អាជ្ញាធរខ្មែរនឹងរៀបចំផ្សារសម្រាប់ឲ្យអាជីវករលក់ទំនិញបន្លំម៉ាកដែលថៃហាមឃាត់

អាជីវករនៅក្នុងផ្សាររ៉ុងក្លឿ (រូបថតពី bangkokpost)

អាជ្ញាធរខេត្តបន្ទាយមានជ័យ ថាពួកគេនឹងខិតខំរកដីដើម្បីរៀបចំជាផ្សារមួយកន្លែងនៅខាងទឹកដីខ្មែរ សម្រាប់ឲ្យអាជីវករខ្មែរលក់ដូរទំនិញដែលចម្លងកម្មសិទ្ធិបញ្ញា ឬបន្លំម៉ាកដែលអាជ្ញាធរថៃហាមឃាត់ការលក់នៅក្នុងផ្សាររ៉ុងក្លឿប្រទេសថៃ។

អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត បានឲ្យដឹងនៅថ្ងៃទី ០៦ ខែ មីនា ថានឹងមានការរៀបចំផ្សារមួយនៅខាងទឹកដីខ្មែរ ដើម្បីឲ្យអាជីវករបានលក់ដូរទំនិញដែលសេសសល់ពីការហាមឃាត់នៅក្នុងផ្សាររ៉ុងក្លឿ ដោយសារការចម្លងកម្មសិទ្ធិបញ្ញាខុសច្បាប់របស់ក្រុមហ៊ុនថៃ។

លោកលើកឡើងបែបនេះ បន្ទាប់ពីអាជ្ញាធរថៃបានចុះត្រួតពិនិត្យ និងចាប់ទំនិញរបស់អាជីវករខ្មែរនៅក្នុងផ្សាររ៉ុងក្លឿប្រទេសថៃ តាមសាលដីការបស់តុលាការថៃ ទាក់ទងនឹងការចម្លងម៉ាក់ទំនិញដែលចម្លងកម្មសិទ្ធិបញ្ញាខុសច្បាប់។ ការចុះបង្ក្រាបរបស់អាជ្ញាធរថៃនេះ ត្រូវបានអាជីវករខ្មែរជាច្រើននាក់ មិនសុខចិត្ត និងធ្វើការតវ៉ា ដោយពួកគេអះអាងថា ការនាំចូលទំនិញទាំងនោះទៅលក់កន្លងមកមានការបង់ពន្ធទៅរដ្ឋាភិបាលប្រទេសថៃត្រឹមត្រូវ។

លោក គោ ស៊ុំសារឿត បន្ថែមថាបន្ទាប់ពីមានការចរចារវាងអាជ្ញាធរខ្មែរជាមួយនឹងអាជ្ញាធរខេត្តសាកែវរបស់ប្រទេសថៃ ថៃក៏បានសម្រេចផ្អាកការត្រួតពិនិត្យទំនិញនៅក្នុងផ្សាររ៉ុងក្លឿ និងទុកពេល ២ ខែ ដើម្បីឲ្យអាជីវករខ្មែរនៅទីនោះលក់ទំនិញហាមឃាត់នោះឲ្យអស់ និងកុំឲ្យមានការនាំទៅលក់បន្ថែមទៀត។លោកបន្ថែមថា បន្ទាប់ពីមានការចរចារមកដល់ព្រឹកនេះសភាពការណ៍ក្នុងផ្សាររ៉ុងក្លឿ មានភាពល្អឡើងវិញ ហើយអាជីវករមួយចំនួនក៏បានបន្តការលក់ដូរដែរ។

កាលពីថ្ងៃទី ០៥ ខែ មីនា ម្សិលមិញក្រសួងការបរទេសកម្ពុជា ក៏បានចេញសេចក្ដីប្រកាសព័ត៌មានណែនាំឲ្យអាជីវករខ្មែរ បញ្ឈប់ការលក់ដូរទំនិញចម្លងម៉ាកដែលមានកម្មសិទ្ធិបញ្ញារបស់ប្រទេសថៃ និង ប្រទេសផ្សេងទៀត និង យកទំនិញទាំងនោះមកទុកនៅក្នុងទឹកដីកម្ពុជាវិញដើម្បីជៀសវាងការកើតមានបញ្ហាជាមួយអាជ្ញាធរថៃ។

គួរបញ្ជាក់ថា កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ អាជ្ញាធរថៃក៏បានចុះត្រួតពិនិត្យទំនិញលួចកម្មសិទ្ធិបញ្ញា ឬបន្លំម៉ាកយីហោ នៅផ្សាររ៉ុងក្លឿម្ដងដែរ។ ដោយនៅពេលនោះក្រុមអាជីវករបានប៉ះទង្គិចជាមួយសមត្ថកិច្ចថៃ ហើយអាជីវករព្រួតគ្នាវាយ បណ្ដាលឲ្យរថយន្ត ១គ្រឿងខូចខាត់ និង អាជីវករពីរនាក់ ត្រូវសមត្ថកិច្ចថៃ ចាប់បញ្ជូនទៅវិនិច្ឆ័យទោសនៅតុលាការផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ