រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេសអាចនឹងក្លាយជានាយករដ្ឋមន្ត្រី​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់អង់គ្លេស លោកស្រី Theresa May ទទួលបានការគាំទ្រ ដឹកមុខគេ ក្នុងសំឡេងឆ្នោតគាំទ្រក្នុងជុំទី១ ខណៈសមាជិកសភាចាប់ផ្តើមជ្រើសរើសនាយ ករដ្ឋមន្ត្រីថ្មី។

លោកស្រី May គឺជាអ្នកដែលធ្លាប់ចង់ឲ្យអង់គ្លេស ស្ថិតក្នុងសហភាពអឺរ៉ុប ប៉ុន្តែពេលនេះអ្នកស្រីថ្លែងថា អ្នកស្រីនឹងដឹកនាំចំពោះការចាកចេញ។ លោកស្រីទទួល បានការគាំទ្រ ពីសមាជិកសភាគណបក្សកាន់អំណាចគឺគណបក្សអភិរក្សចំនួន១៦៥សំឡេង។ ខណៈរដ្ឋមន្ត្រីក្រសួងថាមពលលោកស្រី Andrea Leadsom ទទួលបាន៦៦សំឡេង និង រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌លោក Michael Goveទទួលបាន៤៨សំឡេង។ នេះ បើតាមទីភ្នាក់ងារព័ត៌មានAFP។

លោកស្រីMay ថ្លែងក្រោយពេលដឹងលទ្ធផលថា នេះជាការងារធំជាងមុន សម្រាប់ លោកស្រី ក្នុងការធ្វើឲ្យមានការរួបរួមក្នុងបក្សនិងជាតិទាំងមូល ដើម្បីធ្វើការចរចាឲ្យបាន ប្រសើរបំផុត តាមការដែលអាចធ្វើទៅបាន នៅពេលអង់គ្លេសចាកចេញ ពីពីសហភាពអឺរ៉ុប ហើយនឹងធ្វើឲ្យពលរដ្ឋអង់គ្លេសមានការងារធ្វើគ្រប់គ្នា។ លោកស្រី បញ្ជាក់ថា មានតែលោក ស្រី ម្នាក់គត់ដែលជាបេក្ខជនអាចបំពេញការងារទាំងបីចំណុចនេះបាន។

បេក្ខជនប្រកួតប្រជែង២រូបទៀតគឺ Liam Fox និង Stephen Crabb បានបោះបង់ ការប្រកួតប្រជែង ហើយអំពាវនាវឲ្យអ្នកទ្ររបស់ខ្លួនទៅគាំទ្រលោកស្រីMay។

មេដឹកនាំសហភាពអឺរ៉ុបបានដាក់សម្ពាធលើអង់គ្លេសចំពោះការចាកចេញយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យមានចលាចលផ្នែកសេដ្ឋកិច្ចតាំងពីខែមុន។

ប៉ុន្តែលោកស្រី May អ្នកដែលប្រកាសថា ខ្លួនលោកស្រីទទួលរ៉ាប់រងការងារ ធ្វើឲ្យមានឯកភាពជាតិដូចកាលពីការកកើតចក្រភពអង់គ្លេសនោះ ថ្លែងថា លោកស្រីមិនទាន់ចាប់ផ្តើមដំណើរការនៃការចាកចេញពីសហភាពអឺរ៉ុប ទេរហូតដល់ចុងឆ្នាំនេះ។

ធនាគារនៅអង់គ្លេសព្រមាននៅថ្ងៃអង្គារម្សិលមិញថា ហានិភ័យនៃវិបត្តិស្ថិរភាព ហិរញ្ញ វត្ថុ បណ្តាលមកពីអង់គ្លេសចាកចេញពីអឺរ៉ុបបានចាប់ផ្តើម ហើយធនាគារពាណិជ្ជកម្មចាប់ ផ្តើមកាត់បន្ថយចំនួនទឹកប្រាក់សំរាប់ដាក់កម្ចី។

ក្នុងពេលជាមួយគ្នានេះ ដែរមានការធ្លាក់ចុះតម្លៃលុយផោនរបស់អង់គ្លេស បើធៀប លុយដុល្លារ ហើយក្រុមហ៊ុនអចលនទ្រព្យធំៗចំនួនបី បានផ្អាកការធ្វើពាណិជ្ជកម្មរបស់ ខ្លួនចាប់តាំង ពីការធ្វើប្រជាមតមក។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ