមិញនេះ អាមេរិកបានសម្រេចហាមឃាត់ជាផ្លូវការនូវរាល់ស្ថាប័នហិរញ្ញវត្ថុអាមេរិកទាំងអស់ មិនឲ្យបើក ឬរក្សាទុកគណនីធនាគារណាមួយ ដែលត្រូវបានបង្កើតឡើងក្នុងនាមធនាគារកូរ៉េខាងជើង។

Reuters បានផ្សាយថា នេះគឺជាការពង្រីកការដាក់ទណ្ឌកម្មទៅលើរដ្ឋ ឯកោមួយនេះ ដោយសារតែបញ្ហាកម្មវិធីនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់ខ្លួន។

ក្រសួងរតនាគារអាមេរិក បាននិយាយថា កូរ៉េខាងជើងកំពុងប្រើប្រាស់ក្រុមហ៊ុន និងភ្នាក់ងារនានា សម្រាប់ធ្វើប្រតិបត្តិការផ្ទេរហិរញ្ញវត្ថុដោយខុសច្បាប់ ដើម្បីទ្រទ្រង់ដល់កម្មវិធីផលិតអាវុធមហាប្រល័យ និងគេចពីទណ្ឌកម្មអន្តរជាតិ។

លោក Adam Szubin ឧបការីរដ្ឋមន្ត្រីរតនាគារ ទទួលបន្ទុកផ្នែកចារកម្មហិរញ្ញវត្ថុ និងចារកម្ម បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ “មូលនិធិបែបនេះ មិនមាននៅក្នុងប្រព័ន្ធហិរញ្ញវត្ថុថ្លៃថ្នូរនោះឡើយ”។

ក្រសួងរតនាគារអាមេរិកនិយាយថា ខណៈដែលច្បាប់អាមេរិកក៍បានហាមឃាត់ជាទូទៅរួចទៅហើយចំពោះការផ្ទេរប្រាក់ជាមួយស្ថាប័នហិរញ្ញវត្ថុកូរ៉េខាងជើងនោះ ការសម្រេចថ្មីនេះ នឹងគាំទ្រដល់ទណ្ឌកម្មអន្តរជាតិ និងការពារប្រព័ន្ធហិរញ្ញវត្ថុអាមេរិក ឲ្យកាន់តែល្អថែមទៀត គេចផុតពីសកម្មភាពខុសច្បាប់របស់កូរ៉េខាងជើង។

បទបញ្ជារបស់ក្រសួងរតនាគារអាមេរិក តម្រូវឲ្យស្ថាប័នហិរញ្ញវត្ថុអាមេរិក ត្រូវអនុវត្តតាមវិធានការបង្ការបន្ថែមទៀត ដើម្បីទប់ស្កាត់ស្ថាប័នហិរញ្ញវត្ថុកូរ៉េខាងជើង ពីការទទួលបានឱកាសដោយប្រយោលមិនសមរម្យណាមួយ ចូលទៅក្នុងធនាគារអាមេរិក។

ការសម្រេចនេះ បានកើតឡើងបន្ទាប់ពីក្រសួងនេះ កាលពីខែមិថុនាកន្លងមក បានចាត់ទុកកូរ៉េខាងជើងជា “អ្នកលាងលុយដ៏ចម្បង” ហើយបានស្នើឲ្យបង្កើនការទប់ស្កាត់មិនឲ្យកូរ៉េខាងជើងប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុអាមេរិក និងពិភពលោក ដើម្បីផ្ដល់មូលនិធិទៅដល់កម្មវិធីផលិតអាវុធរបស់ក្រុងព្យុងយ៉ាង។

សេចក្ដីប្រកាសព័ត៌មាននេះ បានកើតឡើង ចំពេលដែលអាមេរិកកំពុងជំរុញការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងនឹងកូរ៉េខាងជើង បន្ទាប់ពីការសាកល្បងអាវុធនុយក្លេអ៊ែរចុងក្រោយបំផុតកាលពីថ្ងៃទី ៩ ខែកញ្ញាកន្លងមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ