វិភាគ៖ តើអ្នកនយោបាយខ្មែរគួររៀនសូត្រអ្វីខ្លះ ពីព្រឹត្តិការណ៍បង្ហូរឈាម ថ្ងៃ៥-៦កក្កដា?

Cambodian government soldiers ride armoured personnel carriers along a street in Phnom Penh on July 7, 1997. (Credit to AFP/Tang Chhin Sothy)

ព្រឹត្តិការណ៍បង្ហូរឈាមនៅកណ្តាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥និងទី៦ ​ខែកក្ក​ដា ឆ្នាំ​១៩​​៩៧​​ បា​ន​កន្លង​ទៅ​២០ឆ្នាំហើយ។

អ្នកវិភាគយល់ថា ព្រឹត្តិការណ៍​នោះ កើតឡើងដោ​​​​យសារតែ ​លោ​ក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២ និងសម្តេចក្រុមព្រះ នរោត្តម​ រណឫទ្ធិ ជា​​នា​យ​ក​រដ្ឋ​​​​ម​ន្ត្រី​ទី១ នៅ​ពេ​ល​នោះមិនទុកចិត្តគ្នា។

របា​យការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លើកឡើងថា ​មានយុទ្ធជន២០០នាក់ បា​ន​ស្លាប់ក្នុ​ងព្រឹត្តិការណ៍នោះ ក្នុងនោះមន្ត្រីស្មោះត្រង់នឹងសម្តេចក្រុមព្រះ យ៉ាងតិ​ច៦០​នាក់ ត្រូ​វ​​បាន​គេ​ស​ម្លា​ប់​​​​ក្រៅ​​​​ប្រព័ន្ធតុលាការ។

តែម​ក​ដល់ពេលនេះ ​គ្មា​នអ្នកនយោបាយណាមួយ ចេញមុខទទួលខុសត្រូវ លើយុទ្ធ​ជនរា​ប់​សឹ​ប​នាក់ ដែ​ល​បាន បូជាជីវិតនៅលើសមរភូមិ ដោយសារអ្នកនយោបាយមិនទុកចិត្តគ្នានោះទេ។

ចំ​ណែកគ្រួសារយុទ្ធជនដែលបានពលីវិញ ពួកគេកំ​ពុង​តែទន្ទឹង​រង​ចាំយុត្តិធម៌ដែរ។

​នេះ​​​​មិនទាន់គិតពីការខាតបង់ផ្នែកសេដ្ឋកិច្ច ខណៈពេលនោះក្រុមហ៊ុនធំៗមួយចំនួន ដូចជាក្រុ​មគ្រោ​ងត​ម្លើ​ងរថយន្ត ម៉ូតូជាដើម បានប្រកាសដកខ្លួនចេញពីកម្ពុជាភ្លាមៗ ទៅដាក់វិនិយោគនៅប្រ​ទេស​ជិតខា​ង ​ក្រោយព្រឹត្តិការថ្ងៃ៥និង៦ កក្កដា ឆ្នាំ១៩៩៧នេះកើតឡើង។

តើអ្នកនយោបាយខ្មែរគួររៀនសូត្រអ្វីខ្លះពីព្រឹត្តិការបង្ហូរឈាមថ្ងៃ៥-៦កក្កដា?

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ការប៉ះទង្គិចគ្នាដោ​យអាវុធ នៅ​​​ថ្ងៃ​​​ទី៥​​និង​ទី​៦ខែកក្កដា លោកថាជាគំរូអាក្រក់មួយរបស់អ្នកនយោបាយ។

លោក ឯម សុវណ្ណារ៉ា វិភាគថា ការផ្តល់គំរូអាក្រក់ដោយសា​រតែ​​​ពេ​លនោះ គ្រប់ភាគីអ្នកនយោបាយបាន​ចុះកិច្ចព្រមព្រៀងឈប់បាញ់ តាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា១៩៩១ តែពួក​​គេ​​​មិ​នព្រមបង្កើតវប្បធម៌ជជែកគ្នា បែរជាជ្រើ​សរើសយកការបង្ហូ​រឈាមតាមរយៈ​ប្រើប្រាស់កម្លាំងប្រដាប់​អា​វុធ​​ដើ​ម្បីដោះ​ស្រាយបញ្ហាទៅវិញ។

លោកថា៖ «គេហៅថាកំណត់ត្រាប្រវត្តិសាស្ត្រមួយដែលយើងគិតថា មានរូបភាពមិនល្អ មានន័យថា ពលរដ្ឋនិងអ្នកនយោបាយ អត់មានពេលជជែកគ្នាបាន ត្រូវតែប្រើប្រាស់កម្លាំងប្រដាប់អាវុធ ក្រោយការបោះ​ឆ្នោ​ត​​ដែលរៀ​បចំដោយអង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៩៣ហ្នឹងម​ក។ លក្ខខណ្ឌហ្នឹងវាធ្វើ​ឲ្យយើ​ងប៉ះ​គ្នា ​ហើយវាបានបន្សល់ទុកនូវរូបភាពមិនល្អសម្រាប់កូនចៅជំនាន់ក្រោយ។ រហូត​មកដ​ល់ពេលនេះ កំណ​ត់​ហេតុប្រវត្តិសាស្ត្រ ដែលកើតឡើងហ្នឹងយើងអត់​បានឲ្យអ្នកដែលធ្វើ​ឬក៏ពាក់​ព័​ន្ធ​​ហ្នឹង មានកា​រទទួលខុស​ត្រូវផ្លូវច្បាប់អត់មានទេ»។

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា មេរៀនដែលអ្នកនយោបាយខ្មែរ គួររៀនពីព្រឹត្តិការនេះ លោកថាត្រូវបញ្ចៀសការប្រើអាវុធប្រកួតប្រជែងដោយតម្លាភាព ស្មោះត្រង់ តាមយន្តការប្រជាធិបតេយ្យ។

លោកថា៖ «អ្នកនយោបាយកាន់អំណាចហ្នឹងត្រូវចេះរៀបចំនីតិវិធីយន្តការបន្តនិរន្តរភាព មិនមែនរៀបចំយន្ត​ការបន្តអំណាច​ទេ។ បានន័យថាត្រូវរៀបចំយ៉ាងម៉េចថា នៅពេលដែលគាត់ចប់អំណាចទៅ គាត់មា​នសុ​វត្ថិភាព មិនបារម្ភពីការរុកកួន ឬក៏សើរើឡើងវិញ អាហ្នឹងគឺត្រូវរៀបចំកត្តាផ្លូ​វច្បាប់មួយ។ ចំនុច​មួយទៀត​ទាល់តែអ្ន​កនយោ​បាយហ្នឹងបណ្តុះនូវស្មា​រតីថាឈ្លោះគ្នាតែនៅ​ក្នុងបញ្ហានយោ​បាយបានហើយ។ ប៉ុន្តែក្នុងបញ្ហាសង្គមទូទៅ គួរតែចេះបណ្តុះវប្បធម៌យោគយល់ ចេះអត់ឱនឲ្យគ្នា អាហ្នឹងទើ​បសង្គមយើងគេចផុតពីការប៉ះនូវសង្គ្រាមបាន»។

ប៉ុន្តែសម្រាប់លោក ហ៊ុន សែន វិញ មុនបោះឆ្នោតឃុំ-សង្កាត់ លោកបានគំរាមញឹកញាប់ថា បើគ​ណ​បក្សលោកចាញ់ លទ្ធភាពផ្ទុះសង្គ្រាមនឹងអាចកើតឡើងថាថ្មី។ ជាងនេះទៅទៀត លោក ហ៊ុន សែន ក៏ធ្លាប់​ព្រ​លយពាក្យថា លោកមិនខ្លាចនឹងកម្ទេ​ចមនុស្ស១០​០ទៅ២០០នាក់​ដើម្បីការពារ​សន្តិភា​ព​នោះទេ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថា ដើម្បីទប់ស្កាត់កុំឲ្យកម្ពុជាផុងខ្លួន ចូលក្នុងអន្ទាក់សង្គ្រាបបង្ហូរឈាមទៅថ្ងៃអនាគត លោកវិភាគថាមានកត្តាពីរដែលត្រូវជាសវាង។

លោក មាស នី ពន្យល់ថា កត្តាទីមួយពលរដ្ឋខ្លួនឯងត្រូវឈប់គិតថា ខ្មែរជាពូជអ្នកចម្បាំង ដោយ​លោ​កថា ចម្បាំងពេលនេះកម្ពុជាលែងមានលទ្ធភាពទៅតតាំងជាមួយបរទេសឈ្លានពានហើយ ពោល​បើច្បាំ​​​ង​មា​​​​ន​​​តែស​ម្លាប់ខ្មែរគ្នាឯង និងកត្តាទី២លោកថា មានតែការយោគយល់គ្នា ដោយត​ម្កល់ប្រ​យោ​​ជន៍ជា​តិ​ជាធំ។

លោកថា៖ «បើសិនជាយើងប្រើពាក្យថាដើម្បីឲ្យមានសន្តិភាពត្រូវកំចាត់មនុស្ស១០០ឬ២០០នាក់នោះវាហាក់​ដូចជា​មិ​នទាន់សមស្របទៅនឹងអ្វីដែលយើងគិតថាជាកត្តាដែលនាំឲ្យមានសន្តិភាពនោះ វាមិនទាន់​គ្រប់​គ្រាន់​ទេ យើងត្រូវយកការទុកចិត្តគ្នា ការយោគយល់គ្នា ដើម្បីពង្រឹងសន្តិ​ភាពយូរអង្វែ​ងនោះ»។

អ្នកនយោបាយជើងចាស់ គឺលោក លឺ ឡៃស្រេង វិភាគថា ព្រឹត្តិការបង្ហូរឈានថ្ងៃ៥-៦កក្កដា ទំនងជាមិនមែនជាការភ្ញាក់ផ្អើល របស់បក្សកាន់អំណាចទេ លោក​​ថាបើ​​គ្មា​នចរន្តជំរុញឲ្យមានការផ្លាស់ប្តូរនោះ។ លោកថា៖ «មិនងាយកែទេ ព្រោះថ្នាក់ដឹកនាំ មិនងាយកែអញ្ចឹងហ្មង។ កែបានទាល់តែដូរ អត់ដូរអត់កែទេ»។

សាស្ត្រាចារ្យប្រវត្តិសាស្ត្រលោក វង់ សុធារ៉ា លើកឡើងថា ព្រឹត្តិការបង្ហូរឈាមខ្មែរគ្នាឯងនៅឆ្នាំ១៩៩៧ នោះ​​​លោ​កថាមិនមែនជារឿងថ្មីទេ បើគេមើលពីប្រវត្តិសាស្ត្រ ពិសេសនៅសតវត្សទី១៧ នាសម័​យស្តេ​ច​ជេ​ថាទី២។

លោក វង់ សុធារ៉ា លើកឡើងទៀតថា ដោយគ្រាន់តែនៅសតវត្សទី១៧ កាប់សម្លាប់គ្នាដណ្តើមស្រី តែលោ​ក​ថា ព្រឹត្តិការបង្ហូរឈាម នៅថ្ងៃ៥និង៦កក្កដា លោកថាជាម្លោះដណ្តើមអំណាច រវាង​ប​ក្ស​ប្រ​​ជាជ​នកម្ពូជា ដែ​​​ល​​​​កា​ន់អំណាចយូរហើយចាញ់ឆ្នោត និងគណបក្សហ្វ៊ុនស៊ីនប៉ិច ដែល​ឈ្នះឆ្នោតតែមិ​នអាចធ្វើ​នាយ​ករដ្ឋ​​មន្ត្រី​​​តែ​ម្នាក់ឯងសម្រាប់ដឹកនាំ​រដ្ឋ​​។

សាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនេះ ពន្យល់ថា ដើម្បីទប់ស្កាត់កុំឲ្យមានការបង្ហូរឈាមខ្មែរគ្នាឯង និងទ​ប់ស្កា​ត់​កុំ​​ឲ្យប្រទេសជិតខាងកេងចំណេញពីជម្លោះផ្ទៃក្នុងនេះ លោកថាមានតែអ្នកនយោបាយខ្មែរ គិតឡើងវិ​ញពី​ទុ​ក្ខ​​សោក របស់ពលរដ្ឋដែលរងគ្រោះ ហើយងាកមកពង្រឹងសាមគ្គីផ្ទៃក្នុងឡើងវិញ។

លោកថា៖ «កាលណាតែយើងឈ្លោះគ្នាខ្លាំង បរទេសគេចេះតែទាមទារនេះ ទាមទារនោះ ហើយអ្នកកាន់អំ​ណាចកាលណា​តែបរទេសគេទាមទារ ហើយនៅពេលដែល​យើងគាប​សង្កាត់ទៅលើក្រុ​មម្ខាងទៀតដែល​មាន​កម្លាំ​ង​មិនស្មើ​យើងហ្នឹងខ្លាំងពេក យើងចេះតែបន្ទន់ឥរិយាបទជាមួយបរទេសហើយ ព្រោះខ្លាចបរទេស​ហ្នឹ​ងគាំ​ទ្រក្រុ​មម្ខាងទៀតនោះ ដែលកំពុងប្រឆាំងជាមួយហ្នឹង ឲ្យត្រឡប់មកកាន់អំណា​ចវិញ ដូចប្រវត្តិ​សាស្ត្រ​ដែលសាដាន ដដែលៗតាំ​ងពីស​តវត្សទី១៧មកណាស់ដែលសៀម និងយួនព្យាយាមប្រ​ជែងគ្នាដាក់តាំង​មេដឹកនាំខ្មែ​​​រណាដែលរ​ណប​ខ្លួន និងជិតស្និទជាមួយខ្លួន»។

ទោះជាយ៉ាងណាលោក ហ៊ុន សែន ធ្លាប់ការពារថា​ ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-៦ កក្កដា កើត​ឡើងដោយសារ​តែ​សម្តេចក្រុមព្រះ នាំ​ក្រុម​ខ្មែរ​ក្រហម​ខុស​ច្បាប់​ចូល​ស្រុកនិងនាំ​អាវុធ​ចូល​ខុស​ច្បាប់​ផង​ដែរ ដែលលោកថាជាការ​បង្ក​​គ្រោះថ្នាក់​ដល់​ប្រទេស​ជាតិ ទើបមានវិធានការទប់ទល់។

សរុបជារួម អ្នកវិភាគ លើកឡើងថា ព្រឹត្តិការណ៍បង្ហូរឈាមខ្មែរគ្នាឯងជាថ្មីទៀតនៅថ្ងៃទី៥និងទី៦​កក្កដាឆ្នាំ១​៩៩៧ បានបង្សល់នូវសោកនាដកម្មជាច្រើន ដល់យុទ្ធជនរាប់សឹបនាក់ ដែលបានពលីជីវិត បង្កើតឲ្យមា​ន​វ​​​ប្ប​ធម៌និ​ទណ្ឌភាព បង្កការភ័យខ្លាចដល់អ្នកវិនិយោគ និងបំផ្លាញដល់សេដ្ឋកិច្ចជាតិជាដើម។

អ្នកវិភាគ​ជំរុញឲ្យអ្នកនយោបាយជ្រើសរើសយន្តការប្រជាធិបតេយ្យ ក្នុងការប្រកួតប្រជែងអំណាច ទើប​​​អាចធា​នាបាននូវសាមគ្គីផ្ទៃក្នុងជាតិ និងទប់ស្កាត់ឥទ្ធិពលចង់រំលោភបំពានពីប្រទេសជិតខាង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ