ពល​រដ្ឋ​មាន​ទំនាស់​ជាមួយ​ក្រុម​​ហ៊ុន​ស្ករ​អំពៅ​កោះ​កុងឡើង​តវ៉ាបិទ​ផ្លូវនៅ​មុខ​ក្រុម​ហ៊ុន

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃអង្គារ ទី៦ ខែមីនា ឆ្នាំ២០១៨​ ម៉ោង 5:24 PM | បញ្ហា​វិវាទដីធ្លីសិទ្ធិមនុស្ស | 0 | 1255 ពល​រដ្ឋ​មាន​ទំនាស់​ជាមួយ​ក្រុម​​ហ៊ុន​ស្ករ​អំពៅ​កោះ​កុងឡើង​តវ៉ាបិទ​ផ្លូវនៅ​មុខ​ក្រុម​ហ៊ុន (FB: លោក ញៀប សំអឿន)

ពល​រដ្ឋដែល​មាន​ទំនាស់​ដី​ធ្លី​ជា​មួ​យ​ក្រុម​ហ៊ុន​ស្ករ​អំពៅ​កោះ​កុង បាន​នាំគ្នា​ជាង​១០០នាក់​តវ៉ាបិទ​ផ្លូវចូល​ក្រុម​ហ៊ុន​​ ​ទាម​ទារ​ ​សំណង​​ការ​ខូច​ខាត​ពី​ផល​ប៉ះ​ពាល់​ផល​ដំណាំ​​ រួម​ទាំង​ដី​ធ្លី​ដែលពួកគេ​ថា​​ក្រុម​ហ៊ុន​វាត​យកតាំង​ពី​ឆ្នាំ​២០០៦​។

តំណាង​ពល​រដ្ឋ​ដែល​មាន​ទំនាស់​ជា​មួយ​ក្រុម​ហ៊ុន​ស្ករ​អំពៅ​កោះ​កុង(KSI) អ្នក​ស្រី​ ផាវ ញើង បាន​ឲ្យ​VOD ​ដឹង​ថា​ពល​រដ្ឋ​ជាង​១០០​នាក់​ តំណាង​ឲ្យ​១៧៥​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ពី​ក្រុម​ហ៊ុន​ទៅ​លើ​ដី​៧៨២​ហិកតា មាន​ទី​តាំង​នៅ​ក្នុង​ឃុំ​ចំនួន​៤ ​រួម​មានឃុំ​ជី​ខលើ ឃុំ​ជីខក្រោម ឃុំដង​ពែង និង​ឃុំ​កណ្តោល​ ក្នុង​​ស្រុកបុទុមសាគរ និង​ស្រុក​ស្រែ​អំបិល​ ​នៅ​រសៀល​ថ្ងៃ​ទី​៦​ មីនានេះ បាន​សំរេច​ចិត្ត​នាំគ្នា​តវ៉ា​​បិទ​ផ្លូវ​ចូល​ក្រុម​ហ៊ុន​ ស្ករ​អំពៅ​​កោះ​កុង នៅ​ភូមិ​ត្រ​ពាំង​កណ្តោល ឃុំ​ជី​ខលើស្រុក​ស្រែអំ​បិល បន្ទាប់ពីចំណាយ​ពេល​​ដោះ​ស្រាយ​ពេញ​មួយ​ព្រឹក​រវាងពល​រដ្ឋ​ និង​​អភិបាល​ស្រុក​ស្រែអំបិលមិន​មាន​លទ្ធផល។

អ្នក​ស្រីរៀប​រាប់​បន្ថែម​ថា​ពល​រដ្ឋទាម​ទារ​ឲ្យ​ក្រុម​ហ៊ុនស្ករ​អំពៅ​នេះ​ផ្តល់​សំណង​ជា​ប្រាក់​ក្នុង​មួយ​គ្រួសារ​​២៥០០ដុល្លារ និងកាត់​ឆ្វៀលដី​សង​ពូកគេ​វិញ​ដោយ​ក្នុង​មួយ​គ្រួសារ​ពួកគេ​ស្នើ​សុំ​៣​ហិកតា។

អ្នក​ស្រី​ថា៖ «លោក​អភិបាល​ស្រុក​គាត់អញ្ជើញ​មក​ខ្លួន​ឯង​ដល់​អញ្ចឹង​គាត់​ថា​គាត់​មិន​អាច​ដោះស្រាយ​បញ្ហា​អី​បាន​ទេ គាត់​មាន​សិទ្ធិតូច​តាច​អី​អញ្ចឹង​ទៅណា។ ដល់​អញ្ចឹង​ប្រជា​ពល​រដ្ឋ​គាត់​នឹក​ឃើញ​ក្តៅ​ក្រហាយ​​​ គាត់​ថា​ជួប​អ្នក​ណា​ក៏​និយា​យ​បែបហ្នឹង ថា​នេះ​មិន​អាចដោះ​បាន នោះ​មិន​អាច​ដោះ​បាន​អញ្ចឹង​មក​ គាត់​ក៏​នាំ​គ្នា​ទៅ​បិទ​ទៅ​ប្អូន ហើយ​ក្នុង​នោះ​តំណាង​សហគមន៍​ក៏​ហាម​ពួកគាត់​មិន​ឲ្យ​បិទ​ដែរ​ ក៏ប៉ុន្តែ​គាត់​បិទ​ទៅ​ហើយ។ ធម្មតា​អ្នកណា​ប៉ះ​ក្តៅ​រលាក​ជើងអ្នក​នោះ​បាន​អ្នក​នោះ​ក្តៅ»។

អ្នក​ស្រី​​រៀប​រាប់​ថា​ការតវ៉ា​​នេះ​ព្រោះ​ពួកគាត់​ទាំង​១៧៥​គ្រួសារ​ជួប​ការ​លំបាក​ជាខ្លាំង​បន្ទាប់​ពីក្រុម​ហ៊ុនខាង​លើ​បាន​ឈូស​ឆាយ​បំផ្លាញ​ផល​ដំណាំ និង​ដី​ចម្ការ​របស់​ពួកគេ​រួច​មក ដោយ​នៅពេល​នេះ​ពួកគេ​មួយ​ចំនួន​គ្មាន​ដី​សម្រាប់​ធ្វើ​ចំការដែល​ធ្វើ​ឲ្យ​ជីវភាព​កាន់​តែ​លំ​បាក​ទៅៗ។

វី​អូ​ឌី​មិន​អាច​ទាក់​ទង​អភិបាលស្រុក​ស្រែ​អំបិល​លោក ទួន សិលា​ បាននៅឡើយ​ទេ​ដោយ​ទូ​រសព្ទ​លោក​ចុច​ចូល​តែ​គ្មាន​អ្នក​ទទួល។

អ្នក​សម្រប​សម្រួល​សមាគមអាដហុក​ប្រចាំ​ខេត្ត​កោះ​កុងលោក ញៀប សំអឿន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​ដោះ​ស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​ចប់​ ព្រោះ​ការ​ដែល​អូ​សបន្លាយ​រឿង​នេះកាន់​តែ​យូរ​​វា​កាន់​តែ​ធ្វើ​ឲ្យ​ជីវភាព និង​សុភមង្គល​គ្រួសារ​អ្នក​ដែល​រង​ផល​ប៉ះពាល់​ទាំង​នោះ​កាន់​តែ​ពិបាក​ឡើង។

លោក​ថា៖ «ជាធម្មតា​មាន​ក្រុម​ការ​ងារ​ទី​៨​របស់​ក្រសូង​រៀប​ចំ​ដែន​ដី​នគរ​រូប​នីយកម្ម និង​សំណង់ ដែល​ដឹក​នាំ​ដោយ​ឯក​ឧត្តម ​ទេព ធន នោះណាដែល​ទទួល​ដោះ​ស្រាយ​រឿង​ជម្លោះ​ស្ករ​អំពៅ​ហ្នឹង! តែ​ការ​ដោះ​ស្រាយ​របស់​គាត់​ៗ​នៅ​តែ​យោង​ទៅ​លើ​ពល​រដ្ឋ​ និង​ក្រុម​ហ៊ុន ទាម​ទារ​ឲ្យ​ពល​រដ្ឋ​ចរចាគ្នា​ឲ្យ​ត្រូវ​។ តែ​ក្រុម​ហ៊ុន​មិន​ព្រម​តាម​ពល​រដ្ឋ​ អញ្ចឹង​បាន​ជា​ប្រទាញ​ប្រទង់​គ្នា​ក្នុង​ជម្លោះ​ដដែល។ គាត់​ជាប្រជា​ពល​រដ្ឋ​គាត់​អត់​មាន​ទៅ​រកក្រុម​ហ៊ុន​ទេ គាត់​មាន​តែ​ធ្វើ​ការ​ផ្អាក​ក្រុ​ម​ហ៊ុន​ហើយ​ទាម​ទារ​ជា​មួយ​ក្រុម​ហ៊ុន ទាញ​ទៅ​រករដ្ឋាភិបាល​ឲ្យ​ដោះ​ស្រាយ​»។  ​

ក្នុង​គេហទំព័រ​ពហិកាស្ករ​ឈាម Boyscottbloodsugar.net បាន​ឲ្យ​ដឹងថានៅ​ខែ​សី​ហា​ឆ្នាំ​២០០៦ ក្រសួង​​កសិកម្ម​បាន​សម្រេច​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ឲ្យ​​ក្រុម​ហ៊ុនកោះ​កុង​ផ្លេន​ថេសិន និង​កោះ​កុង​ស៊ូហ្គ័រ​ ធ្វើ​ឧស្សាហកម្ម​ស្ករ​អំពៅ​នៅ​លើ​ដី​ជិត​២ម៉ឺន​ហិកតា ក្នុង​ស្រុក​បុទុម​សាគរនិង​ស្រុក​ស្រែ​អំបិល​ក្នុង​ខេត្ត​កោះ​កុង។ ក្រុម​ហ៊ុន​ទាំង​នោះ​មាន​​ភាគ​ហ៊ុន​ពី​​ KSI គ្រុប​របស់​ប្រទេស​​ថៃ វេ​ វ៉ូងរបស់​តៃ​វ៉ាន់ និង​សមាជិក​ព្រឺទ្ធិសភាគណបក្ស​ប្រជា​ជន​លោក​ លី យ៉ុង់​ផាត់។ បច្ចុប្បន្ន​នេះ​ភាគហ៊ុន​របស់​ KSI មាន​ចំនួន​៧០​% និង​វេ វ៉ូង​ ខូអប​ប្រេសិនកាន់​កាប់​៣០% ហើយ​លោក​ លី យ៉ុង​ផាត់ ត្រូវ​បាន​គេ​គេ​រាយ​ការ​ណ៍ថាបាន​លក់​ភាគហ៊ុន​របស់​លោក​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ KSI នៅ​ឆ្នាំ​២០១០៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required