ហ្វេសប៊ុកអាចឈានដល់បិទទ្វារបើដោះស្រាយបញ្ហាធំពេលនេះមិនបាន

ពិភពលោកកំពុងតែផ្តោតការចាប់អារម្មណ៍លើការលេចធ្លាយរបាយការណ៍ ឯកជននៃចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុក ត្រូវបានគេលួចយកទៅប្រើប្រាស់ដោយខុសច្បាប់។ របាយការណ៍ចុងក្រោយបង្ហាញថា ទិន្នន័យអ្នកប្រើប្រាស់កើនដល់៨៧លានត្រូវបានគេលួច។​

ទិន្នន័យឯកជនដែលលួចបានពីអ្នកប្រើប្រាស់ហ្វេសប៊ុកនោះរងការចោទថា យកទៅវិភាគដោយក្រុមហ៊ុន​អង់គ្លេសឈ្មោះCambridge Analytica ហើយក្រុមវិភាគយកប្រើ​ជាផលប្រយោជន៍ជួយឲ្យលោកដូណាល ត្រាំឈ្នះការបោះឆ្នោតកាលពីចុងឆ្នាំ២០១៦។​

ការចោទប្រកាន់គ្នា

ក្រុមហ៊ុនហ្វេសប៊ុក​ថ្កោលទោសក្រុមហ៊ុន​ Cambridge Analytica ចំពោះការលួចយកទិន្នន័យឯកជនទៅប្រើប្រាស់នេះ។ ចំណែកក្រុមហ៊ុន​ Cambridge Analytica ក៏បានប្រកាសសុំទោស ហើយបញ្ជាក់ថា ខ្លួនប្រើប្រាស់ទិន្នន័យតែ៣០ម៉ឺននាក់ប៉ុណ្ណោះ មិនមែន៨៧លាននោះទេ ហើយថា ទិន្នន័យទាំងនោះបានលុបចោតាំងពីឆ្នាំ២០១៥។ ក្រុមហ៊ុនវិភាគរបាយការណ៍របស់អង់គ្លេសនេះ បកស្រាយថា ខ្លួនទទួលបានទិន្នន័យទាំងនេះ តាមរយៈការបង្កើតApp ហើយមិនបានដឹងថា ការយកទិន្នន័យនោះខុសច្បាប់នោះទេ។​

ការបាត់​ទំនុកចិត្ត

បើទោះជាក្រុមហ៊ុនទាំងពីរ បានបកស្រាយហើយសុំទោសអ្នកប្រើប្រាស់ក៏ដោយ អ្នកប្រើប្រាស់មួយចំនួននៅតែដាក់ការសង្ស័យថា នោះមិនមែនជាការលួចទិន្នន័យទេ ប៉ុន្តែវាជាការសហការគ្នារវាងក្រុមហ៊ុនទាំងពីរដើម្បីរកបានចំណូលមហាសាលតែប៉ុណ្ណោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគេមិនបានឃើញថា ស្ថាបនិកហ្វេសប៊ុក លោក ម៉ាក ហ្សូកហ្គឺ រៀបចំប្តឹងក្រុមហ៊ុនអង់គ្លេសនោះទេ។​

បញ្ហាមួយទៀត ក្រៅរឿងបោះឆ្នោតនៅសហរដ្ឋអាមេរិក ហ្វេសប៊ុកក៏ធ្លាប់ផ្ទុះរឿងអាស្រូវពាក់ព័ន្ធនឹងការប្រើប្រាស់ទិន្នន័យជួយដល់ការបោះឆ្នោតប្រទេសផ្សេងៗទៀតដែរ។​

អ្នកប្រើប្រាស់មួយចំនួនប្រកាសថា ពួកគេបិទគណនីបណ្តាញទំនាក់ទំនងសង្គមនេះចោលឈប់ប្រាស់ដោយសារក្រុមហ៊ុននេះរំលោភលើទំនុកចិត្តឯកជនភាព។ ទោះយ៉ាងណារហូតដល់ពេលនេះ ក្រុមហ៊ុនហ្វេសប៊ុក​ដែលមានអ្នកកំពុងប្រើប្រាស់ចំនួន​២,២ពាន់​លាននោះមានអ្នកបោះបង់ចោលតិចតួចតែប៉ុណ្ណោះ។​

បច្ចុប្បន្នក្រៅពីការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក អ្នកប្រើប្រាស់មួយចំនួន​ក៏កំពុងតែប្រើប្រាស់ បណ្តាញសង្គមផ្សេងទៀតដូចជា Telegram, Twitter, WhatsApp, និង Signalជាដើម​។ ដូច្នេះបើអ្នកប្រើប្រាស់កាន់តែបារម្ភពីសុវត្ថិភាពរបស់ខ្លួនជាមួយហ្វេសប៊ុកនោះ ពួកគេអាចងាកទៅរកបណ្តាញទំនាក់ទំនងសង្គមផ្សេងវិញ។​

ចំណាត់ការពីរដ្ឋាភិបាល

នៅសប្តាហ៍ក្រោយនេះ លោក ម៉ាក ហ្សូហ្គឺប៊ឺក នឹងចូលខ្លួនបំភ្លឺនៅសភាសហរដ្ឋអាមេរិក​ជុំវិញការលេចធ្លាយរបាយការណ៍ឯកជនរបស់អ្នកប្រើប្រាស់ទាំងនេះ។​

ចំណែកសភារបស់អង់គ្លេស និងសហភាពអឺរ៉ុបក៏បានកោះហៅស្ថាបនិកបណ្តាញសង្គមមួយនេះឲ្យចូលខ្លួនបំភ្លឺដែរ តែមិនទាន់បានកំណត់ថ្ងៃចូលបំភ្លឺនៅឡើយ។​ ទន្ទឹមនឹងការខឹងសម្បាររឿងលេចធ្លាយទិន្នន័យនេះអឺរ៉ុបក៏កំពុងតែសិក្សាលើការយកពន្ធឲ្យច្រើនពីហ្វេសប៊ុក។​

ចំណែកប្រទេសឥណ្ឌូនេស៊ីបញ្ជាក់ថា បើសិនជារកឃើញថា ពលរដ្ឋនៅក្នុងប្រទេសខ្លួនត្រូវបានហ្វេសប៊ុកលួចទិន្នន័យឯកជនមែននោះ ប្រទេសនេះនឹងបិទហ្វេសប៊ុក​។​

នៅតាមបណ្តាប្រទេសនិងតំបន់ដែលពលរដ្ឋផ្ទុះការតវ៉ាពួកគេតែងតែរឹតបន្តឹងលើបណ្តាញសង្គមពិសេសហ្វេសប៊ុកដូចជា ជាករណីជម្លោះនៅដែនដីកាស្មៀ រវាងឥណ្ឌានិង ប៉ាគីស្ថាន។​

ហ្វេសប៊ុកជាក្រុមហ៊ុនដែលបង្កើតឡើងដោយជនជាតិអាមេរិក​លោក ម៉ាក ហ្ស៊ូកហ្គឺប៊ឺកកាលពីឆ្នាំ២០០៤ ដំបូងឡើយគ្រាន់តែប្រើសម្រាប់​ការទំនាក់ទំនងគ្នាធម្មតាតែប៉ុណ្ណោះ តែក្រោយមកបណ្តាញសង្គមនេះដើរតួនាទីយ៉ាងសំខាន់សម្រាប់អ្នកជំនួញ អ្នកនយោបាយក៏ដូចជាក្រុមអ្នកតស៊ូមតិដើម្បីសេរីភាពផ្សេងៗទៀត។​

ចាប់ពីឆ្នាំ២០០៧ហ្វេសប៊ុក​ត្រូវបានប្រើប្រាស់ជាអន្តរជាតិ​ ដែលចំនួនអ្នកប្រើប្រាស់កើនឡើងជាង២ពាន់លាន ហើយធ្វើឲ្យលោកម៉ាកហ្ស៊ូក ហ្គឺប៊ឺករកចំណូលបានយ៉ាងច្រើនរហូតបច្ចុប្បន្នក្លាយជាមហាសេដ្ឋីលំដាប់ទី៥លើពិភពលោក។​

ប៉ុន្តែអ្វីដែលចោទជាបញ្ហានោះគឺថា  ហ្វេសប៊ុកអាចឈានដល់បិទទ្វារបើដោះស្រាយបញ្ហាធំពេលនេះមិនបាន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ