អាជ្ញាធរមិនឲ្យធ្វើបាតុកម្មពីរក្រុមក្នុងពេលតែមួយករណីចាប់ខ្លួនមន្រ្តីសិទ្ធិមនុស្ស

សាលារាជធានីភ្នំពេញថាមិនអនុញ្ញាតឲ្យមនុស្សពីរក្រុមធ្វើបាតុកម្មក្នុងពេលតែមួយ ដែលម្ខាងជាអ្នកគាំទ្ររដ្ឋាភិបាលនិងម្ខាងជាអ្នករិះគន់រដ្ឋាភិបាលនោះទេ។

កាលពីថ្ងៃទី០៥ ខែឧសភា ម្សិលមិញជំនួយការរបស់លោក ហ៊ុន សែន ជានាយកប្រតិបត្តិនៃសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពដាក់លិខិតទៅកាន់សាលារាជធានីភ្នំពេញស្នើសុំដឹកនាំមនុស្សប្រមាណ៥០០០នាក់ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យម៉ោង៨ព្រឹកថ្ងៃទី០៧ ខែឧសភា និងហែរញត្តិទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីគាំទ្រពីចំណាត់ការទៅលើមន្រ្តីសង្គមស៊ីវិល។ ការប្រកាសហែរញត្តិនេះបន្ទាប់ពីតំណាងប្រជាពលរដ្ឋ យុវជន និងស្រ្តីអះអាងថាមានគ្នាប្រមាណ២ពាន់នាក់ប្រកាសថានឹងហែរញត្តិទៅអង្គភាពប្រឆាំងអំពើពុករលួយដើម្បីទាមទារឱ្យអង្គភាពនេះបញ្ឈប់ការចោទប្រកាន់លើមន្រ្តីសង្គមស៊ីវិល។

នាយករដ្ឋបាលសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា បានប្រាប់វីអូឌី(VOD)ថានៅព្រឹកនេះសាលារាជធានីបានហៅតំណាងយុវជនដែលអះអាងថាមានគ្នា៥០០០នាក់នោះមកសួរនាំពីគម្រោងធ្វើការហែរក្បួនរបស់ពួកគេនៅថ្ងៃស្អែក។ លោកបន្ថែមថាបន្ទាប់ពីជួបហើយសាលារាជធានីចេញលិខិតឆ្លើយតបមួយច្បាប់ដោយមិនអនុញាតឲ្យមានការហែរក្បួននោះទេព្រោះវាអាចធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។

លោកបន្ថែមថា៖ “គាត់ស្នើសុំនេះទីមួយ គឺវារំលោភខុសនូវច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធីគឺគាត់ដាក់តែ២ថ្ងៃគាត់សុំធ្វើតែច្បាប់ចែងថាយ៉ាងតិច៥ថ្ងៃទាំងថ្ងៃធ្វើការដូច្នេះយើងមិនអាចជូនគាត់បានទេ។ ទី២ ថ្ងៃ៧ស្អែកក៏មានការជិះកង់របស់សហគមន៍អ៊ឺរ៉ុបចំនួន៤ពាន់នាក់ដែរនៅលើផ្លូវនរោត្តម ដូច្នេះបើជិះកង់ផង ហែរផងវាធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្លាប់សាធារណៈអញ្ចឹងសាលារាជធានីភ្នំពេញយើងមិនអនុញាតជូនគាត់ទេ”។

នាយករដ្ឋបាលសាលារាជធានីភ្នំពេញរូបនោះបន្ថែមថាបើបុគ្គលណារំលោភលើគោលការណ៍របស់សាលារាជធានី នោះអាជ្ញាធរសាធារណៈមានសិទ្ធិអនុវត្តនូវវិធានការច្បាប់។

នាយកប្រតិបត្តិនៃសម្ព័ន្ធយុវជនស្រាលាញ់សន្តិភាពលោក ប៉ាន់ ខែមប៊ុនថន ដែលគេឃើញថាធ្លាប់ដឹកនាំបាតុកម្មទាមទារដកលោក កឹម សុខា ពីអនុប្រធានរដ្ឋសភានោះបានបដិសេធអត្ថាធិប្បាយនៅពេលVODទាក់ទងតាមទូរស័ព្ទដោយអះអាងថាជាប់រវល់។

កាលពីពេលធ្វើបាតុកម្មទម្លាក់លោក កឹម សុខា ធ្វើឡើងដោយអ្នកគាំទ្ររដ្ឋាភិបាលកាលពីចុងឆ្នាំ២០១៥នោះបណ្ដាលឲ្យមានការវាយដំលើតំណាងរាស្រ្តបក្សសង្គ្រោះជាតិពីររូបឲ្យរងរបួសធ្ងន់នៅក្បែរសភា។

គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះមន្រ្តីសិទ្ធិមនុស្សអាដហុក៤រូប លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី និងមន្រ្តី គ.ជ.ប មួយរូបគឺលោក នី ចរិយា ត្រូវអង្គភាពប្រឆាំងអំពើរពុករលួយឃាត់ខ្លួន ដោយចោទថា ទាក់ទងនឹងរឿងអាស្រូវស្នេហារបស់លោក កឹម សុខា។ ករណីនេះត្រូវបានតុលាការឃុំខ្លួនអ្នកទាំង៥បណ្ដោះអាសន្នដោយចោទប្រកាន់ពីបទសូកប៉ាន់សាក្សីនិងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី។

ចំណែកតំណាងប្រជាពលរដ្ឋអះអាងថាមានគ្នាប្រមាណ២ពាន់នាក់បានដាក់លិខិតមួយច្បាប់ទៅសាលារាជធានីភ្នំពេញ ដោយស្នើសុំដង្ហែញត្តិដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ទាមទារឲ្យបញ្ឈប់ការចោទប្រកាន់និងដោះលែងមន្រ្តីសិទ្ធិមនុស្សដែលកំពុងជាប់ពន្ធនាគារ តែសាលារាជធានីមិនអនុញ្ញាតនោះទេ។ ទោះបីជាយ៉ាងណាតំណាងប្រជាពលរដ្ឋទាំងនោះនៅតែប្រកាន់ជំហរក្នុងការហែរក្បួនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ