អត្រា​អ្នក​អត់​ការងារ​ធ្វើ​នៅ​អាមេរិក​ធ្លាក់​ចុះ​ទាប​បំផុត​នៅ​ខែ​មុន

អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​នៅ​អាមេរិក បាន​ធ្លាក់​ចុះ​មក​ដល់​កម្រិត​ទាប​បំផុត​នៅ​ក្នុង​រយៈ​ពេល ១០​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​តែ​ការ​ងើប​ឡើង​វិញ​ដ៏​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​ការងារ​កាល​ពី​ខែ​មេសា ដែល​នាំ​មក​នូវ​អារម្មណ៍​រំសាយមួយ​សម្រាប់​លោក ដូណាល់ ត្រាំ បន្ទាប់​ពី​ខក​បំណង​នឹង​បញ្ហា​​កំណើន​សេដ្ឋកិច្ច​​នៅ​ដើម​អាណត្តិ​របស់​លោក។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រសួង​ការងារ​អាមេរិក បាន​ចេញ​របាយការណ៍​នៅ​ថ្ងៃ​នេះ​ថា ក្រោយ​ពី​មាន​កំណើន​យឺត​កាល​ពី​ខែ​មីនា ម៉ាស៊ីន​សេដ្ឋកិច្ច​អាមេរិក​បាន​បន្ថែម​ការងារ​ថ្មី​ប្រហែល ២១​ម៉ឺន ១​ពាន់​កន្លែង​បន្ថែម​ទៀត ខណៈ​ដែល​អត្រា​អ្នក​អត់​ការងារ​ធ្វើ​ធ្លាក់​មក​នៅ​ត្រឹម​កម្រិត ៤.៤​ភាគរយ ពោល​គឺ​ជា​អត្រា​ទាប​បំផុត​គិត​ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០០៧​មក។

តួលេខ​នេះ​បាន​ជួយ​ពង្រឹង​ធនាគារ​កណ្ដាល​អាមេរិក ឲ្យ​អនុវត្ត​តាម​ផែនការ​ដំឡើង​អត្រា​ការ​ប្រាក់ ២​បន្ថែម​ទៀត នៅ​ឆ្នាំ​២០១៧​នេះ និង​អាច​​ធ្វើ​ឲ្យ​មាន​ក្ដី​បារម្ភ​អំពី​អត្រា​អតិផរណា​។

លទ្ធផល​នេះ ខុស​ទៅ​នឹង​អ្វី​ដែល​ក្រុម​អ្នក​វិភាគ​បាន​ព្យាករ​ទុក ដោយ​ថា នឹង​មាន​ការងារ​ថ្មី ១៨​ម៉ឺន​កន្លែង​នៅ​ខែ​មុន ដែល​អាច​ធ្វើ​ឲ្យ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​ចុះ​មក​នៅ​ត្រឹម​តែ ៤.៦​ភាគរយ​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ