រដ្ឋាភិបាល​ផ្ទេរ​ការ​គ្រប់​គ្រង​ថ្នាក់កុមារ​តូចឲ្យ​មក​​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុងនិង​ស្រុក

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីកន្លងទៅ​

រដ្ឋាភិបាលកម្ពុជាសម្រេចផ្ទេរការគ្រប់គ្រងកុមារថ្នាក់មតេយ្យ បឋម និងការអប់រំក្រៅប្រព័ន្ធទៅឲ្យរដ្ឋបាលក្រុង ស្រុកគ្រប់គ្រងវិញ ដោយថាក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពនិងគុណភាពនៃការផ្តល់សេវាអប់រំកុមារតូចនិងជាផ្នែកមួយនៃដំណើរការកំណែទម្រង់វិស័យអប់រំកម្ពុជា។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង កាលពីថ្ងៃទី២៩កញ្ញាកន្លងទៅបានថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការប្រគល់មុខងារពាក់ព័ន្ធនឹងការគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធទៅឲ្យរដ្ឋបាលក្រុង ស្រុក ដែលធ្វើឡើងនៅខេត្តបាត់ដំបង ថាការផ្ទេរការគ្រប់គ្រងនេះជាគំរូនៃការធ្វើវិមជ្ឈការក្នុងការផ្តល់សេវាអប់រំឲ្យកាន់តែកៀកជិតប្រជាពលរដ្ឋ និងជាដំណើរការកំណែរទម្រង់វិស័យអប់រំរបស់កម្ពុជា។ លោកបន្ថែមថា ការផ្ទេរនេះមិនមែនមានន័យថាក្រសួងអប់រំអស់ភារកិច្ចក្នុងការគ្រប់គ្រងការអប់រំកុមារតូចនោះទេ គឺគ្រាន់តែជាការបែងចែកតួនាទីបន្ថែមដល់រដ្ឋបាលក្រោមជាតិក្នុងការធ្វើឲ្យវិស័យអប់រំកម្ពុជាកាន់តែប្រសើរ។

លោកមានប្រសាសន៍ថា៖ “ដូចខ្ញុំបានបញ្ជាក់អំបាញ់មិញហើយឯកឧត្តមបណ្ឌិតហង្ស ជួនណារ៉ុន គាត់បានបញ្ជាក់រួចហើយ កុំយល់ច្រលំថាការផ្ទេរនេះក្រសួងគាត់អស់ភារកិច្ចមិនមែនទេ។ នេះគ្រាន់តែជាការបែងចែកការទទួលខុសត្រូវតែប៉ុណ្ណោះទេ ប៉ុន្តែបើតាមផ្លូវច្បាប់នៅតែក្រសួងមានសិទ្ធិ មានអំណាចក្នុងការចាត់ចែង ដើម្បីឲ្យវិស័យអប់រំនេះកាន់តែល្អប្រសើរឡើង។ ហ្នឹងត្រូវយល់់ឲ្យបានអំពីគោលគំនិតរបស់យើង អំពីការសម្រេចចិត្តដែលផ្ទេរមកនេះដើម្បីធ្វើឲ្យគុណភាពនៃការអប់រំបឋមសិក្សា កុមារតូច និងក្រៅប្រព័ន្ធវាកាន់តែប្រសើរឡើង”។

លោក ស ខេង ក៏បានស្នើរឲ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់រៀបចំខ្លួនឲ្យបានគ្រប់គ្រាន់ក្នុងការអនុវត្តការផ្ទេរនេះ ឲ្យបានយូរបំផុតចាប់ពីថ្ងៃទី៣០ តុលា ឆ្នាំ២០១៦នេះ។

នាយកប្រតិបតិ្តសម្ព័ន្ធគណនេយ្យភាពសង្គមលោក សន ជ័យ ដែលអង្គការរបស់លោកបានធ្វើការច្រើនទាក់ទងទៅនឹងវិស័យអប់រំនៅកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៧ កញ្ញាថា លោកគាំទ្ររដ្ឋាភិបាលក្នុងការធ្វើវិមជ្ឈការវិស័យអប់រំនេះ តែលោកថាការផ្ទេរការអប់រំទៅកាន់រដ្ឋបាលក្រុង ស្រុកជាអ្នកគ្រប់គ្រងវារឿងដែលពិបាកមួយ ដោយលោកលើកឡើងថា សមត្ថភាពនៃក្រុមប្រឹក្សាស្រុកបច្ចុប្បន្ននៅមានកម្រិតនៅឡើយ។

លោកឲ្យជាយោបល់ថា៖ “អញ្ចឹងក្រុមប្រឹក្សាស្រុកត្រូវបន្ថែមល្បឿនការងាររបស់គាត់បន្ថែមទៀតត្រូវបន្ថែមបទពិសោធន៍កាងាររបស់គាត់បន្ថែមទៀត បើមើលទៅលើទិដ្ឋភាពបច្ចុប្បន្នយើងមើលឃើញថាវាអាចជាការលំបាកដែរ សម្រាប់ក្រុមប្រឹក្សាស្រុកសម្រាប់ការងារគ្រប់គ្រងបឋមសិក្សា និងអប់រំកុមារតូចហ្នឹង។ អញ្ចឹងរឿងដែលសំខាន់នោះគឺ ការពង្រឹងសមត្ថភាព យន្តការបែងចែកថវិកាជាតិឲ្យមានប្រព័ន្ធគ្រប់គ្រងដែលល្អ ប្រព័ន្ធនៃការវាយតម្លៃការងារពីមួយឆ្នាំទៅមួយឆ្នាំចាំបាច់ត្រូវមានការចូលរួម ជាពិសេសមានផែនការជាក់លាក់។ … វិមជ្ឍការគឺសំដៅលើផែនការ ប៉ុន្តែបើសិនជាអ្នកអនុវត្តន៍វិមជ្ឍការគាត់អត់ចេះធ្វើផែនការ ក៏អត់អាចទៅរួចដែរ”។

កំណែទម្រង់វិស័យអប់រំនៅកម្ពុជាបានធ្វើការកែទម្រង់ជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០១៤មករហូតមកដល់ឆ្នាំ២០១៦ នេះឃើញថាវិស័យអប់រំរបស់កម្ពុជាត្រូវបានមហាជនទទួលស្គាល់ច្រើនតាមរយៈការរឹតបន្តឹងការប្រលងមធ្យមសិក្សាទុតិយភូមិ ការបង្រៀន និងការបណ្តុះគំនិតក្នុងការអានជាដើម តែស្របពេលដែលការធ្វើកំណែទម្រង់នេះ ប្រាក់ខែរបស់គ្រូបង្រៀននៅតែរងការរអ៊ូរទាំថាមានកម្រិតទាប ដែលមិនទាន់អាចឆ្លើយតបទៅនឹងជីវភាពរបស់គ្រូបង្រៀនបាននៅឡើយទេ។ ក្នុងទិវាគ្រូបង្រៀនអន្តរជាតិកាលពីថ្ងៃម្សិលមិញក្រុមគ្រូបង្រៀនដែលជាសមាជិកសមាគមគ្រូបង្រៀនឯករាជ្យបានទាមទារឲ្យរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់ដល់គ្រូបង្រៀន និងបង្កើនប្រាក់ខែគោលឲ្យបានយ៉ាងតិច ១លាន៥សែនរៀល នោះទើបធ្វើឲ្យជីវភាពគ្រូបង្រៀនមានភាពល្អប្រសើរ និងអាចយកចិត្តទុកដាក់ច្រើនក្នុងការបង្រៀនសិស្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ