ជប៉ុន​គ្រោង​ផ្ដល់​នាវា​ថ្មីៗ​ដល់​កង​ទ័ព​ជើង​ទឹក​វៀតណាម

(រូបភាពពី Mediacorp)

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Fumio Kishida បានធ្វើដំណើរទៅដល់ប្រទេសវៀតណាមហើយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈប្រទេសទាំងពីរបង្កើនសម្ព័ន្ធភាពយុទ្ធសាស្ត្រមួយនៅចំពោះមុខមហិច្ឆតាដ៏ធំធេងរបស់ចិនក្នុងការគ្រប់គ្រងដែនទឹកនៅក្នុងតំបន់។ នេះដោយយោងតាមសារព័ត៌មាន Channel News Asia។

ទាំងប្រទេសជប៉ុននិងវៀតណាមសុទ្ធតែមានវិវាទជាមួយចិនជុំវិញប្រជុំកោះដាច់ស្រយាលនៅសមុទ្រចិនខាងកើតនិងសមុទ្រចិនខាងត្បូង។ ក្រុមអ្នកវិភាគនិយាយថាប្រទេសទាំងពីរបានបង្កើនសម្ព័ន្ធភាពផ្នែកសន្តិសុខ ដោយសារតែមានវិវាទដូចគ្នាជាមួយប្រទេសចិន។

ប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការវិស័យការពារជាតិកាលពីឆ្នាំ២០១១ ហើយជប៉ុនបានផ្ដល់នាវាល្បាតចាស់ៗចំនួន៦គ្រឿងទៅដល់កងនាវាល្បាតវៀតណាមកាលពីឆ្នាំមុន។

នៅក្នុងទំនាក់ទំនងវិស័យការពារជាតិថ្មីៗប្រទេសជប៉ុនបច្ចុប្បន្ននេះកំពុងពិចារណាទៅលើសំណើចង់បាននាវាថ្មីៗរបស់ប្រទេសវៀតណាម។

លោក Masato Otaka អ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសជប៉ុនបានប្រាប់អ្នកសារព័ត៌មានថាសំណើនេះត្រូវបានលើកឡើងនៅក្នុងជំនួបរវាងលោក Kishida ជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាមនិងនាយករដ្ឋមន្ត្រីវៀតណាម កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយសំណើនេះកំពុងទទួលបានសញ្ញាវិជ្ជមានរួចហើយ។

លោក Otaka បាននិយាយថា ជប៉ុនជាប្រទេសស្ថិតនៅដែនសមុទ្រដែលមានយល់ដឹងពីដែនសមុទ្រច្រើន។ ដូច្នេះគេអាចយល់បានច្បាស់ហើយថាវាជារឿងត្រឹមត្រូវដែលវៀតណាមស្វែងរកជំនួយពីជប៉ុន។ ជប៉ុននឹងជួយឲ្យអស់ពីសមត្ថភាព។

កាលពីខែមេសាកន្លងមកនាវាកងទ័ពជើងទឹកជប៉ុនចំនួន២គ្រឿងបានចូលចតនៅកំពង់ផែ Cam Ranh Bay របស់វៀតណាមដែលជាតំបន់យុទ្ធសាស្ត្ររបស់វៀតណាមសម្រាប់ការពារសមុទ្រចិនខាងត្បូង។

ដំណើរទស្សនកិច្ចរបស់លោក Kishida នៅក្នុងប្រទេសវៀតណាមបានកើតឡើងក្រោយពីមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរបស់មេដឹកនាំជាន់ខ្ពស់នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ លោករដ្ឋមន្ត្រីការពារជាតិជប៉ុន Gen Nakatani បានទៅបំពេញទស្សនកិច្ចនៅទីក្រុងហាណូយកាលពីខែវិច្ឆិកាឆ្នាំមុន ហើយប្រមុខដឹកនាំបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ភូត្រុង បានទៅបំពេញទស្សនកិច្ចនៅទីក្រុងតូក្យូកាលពីខែកញ្ញាឆ្នាំមុនផងដែរ។

ជប៉ុនគឺជាម្ចាស់ជំនួយឥណទានអនុគ្រោះដ៏ធំបំផុតរបស់វៀតណាម ហើយក៏ជាអ្នកវិនិយោគធំលំដាប់ទីពីរនៅក្នុងប្រទេសនេះជាមួយទឹកប្រាក់៣៧ពាន់លានដុល្លារកាលពីពាក់កណ្ដាលឆ្នាំ២០១៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ