វិភាគ៖ តើអាចមានការដោះលែងមន្រ្តីសិទ្ធិមនុស្សនិងមន្រ្តី គ.ជ.ប ដោយវិធីណា?

ដៃ​មន្ត្រីអាដហុកនិងអគ្គលេខាធិការរងគ.ជ.បដែល​ជាប់ខ្នោះ​ពេល​ដឹកទៅ​តុលាការ(រូបថត៖ លី បេឡា)

មន្រ្តីសិទ្ធិមនុស្សនៃសមាគមអាដហុកចំនួន៤រូបនិងអតីតមន្រ្តីសមាគមមួយរូបទៀតលោក នី ចរិយា ដែលទើបទទួលបានតំណែងជាអគ្គលេខាធិការរង គ.ជ.ប ត្រូវបានតុលាការឃុំខ្លួន បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន។

ការឃាត់ខ្លួននេះគឺធ្វើឡើងបន្ទាប់ពីមានលិខិតចំហរបស់នាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលអះអាងថាជាស្រីកំណាន់របស់លោក កឹម សុខា បានឆ្លើយថាមន្រ្តីសិទ្ធិមនុស្សទាំងនោះជាអ្នកបង្គាប់នាងឲ្យឆ្លើយកុហកសមត្ថកិច្ច ទាក់ទងនឹងទំនាក់ទំនងស្នេហា។

ប៉ុន្តែចំណាត់ការរបស់រដ្ឋាភិបាលទៅលើមន្រ្តីសិទ្ធិមនុស្សល្បីឈ្មោះនេះបានធ្វើឲ្យមានប្រតិកម្មពីសំណាក់សហគមន៍អន្តរជាតិ អង្គការជាតិ និងសកម្មជនដីធ្លីរាប់ពាន់នាក់។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី វិភាគថារដ្ឋាភិបាលពេលនេះកំពុងតែចាំមើលសម្ពាធពីអន្តរជាតិនិងក្នុងស្រុកថាមានកម្លាំងខ្លាំងក្លាកម្រិតណា ក្រោយពីមានការចាប់ខ្លួនមន្រ្តីសិទ្ធិមនុស្សនេះ។ លោកថាបើគ្រាន់តែអន្តរជាតិអំពាវនាវឲ្យមានការដោះលែងគឺរដ្ឋាភិបាលមិនអាចធ្វើតាមទេ ប៉ុន្តែលោកថាបើមានការដាក់គំនាបផ្នែកសេដ្ឋកិច្ចនោះរដ្ឋាភិបាលនឹងអាចដោះលែងអ្នកទាំងអស់នោះនៅក្នុងឆ្នាំ២០១៦នេះ។

លោកយល់ថា៖ “យើងមិននិយាយពីទណ្ឌកម្មទេ ប៉ុន្តែគំនាបសេដ្ឋកិច្ចអាចចេញពីប្រទេសមួយចំនួនដែលធ្លាប់តែធ្វើពាណិជ្ជកម្មជាមួយប្រទេសយើង គេបិទមិនទិញផលិតផលដូចជា ខោ អាវ ស្បែកជើង ដែលជាចំណូលធំមួយរបស់វិស័យឧស្សាហកម្ម ពេលនោះយើងមិនត្រឹមតែមានវិបត្តិចំណូលថ្នាក់ជាតិទេ ប៉ុន្តែក៏មានវិបត្តិការងារកម្មករដែរ”។

ប៉ុន្តែលោក មាស នី ក៏បារម្ភពីហិង្សាអាចកើតមានផងដែរនៅពេលមានការប្រកាសតវ៉ាពីសំណាក់ពលរដ្ឋដែលទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្ស ហើយមានមនុស្សក្រុមទៀតប្រកាសធ្វើបាតុកម្មគាំទ្រចំណាត់ការរបស់រដ្ឋាភិបាល។

លោកកត់សំគាល់ថា៖ “អ្វីជាបទពិសោធន៍កន្លងមកក្នុងស្ថានភាពបែបហ្នឹង ក្រុមទី៣ដែលយើងមិនដឹងថាប្រភពមកពីខាងណា ហើយអ្នកគាំទ្របាតដៃទី៣ហ្នឹង គេនឹងបញ្ជ្រៀតចូលដើម្បីបង្កហិង្សាក្នុងចន្លោះអ្នកតវ៉ានៃក្រុមទាំងពីរ។ កាលណាតែហិង្សានៅតាមផ្លូវរហូតមានស្លាប់ក្នុងលក្ខខណ្ឌបែបហ្នឹង ការបោះឆ្នោតអាចត្រូវអាក់ខាន”។

ស្របពេលមានការចាប់ខ្លួនមន្រ្តីសិទ្ធិមនុស្ស លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានកុំឲ្យបរទេសលូកដៃចូលរឿងនេះ ប៉ុន្តែមើលទៅសហគមន៍អន្តរជាតិមិនបានព្រងើយកន្តើយករណីនេះទេ។

សហភាពអឺរ៉ុបបានទាមទារដោយចំៗឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងមន្រ្តីសិទ្ធិមនុស្សនិងមន្រ្តី គ.ជ.ប ដែលត្រូវបានចាប់ខ្លួននាពេលថ្មីៗនេះ។ បន្ថែមពីនេះក្រុមប្រទេសដែលជាម្ចាស់ជំនួយដ៏ធំមួយរបស់កម្ពុជានេះ ក៏បារម្ភពីការឃុំខ្លួនតំណាងរាស្ត្រ និងសកម្មជនគណបក្សប្រឆាំង ហើយស្នើឲ្យបើកទូលាយពីបរិយាកាសដែលគណបក្សនយោបាយទាំងអស់និងសង្គមស៊ីវិល អាចដំណើរការដោយសេរីនិងគ្មានការភ័យខ្លាច។ នេះបើតាមសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំជាមួយរដ្ឋាភិបាលនៅសប្តាហ៍នេះ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព លោក យង់ គិមអេង លើកឡើងថារដ្ឋាភិបាលកម្ពុជាមិនអាចធ្វើអ្វីដោយមិនស្តាប់យោបល់ពីមជ្ឈដ្ឋានជាតិនិងសហគមន៍អន្តរជាតិបាននោះទេ ព្រោះរដ្ឋាភិបាលត្រូវការជំនួយ។

លោកយល់ថា៖ “សេចក្តីថ្លែងការណ៍ពីសហភាពអ៊ឺរ៉ុបនេះ រដ្ឋាភិបាលគួរតែពិចារណាដើម្បីបន្ថយបរិយាកាសនយោបាយ។កម្ពុជាជាសមាជិកមួយនៃសហគមន៍អន្តរជាតិដែលបានចុះកតិកាសញ្ញា អនុសញ្ញា សេចក្តីថ្លែងការណ៍សកលពីសិទ្ធិមនុស្ស។ នេះហើយជាចំណងមួយក្នុងសហគមន៍អន្តរជាតិ”។

សហភាពអឺរ៉ុបបានផ្តល់ជំនួយចំនួន៤១០លានអឺរ៉ូសម្រាប់ឆ្នាំ២០១៤-២០២០។ បច្ចុប្បន្ននេះសហភាពអឺរ៉ុបគឺជាគោលដៅចំបងនៃការនាំចេញរបស់កម្ពុជា។

ស្របពេលដែលស្ថានការណ៍នយោបាយដែលគេមើលឃើញថាកំពុងឡើងកម្តៅ គណបក្សសង្រ្គោះជាតិបានស្វែងរកអន្តរាគមន៍ពីព្រះមហាក្សត្រ ប៉ុន្តែមកដល់ពេលនេះគឺមិនទាន់មានការឆ្លើយតបណាមួយនៅឡើយ។ ជាមួយគ្នានោះគណបក្ស ប្រឆាំងបានឲ្យដឹងថា ខ្លួនបានព្យាយាមស្វែងរកការចរចាជាមួយគណបក្សកាន់អំណាច ប៉ុន្តែកាលពីដំបូងគណបក្សប្រជាជនកម្ពុជាអះអាងថាខ្លួននឹងមិនបើកទ្វារចរចាទេ បើជំនួបនោះនិយាយពីករណីចាប់ខ្លួនតំណាងរាស្ត្រ។

ទោះជាយ៉ាងណាក្នុងសប្តាហ៍នេះអ្នកនាំគណបក្សប្រជាជនកម្ពុជាបានប្រកាសថា ខ្លួននឹងបើកទ្វារចរចាបើមានលិខិតផ្លូវការពីគណបក្សប្រឆាំង។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព លោក យង់ គិមអេង វិភាគថាអ្នកដែលកំពុងជាប់ឃុំអាចនឹងត្រូវបានដោះលែងវិញ ខណៈដែលសហគមន៍អន្តរជាតិដាក់សម្ពាធ ហើយក៏មានការប្រកាសបើកទ្វារចរចារវាងគណបក្សជាប់ឆ្នោតទាំងពីរទៀតនោះ។

លោកមានប្រសាសន៍ថា៖ “បើសិនជាមានការសន្ទនា មានការជជែកគ្នាបាន ខ្ញុំថាជាការប្រសើរ។ ប៉ុន្តែជាមួយសហគមន៍អន្តរជាតិក៏ដូចគ្នាដែរ ពីព្រោះថាទីមួយយើងនៅតែត្រូវការជួយ ប្រាក់ជំនួយឥតសំណង ប្រាក់កម្ចីមួយចំនួន។ សហគមន៍អន្តរជាតិគេចង់ឃើញការរីកចម្រើនខាងប្រជាធិបតេយ្យនិងសិទ្ធិមនុស្សក៏ដូចជាសេរីភាពបញ្ចេញមតិនៅកម្ពុជា។ មូលហេតុនេះគឺជាកត្តាមួយដែលអាចឲ្យរដ្ឋាភិបាលអាចពិចារណាលើបញ្ហាហ្នឹង”។

កាសែតភ្នំពេញប៉ុស្តិ៍ធ្លាប់បានផ្សាយថា ការដោះលែងស្រ្តីសកម្មជនដីធ្លីនៅបឹងកក់កន្លងមកគឺដោយសារតែមានសម្ពាធពីអតីតរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី ហ៊ីលឡារី ក្លីនតុន ដែលមកទស្សនកិច្ចនៅកម្ពុជា។ នេះបើយោងតាមការបញ្ចេញព័ត៌មានគេទំព័រវិគីលិក។

ចំណែកឯការដោះលែងសកម្មជនគណបក្សប្រឆាំងវិញ កន្លងមកគឺធ្វើឡើងនៅពេលលោក ហ៊ុន សែន និងលោក សម រង្ស៊ី ល្អូកល្អឺននឹងគ្នាឬអាចមានការចរចាដោះដូរអ្វីមួយជាថ្នូរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ