អាជ្ញាធរខេត្តក្រចេះ បានជំរុញទៅអ្នកភូមិនៅស្រុកចិត្របុរី ឲ្យបញ្ឈប់ការប្រើប្រាស់ទឹកនៅតាមប្រភពធម្មជាតិនៅក្នុងមូលដ្ឋាន បន្ទាប់ពីពលរដ្ឋ ១០នាក់បានធ្លាក់ខ្លួនឈឺ និងស្លាប់ ហើយអ្នកភូមិ ១២១នាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះនៅតាមមន្ទីរពេទ្យ។
ក្នុងសេចក្ដីរាយការណ៍ផ្ញើជូនទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃនេះ អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានបញ្ជាក់ថា អ្នកភូមិដល់ទៅ ១០នាក់ហើយ បានស្លាប់គិតត្រឹមថ្ងៃត្រង់ថ្ងៃអាទិត្យនេះ បន្ទាប់ពីពួកគេមានអការក្អួតចង្អោ ឈឺពោះ ឈឺក អស់កម្លាំង ទន់ដៃជើង វិលមុខ ថប់ដង្ហើម នៅក្នុងឃុំកន្ទួត។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានដាច់ដោយឡែកមួយទៀតនៅថ្ងៃនេះ រដ្ឋបាលខេត្តក្រចេះ បានសង្ស័យថា ពលរដ្ឋទាំងនោះពុលសារធាតុគីមីនៅក្នុងទឹក ដែលយកចេញពីព្រែកទេរ ដៃអូរព្រែកទេរ។
អាជ្ញាធរខេត្តក្រចេះ បានជំរុញទៅអ្នកភូមិទាំងនោះឲ្យបញ្ឈប់ការប្រើប្រាស់ទឹកមានប្រភពពីព្រែកនោះទាំងអស់ ព្រមទាំងទឹកគ្មានអនាម័យនៅតំបន់នោះ។
ក្រៅពីជំរុញបែបនេះហើយ អាជ្ញាធរខេត្តក្រចេះក៏បានអះអាងថា ខ្លួនបានបញ្ជូនទឹកស្អាតទៅដល់ប្រជាពលរដ្ឋនៅក្នុងភូមិស្រែនន និងភូមិអាលច។
បើតាមរបាយការណ៍នគរបាលខេត្តក្រចេះ ពលរដ្ឋដែលធ្លាក់ខ្លួនឈឺទាំងនោះ សុទ្ធតែជាជនជាតិដើមភាគតិចព្នងស្ថិតក្នុងស្រុកចិត្របុរី។
ករណីពុលអាហារបានកើតឡើងម្ដងរួចមកហើយកាលពីខែវិច្ឆិកាឆ្នាំមុន ដោយព្រះសង្ឃដល់ទៅជិត ១០០អង្គនៅក្នុងវត្តសរសរ ១០០ ស្ថិតក្នុងស្រុកសំបូរ បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីឆាន់ចង្ហាន់។
របាយការណ៍ក្រសួងសុខាភិបាល ឲ្យដឹងថា ករណីពុលចំណីអាហារក្នុងឆ្នាំ២០១៧ កើតមានលើមនុស្ស៩៤៧នាក់ ក្នុងនោះមានមនុស្ស ៤នាក់ បានស្លាប់ដោយសារពុលស្រា ដែលចំនួននេះ បានធ្លាក់ចុះជិត ២០ភាគរយ បើធៀបទៅនឹងតួលេខឆ្នាំ២០១៦៕