ឈិន សុធារី ថាចង់បានតំណែងពិធីការិនីឡើងវិញ ដើម្បី​ចិញ្ចឹមកូន

អ្នកនាង ឈិន សុធារី (វង្ស សុម៉ាលីន)

ក្រៅពីបានអំពាវនាវអោយលោក សុវណ្ណ មករា ជាអតីតស្វាមីមកផ្ដិតមេដៃលែងលះ បន្ទាប់ពីលោកបានប្រកាសសុំបែក ក្រោមហេតុផលមានភរិយាក្រោយដោយបើកចំហ អ្នកនាង ឈិន សុធារី ក៏បានអំពាវនាវស្នើអោយមានការផ្ដល់ឱកាសអោយអ្នកនាងបានធ្វើជាពិធីការិនីដូចដើម ដើម្បីឈោងចាប់ទីផ្សារសិល្បៈជាថ្មីផងដែរ។ អ្នកនាងថាខ្លួននឹងហក់ចូលសិល្បៈជាថ្មី មិនថាការសម្ដែងឬថតស្ពតនោះទេ តែអ្វីដែលអ្នកនាងយល់ថាខ្លួនឯងទទួលធ្វើដោយមិនប៉ះពាល់នឹងការមើលថែកូន គឺអាជីពពិធីការិនី។

អ្នកនាង ឈិន សុធារី និយាយថា អ្នកនាងមានតែដើរលើផ្លូវសិល្បៈប៉ុណ្ណោះទើបអាចសប្បាយចិត្តនិងអាចមានលុយចិញ្ចឹមកូនទាំង២ដោយគ្មានការប៉ះពាល់ ក្រោយពេលអ្នកនាងធ្លាក់ខ្លួនស្រ្តីមេម៉ាយ។ អ្នកនាងថាអត់ខ្មាសអ្នកណានោះទេ បើទោះជាអ្នកនាងនឹងអាចប្រឈមនឹងពាក្យដំនៀលថាត្រលប់ចូលសិល្បៈ គឺដោយសារតែមានបញ្ហាក្នុងគ្រួសារនោះក៏ដោយ។ អ្នកនាងថាខ្លួនមានឈ្មោះដោយសារសិល្បៈ ដូច្នេះ​បើទោះជានាងស្ថិតក្នុងការប្រឈមដោយរឿងរ៉ាវឯកជនយ៉ាងច្រើនស្កេកស្កះ ក៏អ្នកនាងនៅតែមានកម្លាំងចិត្តនិងត្រលប់មកកាន់ការងារសិល្បៈ​​នោះដែរ។ អ្នកនាងថាខ្លួននឹងបើកចិត្តទទួលយកតំណែងពិធីការិនីចាប់ពីពេលនេះតទៅ ដោយអ្នកនាងប្រកាសថាអោយតែមានស្ថាប័នខាងណាផ្ដល់ឱកាសអោយអ្នកនាងមុនគេ គឺអ្នកនាងទទួលយកភ្លាម។

យ៉ាងណាមិញអ្នកនាងថាកម្មវិធីដែលអ្នកនាងទទួលធ្វើក៏ត្រូវសំឡឹងមើលពីទម្រង់កម្មវិធីផងដែរ ដើម្បីអោយការហក់ចូលសិល្បៈរបស់អ្នកនាងជាថ្មី មានការចាប់អារម្មណ៍ពីស្រទាប់មហាជន។ អ្នកនាងបញ្ជាក់ថាខ្លួនពិតជាអំពាវនាវចង់បានតំណែងពិធីការិនី តែបើតំណែងដែលគេទាក់ទងមិនសុំនឹងការលះបង់អ្នកនាងក៏មិនទទួលនោះដែរ ដោយសុខចិត្តនៅស្ងៀមរង់ចាំឱកាសក្នុងពេលបន្តបន្ទាប់វិញ។

អ្នកនាងថាខ្លួនមានតែចូលសិល្បៈប៉ុណ្ណោះទើបអាចរឹងមាំផ្លូវចិត្ត ហើយមានកម្លាំងលើកទឹកចិត្តនៅក្នុងកាលៈទេសៈដែលមានវិបត្តិផ្លូវចិត្តវាយសំពងមិនអស់មិនហើយនាពេលនេះ។ អ្នកនាងយល់ថានៅផ្ទះមើលតែកូនពិតជាធ្វើអោយអ្នកនាងស្មុគចិត្ត ​ទើបអ្នកនាងយល់ថាមានតែការបន្លំទុក្ខកង្វល់ជាមួយនឹងការងារសិល្បៈប៉ុណ្ណោះដែលអាចអោយអ្នកនាងសប្បាយចិត្ត ហើយមានលទ្ធភាពរកចំណូលចិញ្ចឹមកូនទាំង២ដោយមិនលំបាក។

អ្នកនាងទម្លាយថាតាំងពីថ្ងៃចុះចេញរបស់លោក សុវណ្ណ មករា មកទល់ថ្ងៃនេះ គឺលោកមិនបាននឹកនាដល់កូននិងផ្ដល់ប្រាក់ផ្គត់ផ្គង់ចំពោះកូនទាំង២មួយសេនរៀលឡើយ ដោយបន្ទុកក្នុងការរ៉ាប់រង គឺអ្នកនាងម្នាក់ឯងទាំងអស់ក្នុងពេលដែលអ្នកនាងក៏មិនទាន់រកការងារសិល្បៈបានធ្វើច្បាស់លាស់ដើម្បីជំហរជីវិតនៅឡើយ។

អ្នកនាងប្រកាសថាជារឿងពិបាកណាស់ដែលត្រូវមើលខុសត្រូវកូនទាំង២ ទាំងកូនឈឺនិងជាផង ហើយត្រូវដោះស្រាយរឿងចំណាយក្នុងផ្ទះ ជាពិសេសលើកូនក្នុងនាមជាស្រ្តីមេម៉ាយទៀត។

អ្នកនាងរំពឹងយ៉ាងខ្លាំងថាក្រោយការប្រកាសចង់បានការងារសិល្បៈ គឺនឹងមានអ្នកផលិតកម្មវិធីចាប់អារម្មណ៍ចង់បានអ្នកនាងអោយធ្វើពិធីការិនីឬបានសម្ដែងដើម្បីពង្រីកមុខមាត់ការងារឡើងវិញ។

អ្នកនាង ឈិន សុធារី និយាយថាមិនស្ដាយរឿងលោក សុវណ្ណ មករា ដើរចោលធ្វើអោយអ្នកនាងប្រឈមតម្រូវការប្រាក់កាស់ក្នុងការផ្គត់ផ្គង់កូនទាំងពីរ។

ប៉ុន្តែអ្វីដែលអ្នកនាងសោកស្ដាយគឺលោកមិនដែលចង់ដឹងសុខទុក្ខកូនរបស់ខ្លួននិង​បានទាំងយកនារីក្រោយមកបញ្ឈឺចិត្តអ្នកនាងធ្វើអ្នកនាងពិបាកចិត្តតាំងអារម្មណ៍មើលខុសត្រូវកូនមិនចង់គិត។

អ្នកនាងថាខ្លួនទើបនឹងតាំងអារម្មណ៍បានហើយសម្រេចចិត្តថាទទួលយកការងារសិល្បៈអោយបានកាន់តែឆាប់ក្រោយពីបានបង្ហាញខ្លួនក្នុងការងារដែលមានតារាសិល្បៈជួបជុំហើយត្រូវមិត្តភ័ក្រ្តក្នុងសិល្បៈភាគច្រើនអោយកម្លាំងចិត្តនិងថាបើចង់សប្បាយចិត្តអោយត្រលប់មកកាន់អាជីពចាស់វិញប៉ុណ្ណោះដើម្បីបានឃើញគេឃើញឯង ហើយមិនស្មុគចិត្ត។

អ្នកនាងប្រាប់ថាមិនទាន់មានស្ថាប័នណាមួយ​ទំនាក់ទំនងអោយនាងចេញធ្វើពិធីការិនីតាមការអំពាវនៅឡើយទេ ក្នុងពេលដែលអ្នកនាងប្រាប់ថាស្វាគមន៍ ប្រសិនបើកម្មវិធីដែលផ្ដល់អោយអ្នកនាងមិនមែនជាកម្មវិធីដែលគ្មានអ្នកចាប់អារម្មណ៍ខ្លាំងពេក។ អ្នកនាងប្រកាសថានឹងធ្វើអោយការងារសិល្បៈកំរើកឡើង ដោយការងារដែលអ្នកនាងរំពឹងខ្ពស់ម្ដងទៀតគឺពិធីការិនីតែម្ដង ដោយសារតែនោះគឺអាជីពដែលអ្នកនាងស្រឡាញ់ខ្លាំង ហើយចង់ប្រឡូកអោយខ្លាំង ដើម្បីរក្សាកេរ្តិ៍ឈ្មោះបោះសំលេងនិងដើម្បីរកលុយចិញ្ចឹមកូនផង។

នេះគឺជាការប្រកាសជំហរចូលប្រឡូកសិល្បៈជាថ្មីរបស់អ្នកនាង ឈិន សុធារី បន្ទាប់ពីអ្នកនាងរមែងប្រកាសថានៅចង់បន្តការងារសិល្បៈ តែបានពន្យារពេញចេញមុខម្ដងហើយម្ដងទៀត រហូតធ្វើអោយអ្នកខ្លះខកបំណងក្នុងការជ្រើសអោយនាងចូលកាន់កម្មវិធីនិងថតសម្ដែងជាដើមតាំងពីមុនមានដំណឹងពរពោះកូនភ្លោះ។

យ៉ាងណាមិញអ្នកនាងខ្លួនសម្រេចចិត្តទទួលការងារសិល្បៈមែនទែនហើយ ដើម្បីអនាគតកូនទាំង២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ