អ៊ិន សុភិន ថា​​​​រឿង​ភាគ បើ​​​​​គ្មាន​​១​៥ម៉ឺន​ដុល្លារ ​​​​​ពិបាក​រឿង​គុណភាព

​ក្នុង​ពិធី​សម្ពោធ​រឿង ​​«​ម្ចាស់​បំណុល» ​កាលពី​ពេលថ្មី​ៗ ​លោក​ អ៊ិន សុភិន ដែល​​​ជា​ផលិត​ករ​រឿងនិង​​ជា​​ម្ចាស់​ផលិតកម្ម​មហាហង្ស បានអះអាងថា​​​​​ក្នុងការ​ផលិត​រឿង​ភាគ ​ប្រសិន​បើ​​​​ខាង​​ផលិតករ​នីមួយៗ ​​​​មិន​មាន​​​​​ដើមទុន​​ចំណាយ​ជាមុន​​​​​រង្វង់​​​១៥​ម៉ឺន​ដុល្លារ​នោះទេ គឺ​​​បញ្ហា​​​​​គុណភាព​នឹង​នៅតែ​កើត​​មាន​ឡើង​។ ​​​​​ក្នុង​នោះ​បញ្ហា​​​​រំពឹង​ទុន​​​​ពីការ​​លក់​រឿង​​​អោយ​ប៉ុស្ដិ៍ ដោយមិនមានទុន​បម្រុង​​​​​​​​តម្កល់ទុក​ក៏ជាបញ្ហា​​ចោទ​ផងដែរ ​សម្រាប់​​​​​​ផលិតករ​ដែលត្រូវ​ការ​គុណភាព​។

​លោក អ៊ិន សុភិន បាន​ទទួលស្គាល់ថា​​​​​ភាព​យន្ត​ភាគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅមិនទាន់​អាច​​​​​​​​ប្រៀប​ប្រដូច​នឹង​ភាពយន្ត​​​បរទេស​​​នោះទេ ​​ដោយសារតែ​បញ្ហា​​​​​​​​ចំណាយ​ដើមទុន​​​​មាន​​​​​​កម្រិត​ខុស​គ្នា។ លោកថា​​ខ្សែ​ភាពយន្ត​​​​​បរទេស​​មួយភាគ​ៗ ​​គេ​ហ៊ាន​​​​​​​ប្រើ​​ទុ​ន​ដល់​ច្រើនពាន់ដុល្លារ ​​ដោយ​ក្នុង​​រឿង​ខ្លះ​គេ​ប្រើ​​​​​​​រហូត​ដល់​ខ្ទង់ម៉ឺន​ដុល្លារ​ក៏​មាន​ ទើប​ជា​ហេតុ​ធ្វើអោយ​ភាពយន្តរបស់​គេ​មានស្ដង់ដារ។ ​​ប៉ុន្តែ​ងាក​មក​មើល​ភាព​យន្ត​ភាគរបស់​ប្រទេស​កម្ពុជា ​​​មួយ​ភាគ​ៗ​​​​​​​​ លោក​​ថា​​រឿង​ខ្លះចំណាយ​នៅ​​ក្រោម​​​១​ពាន់​ដុល្លារ​ក៏មានដែរ ​ទើប​​លោកយល់ថា​ជា​រឿងគួរ​សរសើរ​ទៅ​វិញ​ទេ ដែល​​​​រឿង​ភាគខ្មែរ​នៅ​តែ​​អាច​ទទួល​យកបាន។ ​លោក​​ថា​ភាព​យន្ត​បើ​​ចង់​​​​​​​​​​​​អោយមានគុណភាព​ត្រូវ​ប្រើ​​​មួយរឿង​​​១៥​ម៉ឺន​ដុល្លារ ឬ​មួយ​ភាគ​​រង្វង់​​៣​ពាន់​ដុល្លារ​​​ បើ​មិនដូច្នេះទេ គឺ​​កម្រិតគុណភាព​នឹងនៅ​តែ​មិនអាច​​​​​ទៅរួច​​​​​។

​លោកនិយាយថា​៖ «​សម្រាប់​ខ្ញុំ​មួយ​​​​រឿង ​​​(ភាពយន្ត​ភាគ)​ ​បើ​ក្រោម​​​១​៥​ម៉ឺន​ធ្វើអត់​ល្អ​ទេ ព្រោះទី​​១​ យើ​ង​ត្រូវការ​យកតួសម្ដែង​​ល្អ​មក​លេង ត្រូវប្រើ​​​កាមេរ៉ា​​កម្រិត​ខ្ពស់ និង​​​​​ត្រូវ​ការ​បច្ចេកទេស​ដែលមានជំនាញ អ៊ីចឹង​បើ​ត្រឹម​​​​​មួយរឿង​​១៥​ម៉ឺន​ដុល្លារ ​ឬ​មួយ​ភាគ​​៣​ពាន់​ដុល្លារ ​​ទើប​ផលិតករ​ម្នាក់​ៗ​ អាច​​​​​​ផលិត​រឿង​​បាន​​ល្អ​!»។ ​

លោក​ថា​ ​​​​​លោកធ្លាប់​ផលិតរឿង​​​​ដែលមាន​​ការចំណាយ​​​តិចជាង​នេះ​ដាច់ឆ្ងាយ គឺ​​​​ទើស​ចិត្ត​ចំពោះ​​​​​​​​គុណភាព​យ៉ាង​ខ្លាំង ដោយសារតែ​ការ​​ចាត់ចែង​គឺត្រូវ​​កាត់បន្ថយ និង​សន្សំ​សំចៃ​គ្រប់​ផ្នែក។ ​​​​​​​​ក្នុង​នោះការជ្រើស​​រើស​តួ​​​​​ដែលមានកេរ្តិ៍ឈ្មោះ​​​អោយមកសម្ដែង​ក៏​​​​​ពិបាក​ផងដែរ ដោយសារតែ​​​​​តារា​សម្ដែង​ដែលមាន​​​​សមត្ថភាព និងមាន​​​​ឈ្មោះ​ល្បី ​សុទ្ធ​តែ​​មិន​ថត​​ក្នុង​តម្លៃ​ទាប។ ​​​

លោកនិយាយថា៖ ​«​​​​​រឿង​ដុំ​អត់ពិបាកទេ ដោយសារ​ជា​រឿង​​​ដែល​​ផលិតកម្ម​នីមួយ​ៗ​​​​​ផលិត​​ខ្លួន​ឯង ចឹង​​​​ផលិតឲ្យកាន់តែ​ល្អ ក៏ទាក់ទាញ​រកចំណូល​បាន​ច្រើន​ដែរ ប៉ុន្តែសម្រាប់​រឿង​ភាគអត់ចឹង​ទេ ​​​បើ​​ប៉ុស្ដិ៍​(ទូរទស្សន៍)គាត់​អោយ​​យើង​មួយភាគ​ប៉ុន្មាន​​គឺ​​​​ទាល់តែ​លៃ​តាម​​ហ្នឹង ចឹង​ហើយទើប​​​​​​​រឿង​ខ្លះ​​​​ទទួលស្គាល់​ថា​​​​​​ខ្វះ​​ខាត​គុណភាព​មែន​!»។

លោកថា​​ ​​​មួយភាគកាលពីមុន​​ចំណាយ​រង្វង់​​​​១ពាន់​ដុល្លារ​បាន ប៉ុន្តែ​​​​​​​លុះត្រា​តែ ​​​​១ ៧០០ ១ ៨០០​ទើប​​បាន ហើយ​នៅមិនទាន់​ល្អ​ទេ ​ដោយ​ត្រូវ​ចំណាយ​​​​រង្វង់​​៣​ពាន់​ដុល្លារ ​ទើប​​មាន​ស្ដង់ដារ​​​​​​ទទួល​យក​បាន​។ ​​លោកថា​​​​​មកទល់​ពេល​នេះ បណ្ដា​​ស្ថានីយទូរទស្សន៍ជា​ដៃគូ ​​​​​បាន​ដំឡើងអោយ​មួយ​ភាគខ្ពស់​ជាង​មុន ​​​ហើយ​លោក​​ក៏​ផលិត​​​ផ្ទៃ​រឿង​អាស្រ័យទៅ​លើ​​តម្លៃ​ច​ចារ​ផងដែរ។

​លោក​ អ៊ិន សុភិន បន្ត​ថា​​​​ខ្សែ​រឿង​​របស់​លោក​​​នៅ​ប៉ុស្ដិ៍​​​ផ្សេង​​គឺ​មាន​រឿង​ខ្លះ​​ផលិត​​ក្រោម​មួយភាគ​​​៣០០​០​ដុល្លារ ​​ប៉ុន្តែ​សម្រាប់​​​ជាមួយ​ទូរទស្សន៍​​ PNN អត់មាន​រឿង​​​​ណា​ដែ​ល​លោកចំណាយ​ក្រោម​​​៣​ពាន់​ដុល្លារ​នោះទេ ​ដោយសារតែ​ស្ថាប័ន​នោះ​​ប្រឹទ​ព្រៀង​​​គុណភាព​រឿង។ ជាក់ស្ដែង​​​រឿង ​​«​បំភ្លេច​មិន​បាន» ដែល​បាន​ដាក់​បញ្ចាំង និង​រឿង​​ «​​ម្ចាស់​​​បំណុល»​ ដែល​លោកទើប​ប្រកាស​ចេញ​ថត គឺ​សុទ្ធតែ​​​​​​​​​​​គ្រោង​ចំណាយ​ដល់កម្រិត​នោះ​។

​លោក​និយាយថា​៖ «​​នៅ​PNN រឿង​គាត់​​​​​​​​កម្រិត​​ខុស​គេ ​តែ​គាត់​ក៏អោយ​ថ្លៃ​យើង​ខ្ពស់ដែរ អ៊ីចឹង​ហើយ​ទើប​​​ខ្ញុំ​ហ៊ាន​ចាយ​​​​​​មួយ​ភាគ​​​៣​ពាន់​ដុល្លារ​ធ្វើអោយ​គាត់ ​ដោយគ្រាន់តែ​​រឿង​​«​ម្ចាស់​​​បំណុល​»មួយ ខ្ញុំ​គ្រោង​ចំណាយ​​​១៥​ម៉ឺនដុល្លារ​!​»

លោកថា​​​​​​​​​ ការ​ផលិត​ភាព​យន្ត​​​​​​គឺ​ជារឿង​ស្មុគស្មាញ ជា​ពិសេស​ផលិតក​រដែលខ្វះ​ខាត​ទុន ​​ដែល​បណ្ដាលអោយ​រាំង​ស្ទះ​​កណ្ដាលទី។ ក្នុង​នោះ​បញ្ហា​​​​តម្រូវ​អោយ​តួ​រង់​ចាំ​​​​​​​ទទួល​ថវិការហូត​ទាល់តែ​​ភាព​យន្ត​ត្រូវ​បាន​បញ្ចាំង ក៏​ជា​ហេតុ​​ផល​ប៉ះពាល់​គុណភាព​រឿ​ង​ផងដែរ ដោយសារតែ​​តួ​​​​​​​​​​បាត់​បង់​ទឹកចិត្ត​​ចង់សម្ដែង ហើយ​ផលិតករ​ដែលមាន​​​​បញ្ហា​រឿង​​​បណ្ដាក់​លុយ​តួ​ ក៏​​​ទឹកមាត់មិនសូវ​ប្រៃ​​ក្នុង​ពេល​​​​​​​ចុះថត។ ​លោកទទូច​អោយ​​​​​​​​​​​​បណ្ដា​ទូរទស្សន៍​​ហ៊ានចំណាយ​​ទិញ​រឿង​​​​​​​​​​​ខ្មែរ​ក្នុង​កម្រិត​​​កាន់តែ​ល្អ ​ដើម្បី​អោយ​​ផលិតករ​​​​អាច​​​​​ផលិត​​​​មួយ​​​ភាគ​ដល់​​៣ពាន់​ដុល្លារ អោយ​រឿង​មានគុណភាព​គ្រប់​គ្រាន់​។

លោកថា​​​​ខ្សែ​រឿង ​​«ម្ចាស់​បំណុល​!» ​​គឺ​ជា​រឿង​ដែល​សាក​ល្បង​​ផលិត​​អោយ​អស់​ដល់​​១៥​ម៉ឺន​ដុល្លារ ឬ​​​មួយភាគ​​៣​ពាន់​ដុល្លារ ដោយ​ប្រកាស​ថា​មិនឆិន​ឆៃ​​​​​​​​ដូច​ការ​ផលិត​​បណ្ដារឿង​កន្លងមកទេ ​ដើម្បី​កុំអោយ​​​​​​​​​​PNN អន់​ចិត្ត​។

លោក​និយាយថា​៖ ​​«​ក្នុង​ចំណោម​រឿង​ភាគទាំងអស់ដែលខ្ញុំ​ផលិត ​​តាម​មើល​រឿង​​«​ម្ចាស់បំណុល»​ប្រហែល​​​​​ជាថត​មួយភាគ​អត់​ក្រោម​​៣​ពាន់​ដុល្លារ​ទេ ព្រោះ​ PNN  បើ​​និយាយ​​​​​​​​ហើយ​ធ្វើអត់​ដូច​កុង​ត្រា ពិតជា​​​​​ដើរ​ជាមួយ​គ្នា​អត់​កើត ចឹង​​​​បានរឿង​ហ្នឹង​​​​​អត់​កេង​ទេ ​ប្រហែលមានតែ​​​អស់ច្រើនជាង​​១​៥ម៉ឺន​ដុល្លារ​ផង​មួយរឿង​ហ្នឹង​!»។

​លោក​​ថា ១៥​ម៉ឺន​ដុល្លារ​សម្រាប់​រឿង​ភាគ​មិន​ច្រើននោះទេ ប៉ុន្តែ​លុះត្រា​តែ​តម្លៃ​ប៉ុណ្ណឹង​ទើប​ធ្វើ​រឿង​​អាច​ទទួល​​យកគុណភាព​​​បានសម្រាប់​ភាព​យន្ត​ភាគខ្មែរ​៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ