នាយករដ្ឋមន្ត្រីអ៊ីតាលីលាលែងតំណែង ព្រោះពលរដ្ឋមិនគាំទ្រគម្រោងធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ

នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi (BBC)

នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi ប្រកាសលាលែងពីតំណែង ដោយសារគម្រោងនៃការធ្វើកំណែទម្រង់ធម្មនុញ្ញរបស់លោក ត្រូវបានប្រជាពលរដ្ឋជំនាស់តាមរយៈការបោះឆ្នោតស្ទង់មតិមួយកាលពីថ្ងៃអាទិត្យម្សិលមិញ។

លោកថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃអាទិត្យម្សិលមិញថា លោកទទួលយកចំពោះលទ្ធផលនៃការស្ទង់មតិ ហើយថាវាបានបញ្ជាក់ច្បាស់ហើយនិងមិនមានការស្នើអ្វីបន្តទៀតទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

ការរាប់សន្លឹកឆ្នោតលើការស្ទង់មតិបឋមនៅតាមមណ្ឌលបានបង្ហាញថា សំឡេងបដិសេធប្រឆាំងការធ្វើកំណែទម្រង់មាន៦០% ហើយសំឡេងគាំទ្រមានតែ៤០%។

លោកRenzi ថ្លែងប្រាប់អ្នកសារព័ត៌មានថា សូមឲ្យអ្នកទាំងអស់គ្នាសំណាងល្អ។ លោកថា លោកនឹងប្រកាសនៅក្នុងការប្រជុំគណៈរដ្ឋមន្ត្រីនៅរសៀលថ្ងៃចន្ទនេះ ពីការលាលែងពីតំណែង ហើយលោកនឹងធ្វើសំណើទៅកាន់ប្រធានាធិបតី សុំឈប់ជាផ្លូវការ ក្រោយពេលដែលលោកបានកាន់តំណែងនេះ២ឆ្នាំកន្លះមក។

លោកRenzi ថ្លែងទៀតថា គោលបំណងនៃការស្នើសុំធ្វើការកែទម្រង់រដ្ឋធម្មនុញ្ញគឺ ដើម្បីឲ្យអ៊ីតាលីកាត់បន្ថយការិយាធិបតេយ្យឬប្រព័ន្ធការងារស្មុគស្មាញ ឆ្ពោះទៅរកការប្រកួតប្រជែងឲ្យកាន់តែខ្លាំងផ្តល់ប្រយោជន៍ដល់ជាតិ។ ប៉ុន្តែការធ្វើប្រជាមតិបង្ហាញថា ពលរដ្ឋភាគច្រើនបានជំទាស់នឹងការស្នើឡើងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ