លោក ហ៊ុន សែន ចំអក​ឲ្យ​លោក​ កឹម សុខា និង​បក្ស​ប្រឆាំង​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក កឹម សុខា កាលពីកន្លងទៅ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបែបបញ្ឈិតបញ្ឆៀងទៅគណបក្សសង្រ្គោះជាតិ ដោយចំអកទៅប្រធានស្តីទីគណបក្សសង្រ្គោះជាតិនិងបក្សប្រឆាំងថាកុំឲ្យមនុស្សម្នាក់ធ្វើឲ្យខូចគណបក្សនយោបាយមួយ។

ការថ្លែងរបស់លោក ហ៊ុន សែន ធ្វើឡើងស្របពេលដែលប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា កំពុងប្រឈមនឹងការចាប់ខ្លួន ដោយសារលោកមិនបានចូលទៅតុលាការតាមការកោះហៅ។ លោក កឹម សុខា បានស្នាក់នៅទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែលើចំនួន១១ថ្ងៃមកហើយរហូតមកដល់ពេលនេះ ដើម្បីគេចពីការចាប់ខ្លួន។

ក្នុងពិធីបញ្ចុះខ័ណ្ឌសីមាព្រះវិហារនៃវត្តមួយនៅខេត្តតាកែវ លោក ហ៊ុន សែន បានថ្លែងថាអង្គការចាត់តាំងនយោបាយឬអង្គការចាត់តាំងមនុស្សធម៌មួយចំនួន មិនគួរទុកឲ្យបុគ្គលមួយនាក់ឬពីរនាក់បំផ្លាញបក្សនយោបាយរបស់ខ្លួន តាមរយៈការការពារអំពើខុសច្បាប់របស់បុគ្គលនោះ។ លោកបានស្នើឲ្យអ្នកប្រព្រឹត្តខុស ត្រូវចេញមុខទទួលខុស។  លោកមានប្រសាសន៍ថា៖ “អ្នកខ្លះខុសខ្លួនឯង ទៅយកទីកន្លែងដទៃ ជាអង្គការចាត់តាំង ជាក្រុមមនុស្សមួយក្រុម ជាតួអង្គចាត់តាំងមួយ ដើម្បីការពារខ្លួន ហើយអង្គការនោះ ក៏ការពារមនុស្សខូចនោះទៅទៀត ដើម្បីប្រឈមនឹងផ្លូវច្បាប់ ប្រហែលជារឿងនេះគឺត្រូវគិតគូឲ្យបានច្បាស់”

លោកនាយករដ្ឋមន្រ្តីបន្តថាស្ថានការណ៍នយោបាយបច្ចុប្បន្នមានសភាពធម្មតា ហើយលោកក៏អំពាវនាវឲ្យប្រជាពលរដ្ឋបន្តគាំទ្ររូបលោកក្នុងការដឹកនាំប្រទេសបន្តទៀត។ លោក ហ៊ុន សែន បានថ្លែងបន្តថា៖ “ហើយអរគុណប្រជាពលរដ្ឋរបស់យើង ដែលបានបោះឆ្នោតជូនគណបក្សប្រជាជន គាំទ្រការដឹកនាំរបស់ខ្ញុំឲ្យបន្តការដឹកនាំប្រទេសនេះ ហើយសង្ឃឹមថានឹងបន្តទទួលនូវការគាំទ្រជាបន្តទៀត”។  លោកបន្ថែមថា៖ “យើងបានរួមសុខ រួមទុក្ខជាមួយគ្នាអស់រយៈពេល៣៧ឆ្នាំហើយ។  មិនមានមុខអ្នកណាមួយ មកជួយយើង កសាងព្រះវិហារ មកជួយយើងកសាងនូវសាលារៀនមកជួយយើងកសាងនូវប្រឡាយទឹក អណ្តូងទឹក ស្រះទឹកនោះទេ។ អត់ទេ បើជេរមាន

ក្នុងស្ថានការណ៍នយោបាយបច្ចុប្បន្ន គណបក្សសង្រ្គោះជាតិបានដាក់លិខិតថ្វាយព្រះមហាក្សត្រដើម្បីស្នើព្រះរាជអន្តរាគមន៍ឲ្យជួយរកដំណោះស្រាយនយោបាយនិងកុំឲ្យមានការចាប់ខ្លួនលោក កឹម សុខា។ គណបក្សប្រឆាំងក៏បានព្រមានថានឹងធ្វើមហាបាតុកម្មអហិង្សា បើសិនជាមានការចាប់ខ្លួនលោក កឹម សុខា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចំអកបក្សប្រឆាំងយ៉ាងដូច្នេះថា៖ “ហើយឥឡូវគេថាអត់បញ្ហាទេ សភាពការណ៍គឺនៅតែឈ្នះ  អើបើអីចឹង ដេកនៅតែហ្នឹងទៅ បើគង់ថាស្រួលដដែល។ មកតាមផ្លូវមើលកាសែត គេថាសភាពការណ៍អត់បញ្ហា អើបើអត់បញ្ហា កុំស្រែក បើគង់ចាំឈ្នះដដែល ចាំឈ្នះតែប៉ាដោយ ទៅ កុំស្រែក ខ្មាសគេ។…ម្តងថាវិបត្តិ ប៉ុនអ្នកណាវិបត្តិជាមួយ អ្នកឯងចង់ដេកកន្លែង៤ម៉ែត្រ ៤ជ្រុង ទៅដេកមានះរណាគេថាអី អត់ទើសក្បាលយើងផង”

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថាអ្វីដែលគណបក្សបានធ្វើគឺដើម្បីការពារសិទ្ធិអ្នកតំណាងរាស្រ្តនិងការពារកុំឲ្យមានការរំលោភលើអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្រ្ត។ លោកបន្ថែមថា៖ “អ្វីដែលយើងតស៊ូនេះគឺតស៊ូដើម្បីការពារសិទ្ធិអ្នកតំណាងរាស្រ្ត ការពារអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ត ព្រោះស្ថានការណ៍នយោបាយមិនសំដៅទៅលើបុគ្គលម្នាក់ឬពីរនាក់ទេ យើងមើលជាលក្ខណៈទូទៅហ្នឹងមានការគាបសង្កត់លើគណបក្ស…អ៊ីចឹងហើយបានជាយើងខិតខំការពារកុំឲ្យមានការរំលោភរដ្ឋធម្មនុញ្ញ កុំឲ្យមានការរំលោភអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ត”

ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅថ្ងៃចន្ទនេះ គណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សសង្រ្គោះជាតិបានសម្រេចថានឹងបន្តប្រើប្រាស់យន្តការដែលគណបក្សមាន ដោយធ្វើការតស៊ូមតិដោយអហិង្សារហូតដល់មានដំណោះស្រាយណាមួយ។ គណបក្សក៏នឹងរៀបចំកម្មវិធីជួបជុំនៅទីស្នាក់ការបក្សនិងនៅតាមបណ្តាខេត្តនិងមានរៀបចំកម្មវិធីសាសនានៅខេត្តសៀមរាបផងដែរ។

គួរបញ្ជាក់ថាលោក កឹម សុខា ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចូលខ្លួនទៅតុលាការនៅថ្ងៃទី១៤ ខែមិថុនាខាងមុខនេះ ក្រោយពីលោកបានបដិសេធមិនចូលខ្លួនបំភ្លឺពីរដងមកហើយ។ គណបក្សប្រឆាំងថាលោក កឹម សុខា នឹងមិនចូលខ្លួនទៅតុលាការនោះទេ។ សហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជាបានអំពាវនាវឲ្យបញ្ឈប់ការយាយីផ្នែកតុលាការលើ លោក កឹម សុខា ខណៈលោកត្រូវបានចោទប្រកាន់ពីបទបដិសេធមិនចូលបំភ្លឺនៅតុលាការ ដោយលោកអាចជាប់ពន្ធនាគារពី១ខែទៅ៦ខែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ