បទយកការណ៍៖ កម្មករមួយចំនួនបារម្ភពីសុវត្ថិភាពពេលធ្វើដំណើរ

ដោយ លោក ណាត សុភាព​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 3:17 PM | បទយកការណ៍ | 0 | 906 កម្មករ-កម្មការិនីជិះ​រថយន្តទៅធ្វើការកាលពីពេល​កន្លងទៅ ​(ដោយ ហ៊ុយ ឧស្សាហ៍)

ក្នុងមួយថ្ងៃកម្មករ-កម្មការិនី មិនតិចជាង១ពាន់នាក់ទេ ដែលឈរង់ចំារថយន្ត​ និងរឺម៉ក់ រាប់សិប​គ្រឿង​ នៅម្តុំ ធនាគារកាណាឌីយ៉ា  ផ្លូវ​វេងស្រេង ដើម្បី​ជិះទៅធ្វើការតាមគោលដៅផ្សេងគ្នា ជាពិសេស​នៅ​ជាយ  រា​ជ​ធានីភ្នំពេញ​។

ចាប់ពីម៉ោង៤កន្លះទៀបភ្លឺដល់ម៉ោង៦ព្រឹក និងម៉ោង៣ទៅម៉ោង៤រសៀល កម្មករ-កម្មកា​រិនី​បាន​ប្រជ្រៀត​គ្នា​ជិះ​រថ​យន្តទ្រុង និងរឺម៉ក ទៅធ្វើការងារនៅម្តុំព្រៃទា ព្រៃស បែកចាន ថ្នល់ទទឹង ចំការដូង ចាក់អង្រែ កោះក្របី តាខ្មៅ និងស្វារលំ ជាដើម។

ទោះបីជាចង្អៀតក៏ពួក​គាត់ថា​សុខចិត្តជិះរួមគ្នាដែរ ដោយថា ដើម្បីកាត់បន្ថយការចំណាយ​លើថ្លៃ​ជួល​រថ​យន្ត បើទោះបីដឹងថា ជា​ការប្រថុយ​នឹង​គ្រោះថ្នាក់ក៏ដោយ។

ឈរចំាជិះរថយន្តដឹកកម្មករ នៅក្បែរចិញ្ចើមផ្លូវមុខ​ធនាគារកាណាឌីយ៉ា អ្នកស្រី សេង ផល្លី​ បានរៀប​រាប់​ប្រាប់​​អ្នក​យក​ព័ត៌​មាន​ថា ​ គាត់​ធ្វើការ​គិត​ម៉ោង ក្នុងមួយថ្ងៃ១០ម៉ោង ដោយទទួល​បានប្រាក់​ចន្លោះ​ពី៧​ដុល្លារ​កន្លះ ទៅ១២ដុល្លារកន្លះ​ ក្នុងមួយថ្ងៃ​។

អ្នកស្រី ផល្លី​ បានឲ្យដឹងទៀតថា នៅម៉ោង៤រសៀល គាត់តែងតែ​ជិះរថយន្ត​ប្រជ្រៀតគ្នាទៅធ្វើការ​ចន្លោះ​ពី​៦០​ទៅ​៧០​នាក់​ ដោយ​​ចំណាយ​​ក្នុង​មួយថ្ងៃ២ទៅ៣ដុល្លារជាថ្នូរដឹកទៅវិញទៅមក​។ អ្នកស្រីថា គាត់​មិន​ចង់​ធ្វើ​ការជិះរថយន្ត ប្រជ្រៀតគ្នានោះទេ​ ប៉ុន្តែដោយសារគ្មានជម្រើសក្រៅពីនេះ ព្រោះត្រូវខំរកប្រាក់ សម្រាប់​ទ្រទ្រង់​ជីវភាពគ្រួសារ និងសងបំណុលគេ។ ​អ្នកស្រីនិយាយថា «ដាក់ច្រើនទៅពិបាកជិះ ពិបាកតាម​ផ្លូ​​វទៅ​ព្រៃស ជួនកាលមានគ្រោះថ្នាក់ដែរ កាឡុកក្នុងហ្នឹង[ឡាន]ជួនកាលខ្យល់ទៅ ជួនកាល​មាន​អ្នកខ្លះ​ហ្សឺតទៅ បន្ទោស​មេដេស៊ីម៉ោងក៏អត់កើតដែរ ព្រោះយើង​បើអត់ទៅ អត់អ្វីធ្វើ ព្រោះវាអត់ទៅ វាខ្វះខាត ដូចជា​ខ្ញុំធ្លាប់ខ្ចីលុយរដ្ឋ បើអត់ខំប្រឹងសងទេ គេរឹបអូសយក[ដីធ្លី ផ្ទះ] ពេលយើងខានមួយថ្ងៃ គេ​បង់​ពិន័យ»។

កម្មករ កម្មការិនី បានលើកឡើងប្រហាក់ប្រហែលគ្នាថា ការធ្វើដំណើរតាមរឺម៉ក និងរថយន្តទ្រុងធំៗ ជៀសមិនផុតពីគ្រោះថ្នាក់នោះទេ ព្រោះអ្នកបើកបរមួយចំនួនមិនគោរពច្បាប់ ខណៈ​នៅ​ពេល​ស្ទះ​ចរាចរណ៍ ផ្លូវចង្អៀត អ្នកបើបរមួយចំនួន​នៅ​តែជិះ​ប្រជ្រៀត​គ្នាទៅមុខ។

ឈរត្រៀមជិះរថយន្តទៅធ្វើការនៅម្តុំព្រៃស កម្មការិនី ហួន សុខា​​ និយាយថាគាត់និងកម្មករ​ផ្សេង​ទៀត​ធ្លាប់​បាន​ឭ​ពី​រឿង​រថយន្តដឹកកម្មករជួបគ្រោះថ្នាក់​ចរារ​ចរណ៍ ជាពិសេស​នៅខេត្តស្វាយរៀង​​​។ អ្នកស្រីនិយាយថា ជីវិត​អ្នក​ស្រី និងកម្មករផ្សេងទៀតផ្ញើលើ​អ្នក​បើក​​បរ​តែ​ម្នាក់ ហើយ​​អ្នក​ស្រី​ក៏មានក្តី​បារម្ភពី​គ្រោះ​ថ្នាក់​ណា​មួយ​អាច​កើត​ឡើងដែរ។ កម្មការិនី​រូប​នេះ​បាន​បញ្ជាក់ថា «ព្រួយដែរ ជិះឡានខ្ញុំខ្លាច​ដែរ នៅស្វាយរៀង​សំបូរ​ណាស់​ ក្រឡាប់នេះ ក្រឡាប់នោះ [ក្រឡាប់​ឡាន​]​សំបូរមែននៅស្វាយរៀង សំបូរកម្ម​ករ​ក្រឡាប់​ឡាន​ងាប់​ជិត​មួយឡាន ខ្ញុំថាចូលឆ្នាំហើយ ខ្ញុំចូ​លស៊ី​ខែវិ​ញហើយ ខ្ញុំឈ​ប់ធ្វើហើយ ស៊ីថ្ងៃពិបាកវេទនាណាស់»។

កាលពីឆ្នាំ២០១៦ ប្រធានគណៈកម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​និងជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បានអំពាវនាវឲ្យម្ចាស់​រថយន្តដឹកកម្មករ​ទាំងអស់​ត្រូវពិនិត្យ​លើបច្ចេកទេស​រថយន្ត​របស់​ខ្លួន​ឲ្យ​បានត្រឹមត្រូវ និងជៀសវាងដាក់កម្មករលើសចំណុះ។ លោក​បន្ថែមថា​៖ “ត្រូវរៀបចំកៅអីឲ្យបានត្រឹមត្រូវ ហាមមិនឲ្យឈរដាច់ខាត ត្រូវ មានរនាំងដែកបាំងជុំវិញ មិនឲ្យ​ដាក់ដៃ​ចេញ​ក្រៅ ហាមផ្ទុកលើសចំណុះ ត្រូវធានាលក្ខណ:បច្ចេកទេសរថយន្ត​ឲ្យមានសុវត្ថិភាព​ពិសេស​ចំពោះ​កង់ ភ្លើង ហ្វ្រាំង ចង្គូត។ល។”។

ចំណែកកម្មករលោក ម៉េង ស្រ៊ុន ដែលធ្វើការគិតជាខែនៅម្តុំរោងចក្រកាន់ណាឌីយ៉ា បានឲ្យដឹងដែរថា ជា​រៀង​​រាល់​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សៅរិ៍ ពួកគាត់ជិត១០នាក់ បាន​ជួលរឺម៉ក ជិះ ​ ដើម្បី​ដឹក​ពួក​គេពីផ្ទះទៅកន្លែងធ្វើ​ការ​។ លោក​បន្ត​ថា ពេលធ្វើដំណើរតាមដងផ្លូវក៏ព្រួយបារម្ភពីសុវត្ថិភាពដែរ ដោយថាអ្នក​ដំណើរ​មួយចំនួន​ជិះ​ម៉ូតូ​ និងរថយន្ត វ៉ាជែងគ្នា មិនគោរពច្បាប់ចរាចរណ៍ និងពេលខ្លះធ្លាប់​គៀម៉ូតូរឺម៉ក​ ដែល​ពួក​គេ​ជិះ​បណ្តាល​​ឲ្យគ្រោះថ្នាក់ តែមិនធ្ងន់ធ្ងរនោះទេ។ លោក​បានបញ្ជាក់ថា «ផ្លូវ​​ចង្អៀតបើកវ៉ាគ្នា​ ជែងគ្នា ខាង​គេខ្លះ​យើងខ្លះពិបាកថាដែរ បុកគ្នា គៀគ្នាជាមួយឡានដឹកទឹកកក»។

កម្មករ-កម្មការិនី មួយចំនួនបានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេធ្វើការគិតជាខែ ស្រួលជាងធ្វើ ការងារ​គិត​ជាថ្ងៃ(គិតម៉ោង) ដោយថា ពេលទៅសម្ភាសន៍ធ្វើការងារត្រូវ​បាន​ថៅកែ​រោង​ចក្រ​រើស​អើង​អ្នក​ដែល​មាន​វ័យចា​ប់ពី៣៥ទៅ គឺ​មិនទទួលយកធ្វើការងារក្នុង​រោង​ចក្រ​នោះ​ទេ។

វ័យជិត៤០ឆ្នាំ  អ្នកស្រី ឡន ឡេង  បានរៀប​រាប់ទំាងភ្នែករលីងរលោងថា គាត់មិនចង់​ធ្វើការ​ងារគិត​ម៉ោង​នោះទេ ដោយថាគាត់ចង់​ធ្វើការងារ​គិត​ជា​ខែ​វិញ​ល្អជាង ប៉ុន្តែកម្មការិនីរូបនោះថា ថៅកែ​រោង​ចក្រ​មិន​ព្រ​មទទួលពួកគេធ្វើការនោះទេ ដោយថា​អាយុ​​​ច្រើន​ពេក​​។ អ្នកស្រី​ ស្នើទៅ​រដ្ឋាភិ​បាល​និងស្ថាប័ន​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ទៅថៅកែ​រោង​ចក្រ​​ឲ្យ​​ទទួល​ពួកគេ​បាន​ចូល​ធ្វើការងារនៅក្នុងរោងចក្រផង ដោយថា​កុំឲ្យមានការរើសអើងពួកគេ។ អ្នកស្រីនិយាយថា «សុំស្នើឲ្យ​អ្នកធ្វើ​ការ គ្នាចាស់ក៏ដោយ ក្មេងក៏ដោយ ត្រូវ​យក​គ្នា​ធ្វើ​​ផង​ទៅ ព្រោះគ្នាមក​ធ្វើ[ការងារ]​ គ្នា​អត់ហើយ បាន​មក​ធ្វើ បើគ្នាមាន គ្នាមិនដែល​មក​ធ្វើការ​រោង​ចក្រ​​ទេ កុំឲ្យ​រើសអើងថា រើសរកតែអ្នកស្អាត​ អ្នកល្អ ហើយក្មេង ចាស់មិនយក​​»។

សរុបមក​វិញទំាងកម្មករធ្វើការគិតម៉ោង និងធ្វើការគិតខែ បានបង្ហាញការព្រួយបារម្ភពីសុវត្ថិភាពធ្វើដំណើរ ដូចគ្នា ខណៈពួកគេប្រជ្រៀតគ្នា​ជិះរថយន្ត និងម៉ូតូរឺម៉ក ដើម្បីសន្សំប្រាក់បង់ថ្លៃផ្ទះជួល ម្ហូបអាហារ និង​ផ្ញើ​ទៅ​ក្រុមគ្រួសារនៅស្រុកកំណើតជា​ដើម។

ករណីទំាងនោះ កម្មករលោក សៅ សំណាង បាន​ស្នើទៅអ្នកបើករថយន្ត និងម៉ូតូកង់បី បើកបរត្រូវ​​គោ​រព​ច្បាប់​​​ចរាចរណ៍ ជាពិសេស​កុំផឹក​ស្រា​ ដើម្បី​កុំឲ្យ​មាន​គ្រោះ​ថ្នាក់កើតឡើយ។ លោក​ស្នើថា ​«សុំ​ឲ្យ​ពល​រដ្ឋ​ខ្មែរ​បើក​បរឲ្យប្រុងប្រយ័ត្នផង មើលគេ មើលឯងផង ឲ្យ​បើកបរចេះគោរពច្បាប់ចរាចរណ៍ផង កុំគិតអាឡៃងថា គិត​ពី​អាងថា យើងមានឡាន មានម៉ូតូជិះ បើកបរវ៉ា ប្រជែង ឬក៏ប៉ះគ្នា»។

លោក សេង ណារិន​ ដែលអះអាងថា ជាអ្នកដឹកកម្មករ-កម្មការិនី ជាង២ឆ្នំា  បានរៀប​រាប់​ប្រាប់​អ្នក​សារ​ព័ត៌​មានថា កាលពីដើមខែមីនា ​មានម៉ូតូ​មួយគ្រឿងវ៉ាជែងគាត់ម៉ូតូរឺម៉ករបស់គាត់ បណ្តាល​ឲ្យប៉ះ​ជា​មួយ​ម៉ូតូ​ដឹក​ធ្យូង ប៉ុន្តែមិនធ្វើកម្មកររងរបួសនោះទេ។​លោកថា ពេលគាត់បើកបរគឺគាត់ត្រូវគិតពីសុវត្ថិភាពខ្លួនឯង និង​អ្នកនៅជិះពីក្រោយជាមួយគ្នា។ លោកអំពាវនាវថា «ពាវនាវសុំឲ្យតាកុងឡានទំាងអស់ តាកុងកង់បី តាកុង​ម៉ូតូ សុំឲ្យបើកគោរពច្បាប់ចរាចរណ៍ផង យើងវ៉ា យើងមើលឆ្វេង យើងមើលស្តាំ ជាពិ​សេ​ស​ម៉ូតូ​អាង​តែ​ខ្លួនតូច ចេះតែវ៉ាអត់មានមើលឆ្វេង មើលស្តំា ទីពីរឡានគាត់អាងតែខ្លួនគាត់ធំ ពេលវ៉ាហើយ​គាត់​វ៉ាជែ​ង​គ្នា មិនថាម៉ោងប៉ុន្មានទេ ហើយទីបីតាកុងរ៉ឺម៉ក់ គឺខ្ញុំដែរ ប៉ុន្តែ​ខ្ញុំសុំឲ្យតាកុងរ៉ឺម៉ក់​ទំាងអស់គោរពច្បាប់​ចរាច​រណ៍​ពេលបើកបរ កុំហូប​ស្រាដាក់ក្នុង​ខ្លួន ដើម្បីសុវត្ថិភាពដល់​បងប្អូនជាចំបង កុំឲ្យ​មានគ្រោះ​ថ្នាក់​ទំាង​អស់គ្នា»។

ទាក់ទងនឹងការដែលកម្មករសុខចិត្តជិះរថយន្តប្រជ្រៀតគ្នាច្រើនេះ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ​មានប្រសាសន៍ថា ប្រាក់ខែកម្មករនៅមានកម្រិតទាប​នៅឡើយនិង​ថាកម្មករ​មិនហ៊ាន​ចំណាយ​ច្រើន​​លើថ្លៃធ្វើដំណើរនោះទេ។

លោក អត់ ធន់ ផ្តល់ជាអនុសាសន៍ថា ដើម្បីទប់ស្កាត់បញ្ហា​នេះ រដ្ឋាភិបាលត្រូវ​តម្លើង​ប្រាក់ខែដល់កម្មករឲ្យ​បាន​​២៥០ដុល្លារក្នុងមួយខែ និងពង្រឹងការត្រួតពិនិត្យរថយន្តកែច្នៃដឹកកម្មករខុសបច្ចេកទេស ទើប​ទទួ​ល​បាន​ផល​​វិជ្ជ​មានច្រើន​។

លោកផ្តល់ជាអនុសាសន៍ថា «តួនាទីរបស់រដ្ឋាភិបាលទីមួយគឺ ធ្វើយ៉ាង​ណាដំ​ឡើង​ប្រាក់​ឈ្នួ​ល​ឲ្យ​បាន​សម​រម្យ ដើម្បីឲ្យពួកគាត់ អាចចំណាយទៅ​លើថ្លៃឡាន​ច្រើនបន្តិច ទីពីរ​ក្រុម​អាជ្ញាធរ​គឺត្រូវ​​ធ្វើយ៉ាងម៉េចត្រូវ​ឲ្យ​ឡាន​​ឌុប ឬក៏កែច្នៃ កុំឲ្យខុសបច្ចេកទេស​វាគ្រោះថ្នាក់ ហើយ​ខាតបង់គឺកម្មករ បន្ទាប់​មកគឺការ​សង​ទៅ​វិញ​ដោយ​សន្តិសុខសង្គម ទីបីចុងក្រោយគឺថាសង្គមទំាង​មូល​និង​មានបញ្ហា​បាត់​បង់​នូវដូចថា ​អ្នកជំនាញច្រើន​»។

របាយការណ៍របស់ក្រសួងមហាផ្ទៃបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ពលរដ្ឋ​ជាមធ្យម​ពី៥ទៅ​៨នាក់​ក្នុ​ងមួយថ្ងៃ។

បើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៣៧០០លើក មានមនុស្សស្លាប់ជាង ១ពាន់៧រយនាក់ និងរបួស ៦ ៦០៧នាក់ នៅឆ្នាំ២០១៦។ បើធៀបនឹងឆ្នាំ២០១៥ គ្រោះ ថ្នាក់ ចរាចរណ៍ ថយចុះ៤៤៣លើក ស្មើ១១ភាគរយ អ្នកស្លាប់ថយចំនួន២៧១នាក់ ស្មើ១៤ភាគរយ និងអ្នក របួស ថយ ចំនួន៥៤២នាក់ ស្មើ៨ភាគរយ៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required