អ៊ិន សុភិន ​​​និយាយ​រឿង​ដាលីស ​វះ​កាត់​​សម្រាល​កូន

នាង ភិន សុដាលីស និងកូនស្រីទើបកើត (ប្រភពហ្វេសប៊ុក)

ធ្មេចបើកៗ តារាសម្ដែងមេម៉ាយក្មេងខ្ចីនាង ភិន សុដាលីស បានសម្រាលកូនស្រីដែលជាដំណក់ឈាមរបស់លោក ប៉ែន ចំរ៉ុង ហើយ បន្ទាប់ពីនាងពរពោះនិងខំមើលថែសុខភាពក្នុងផ្ទះក្រោយការលែងលះជាមួយស្វាមីទាំងចម្រូងចម្រាស់។

នាង សុដាលីស ត្រូវគេឃើញលោកឪពុកដឹកទៅកាន់មន្ទីរពទ្យមួយនៅម្ដុំទឹកថ្លាតាំងពីល្ងាចថ្ងៃទី៥ ខែតុលា ប៉ុន្តែរហូតដល់ល្ងាចថ្ងៃទី៦ ខែតុលា ទើបក្រុមគ្រូពេទ្យសម្រេចចិត្តវះកាត់ ទោះបីនាងចង់សម្រាលដោយធម្មជាតិដែលអាចធ្វើទៅបានព្រោះតែទារិកានោះថ្លោស។

នៅលើគណនីយហ្វេសប៊ុកលោក អ៊ិន សុភិន បានសរសេរថា៖ ភិន សុដាលីស ជាកូនស្រីត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរ និងត្រៀមសម្រាលកូនដំបូង។ នាងត្រូវបានគ្រួសារដឹកទៅកាន់ពេទ្យរ៉ូយ៉ាល់ភ្នំពេញទឹកថ្លា តែសភាពឈឺពោះត្រូវគេដឹងថាមានរយៈពេលច្រើនម៉ោង នៅតែមិនអាចសម្រាលកូនបានដោយជោគជ័យដោយមិនធ្វើការវះកាត់

លោក អ៊ិន សុភិន និយាយថាក្នុងពេលបញ្ជូនទៅពេទ្យដំបូង ទាំងសមីខ្លួន និងគ្រួសារផ្ទាល់ ទាមទារឲ្យនាងសម្រាលកូនដោយធម្មជាតិប៉ុណ្ណោះ ដើម្បីកុំឲ្យធ្វើទុក្ខពេលនាងចាស់ទៅ។ ប៉ុន្តែដោយសារដាលីសឈឺពោះតាំងពីល្ងាចថ្ងៃទី៥ តុលា រហូតដល់ថ្ងៃត្រង់ថ្ងៃទី៦ តុលា ទើបក្រុមគ្រូពេទ្យសម្រេចឲ្យនាងវះកាត់ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ។

លោក អ៊ិន សុភិន បន្តថា នាងត្រូវបានគ្រូពេទ្យវះកាត់នៅវេលាម៉ោង៤ និង៤២នាទី ក្នុងពេលដាលីសបានចំណាយពេលឈឺពោះច្រើនម៉ោងរហូតដល់អស់កម្លាំងពីខ្លួន។ លោកថា ដាលីសមានសុខភាពខ្សោយក្រោយការវះកាត់ ប៉ុន្តែរូបនាងមិនមានបញ្ហានោះទេ បន្ទាប់ពីក្រុមគ្រូពេទ្យបានចំណាយពេលមើលថែយ៉ាងយកចិត្តទុកដាក់។

លោក អ៊ិន សុភិន បានអះអាងថា ដោយសារតែឃើញសភាពពិបាករបស់កូនស្រី ទើបលោកមានតែអាណិតនិងមិនបានគុំគួនលោក ប៉ែន ចំរ៉ុង រហូតដល់មិនចង់មើលថែទាំងម្ដាយទាំងកូនទាំងពីរនោះទេ បើទោះជាលោកនៅសារភាពថា មិនទាន់ស្រឡះចិត្តរឿង ប៉ែន ចំរ៉ុង ធ្វើឲ្យខ្លួនឆ្អែតចិត្តនៅឡើយ។

លោកបានថ្លែងថា សម្រាប់ឪពុកម្ដាយបើជ្រុលសាងកំហុសរមែងកូនៗខឹងស្អប់ហើយគ្មានថ្ងៃនឹងលើកលែងឲ្យផងក៏មិនដឹង ប៉ុន្តែសម្រាប់រូបលោកគឺទោះជា ភិន សុដាលីស ធ្វើឲ្យលោកអាម៉ាសយ៉ាងណាក៏លោកនៅតែកាន់ដៃកូនស្រី និងចៅស្រីធ្វើឲ្យនាងកក់ក្ដៅនោះដែរ។

លោក អ៊ិន សុភិន បានបន្តប្រាប់វីអូឌីថា ដំបូងលោកបានប្រកាន់ជំហរមិនឲ្យ ដាលីស ធ្វើការវះកាត់ក្នុងពេលសម្រាលកូននោះទេ ប៉ុន្តែដោយសារសភាពនាងឈឺពោះមានរយៈពេលច្រើនម៉ោង ហើយក្រុមគ្រូពេទ្យបានពិនិត្យឃើញថាក្មេងក្នុងពោះមានសភាពថ្លោសខ្លាំងទើបមធ្យោបាយវះកាត់ត្រូវបានសម្រេចឡើង។

លោកថាកូនស្រីរបស់ ភិន សុដាលីស មានទម្ងន់ ៣,២គីឡូក្រាមនិងមិនទាន់ដឹងថាមានមុខកាត់ទៅរកឪពុកឬម្ដាយនៅឡើយទេ។ យ៉ាងណាក៏ដោយ លោកថានឹងផ្ដល់ការស្រឡាញ់ដល់ក្មេងម្នាក់នោះ  បើទោះជាកូនស្រីរបស់ អ៊ិន សុភិន ជាដំណក់ឈាមរបស់ ប៉ែន ចំរ៉ុង។

លោកនិយាយថា៖ “ខ្ញុំនិងប្រពន្ធខ្ញុំនៅមើលដាលីសរហូតហ្នឹង! ខ្ញុំបានទៅផ្ទះតែពេលយកឥវ៉ាន់ និងងូតទឹកអីតិចទេ យើងអត់ចង់ចោលគាត់  (ភិន សុដាលីស) ទេទោះរឿងពីមុនយ៉ាងមិចក៏ដោយ ”។

លោកបន្តថា រឿងលោកប៉ែន ចំរ៉ុង ជារឿងផ្សេង តែសម្រាប់កូនស្រីរបស់ដាលីស គឺលោកមានតែអាណិតនៅពេលឃើញក្មេងនេះកើតមកដោយគ្មានឪពុកសូម្បីតែមកមើលមុខ។ លោកបានព្រមថាបើ ប៉ែន ចំរ៉ុង ចង់មកមើលមុខកូនខ្លួនឯង លោកគ្មានសិទ្ធហាមឃាត់នោះទេ។

លោកនិយាយថា៖ “រឿងចំរ៉ុងវាមក មិនមក ទាល់តែសួរវាបានដឹង! សម្រាប់ខ្ញុំ បើគេមកមើលកូនគេជារឿងរបស់គេតើ! សម្រាប់ពួកខ្ញុំធម្មតា ” ។

យោងតាមការប្រកាសរបស់ ភិន សុដាលីស នាងបានសម្រេចចិត្តដាក់ឈ្មោះក្មេងស្រីតែបានមើលឃើញពន្លឺថ្ងៃមុននេះថា Katerina ហើយបើទោះជាក្មេងស្រីនេះមានមុខមាត់ដូចលោក ប៉ែន ចំរ៉ុង ក៏នាងបញ្ជាក់ថានឹងរឹតតែស្រឡាញ់ បើទោះជានាងបានប្ដូរជំហរមិនចង់រំលឹកសូម្បីតែឈ្មោះរបស់លោកក៏មិនចង់រំលឹកនោះ។

ភិន សុដាលីស បានបញ្ជាក់មុនសម្រាលកូនថា នាងនឹងធ្វើជាម្ដាយផង ឪពុកផងលើកូនស្រីរបស់ខ្លួន មិនឲ្យលោកប៉ែន ចំរ៉ុង មានមុខមកទទួលខុសត្រូវនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ