ក្រសួងមហាផ្ទៃសម្រេចប្ដឹងទៅតុលាការ សុំរំលាយគណបក្សសង្គ្រោះជាតិ

មេដឹកនាំ​អតីត​បក្សប្រឆាំង លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបភាព៖ សហការី)

ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃសុក្រនេះ សម្រេចដាក់ពាក្យបណ្តឹង ដើម្បីសុំរំលាយគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ដែលការប្តឹងនេះ ហាក់ធ្វើឡើងតាមបណ្ដឹងរបស់គណបក្សចំនួន២ ដែលគ្មានអាសនៈក្នុងរដ្ឋសភា។

ក្នុងពាក្យបណ្ដឹង ចុះថ្ងៃទី៦ខែតុលាឆ្នាំ២០១៧នេះ ក្រសួងមហាផ្ទៃ បានប្ដឹងទៅស្ថាប័នតុលាការកំពូល ដើម្បីសុំឲ្យតុលាការជាន់ខ្ពស់មួយនេះ រំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេសនោះ នៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨​។

ពាក្យបណ្ដឹងនេះ ទំនងជាមិនមែនកើតចេញពីក្រសួងមហាផ្ទៃដោយផ្ទាល់នោះទេ ប៉ុន្ដែធ្វើឡើងតាមបណ្ដឹងរបស់គណបក្សចំនួន២ ដែលគ្មានអាសនៈក្នុងរដ្ឋសភា គឺគណបក្ស ហ្វ៊ុន ស៊ិនប៉ិច របស់សម្ដេចក្រុមព្រះ និងគណបក្សទើបបង្កើតថ្មីមួយឈ្មោះ គណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។

នៅក្នុងពាក្យបណ្ដឹងដដែលនោះ ក្រសួងមហាផ្ទៃ បានយោងទៅលើភស្ដុតាងវីឌីអូឃ្លីបចំនួន៣ និងភស្ដុតាងមួយចំនួនទៀត ដែលក្រសួងចោទថា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានឃុបឃិតជាមួយបរទេស និងជំរុញឲ្យមានចលនាបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាល ដោយថា បានជ្រកក្រោមពាក្យស្លោកនយោបាយ «ការផ្លាស់ប្ដូរជាវិជ្ជមាន» ដើម្បីបំផុសបំផុល ឲ្យប្រជាពលរដ្ឋ ស្អប់រដ្ឋាភិបាលបច្ចុប្បន្ន។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ្រ ថាលោក សុំមិនឆ្លើយសំណួរ ពាក់ព័ន្ធនឹងពាក្យបណ្ដឹង ដែល គណបក្សចំនួន២ បានប្ដឹងទៅក្រសួងមហាផ្ទៃ ដោយលោកថា ទុកឲ្យមេធាវី បកស្រាយជំនួស។

មេធាវីតំណាងដោយអាណត្តិម្នាក់ របស់ក្រសួងមហាផ្ទៃ គឺលោក គី​ តិច ឲ្យអ្នកសារព័ត៌មានដឹងថា ក្រសួងមហាផ្ទៃ បានស្រាវជ្រាវ និងប្រមូលបានភស្ដុតាងចំនួន ២១ចំណុច ដោយចោទថា គណបក្សសង្រ្គោះជាតិ  បានបំពានមាត្រា ៦ថ្មី (២) និងមាត្រា៧ នៃច្បាប់គណបក្សនយោបាយ ដែលទើបត្រូវបានធ្វើវិសោធនកម្ម ជាលើកទី២។ លោក គី​ តិច ចោទថា គណបក្សមួយនេះ ស្ថិតក្រោមបញ្ជារបស់រដ្ឋាភិបាលបរទេស​ បានញុះញង់នាំឲ្យបែកបាក់ជាតិ និងដែលធ្វើឲ្យបះពាល់ដល់សន្ដិសុខរបស់ប្រទេស។

VOD មិនអាចទាក់ទងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានទេ។

ចំណែក អ្នកច្បាប់យល់ថា បើគណបក្សប្រឆាំង ត្រូវតុលាការកំពូលរំលាយចោលមែន នោះមានន័យថា សភាទាំងមូល ក៏ខុសច្បាប់ ផ្ទុយពីរដ្ឋធម្មនុញ្ញផងដែរ ដោយថា ត្រង់មាត្រា​៧៨ នៃរដ្ឋធម្មនុញ្ញ​ ចែងថា «នីតិ​របស់​រដ្ឋសភា​ មាន​កំណត់​៥​ឆ្នាំ ហើយ​ត្រូវ​ផុត​កំណត់ ​នៅពេល​ដែល​រដ្ឋសភា​ថ្មី ​ស្បថ​ចូលកាន់​តំណែង។ រដ្ឋសភា​ មិន​អាច​ត្រូវ​បាន​រំលាយ​មុន​ផុត​អាណត្តិ ​បាន​ឡើយ វៀរលែងតែ​ក្នុង​ករណី​ដែល​រាជរដ្ឋាភិបាល ត្រូវ​បាន​ទម្លាក់​ពីរ​ដង​ក្នុង​រយៈពេល​១២​ខែ»។

ម​ន្ត្រីផ្នែកច្បាប់នៃអង្គការខុមហ្វ្រែល លោក យឿង សុធារ៉ា មានប្រសាសន៍ថា បើក្រសួងមហាផ្ទៃ ដាក់ពាក្យបណ្ដឹង ទៅតាមការស្នើរបស់គណបក្សនយោបាយនោះ លោកថា វាជាការខុសឆ្គង ដោយថា តាមច្បាប់ គឺក្រសួងមហាផ្ទៃ ត្រូវផ្អែកលើឆន្ទៈ និងស្មារតីរបស់ខ្លួន ដែលឈរលើគោលការណ៍ឯករាជ្យ និងអព្យាក្រឹត្យ ក្នុងនាមជាស្ថាប័នរដ្ឋ។

លោកមានប្រសាសន៍បន្ថែមថា រដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ត្រូវបង្កលក្ខណៈងាយស្រួល និងផ្ដល់សិទ្ធិសេរីភាព ដល់គ្រប់គណបក្សនយោបាយ ដែលចង់ប្រកួតប្រជែងគ្នា ទៅដឹកនាំរដ្ឋាភិបាល។ លោកថា បើស្ថានការណ៍នយោបាយ នៅតែបន្ដតានតឹងខ្លាំងនៅមុនការបោះឆ្នោត នោះសហគមន៍ជាតិ និងអន្ដរជាតិ នឹងពិបាកទទួលលទ្ធផលបោះឆ្នោតនាឆ្នាំក្រោយ។

មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ មើលឃើញថា គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ហាក់កំពុងទទួលរងការគំរាមកំហែងជាបន្តបន្ទាប់ ពីសំណាក់រដ្ឋាភិបាលសព្វថ្ងៃ។ ករណីនេះ ពួកគេទទូចថា អាជ្ញាធរកម្ពុជា គួរបន្ធូរបន្ថយកម្ដៅនយោបាយ នៅមុនការបោះឆ្នោត និងស្នើឲ្យដោះលែង លោក កឹម សុខា ជាបន្ទាន់ ដើម្បីធានាពីលំហូរប្រជាធិបតេយ្យនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ