បទយកការណ៍៖ ប្រជាពលរដ្ឋសំដែងក្ដីអាឡោះអាល័យថ្ងៃបូជាសពព្រះសង្ឃ សំ ប៊ុនធឿន ខណៈយុត្តិធម៌ហាក់នៅឆ្ងាយដូចជើងមេឃ

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 2:47 PM | បទយកការណ៍ | 0 | 2602 ពិធីបូជាសពព្រះសង្ឃ សំ ប៊ុនធឿន (ពេជ្រ ចំរុង)

អស់រយៈពេលជិត១៤ឆ្នាំហើយ ដែលព្រះគ្រូផ្នែកវិបស្សនាកម្មដ្ឋានដ៏ល្បីល្បាញមួយអង្គត្រូវបានខ្មាន់កាំភ្លើងលួចបាញ់ប្រហារឲ្យសុគត ខណៈយុត្តិធម៌សម្រាប់ក្រុមគ្រួសាររបស់ព្រះអង្គនៅមិនទាន់មានពន្លឺអ្វីនៅឡើយនិងហាក់នៅឆ្ងាយដូចជើងមេឃ។

ព្រះតេជព្រះគុណ សំ ប៊ុនធឿន ប្រសូតនៅថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៥៧ ក្នុងត្រកូលកសិករមួយស្ថិតនៅភូមិរកាកោង ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។ ព្រះអង្គបានចូលសាងព្រះផ្នូសក្នុងព្រះពុទ្ធសាសនានៅឆ្នាំ១៩៧៩ ក្នុងព្រះជន្ម២៤ព្រះវស្សា និងបានកសាងស្នាដៃច្រើនរាប់មិនអស់ដល់ប្រជាជាតិកម្ពុជាទាំងមូល។

ជាអកុសល ព្រះតេជគុណ សំ ប៊ុនធឿន កេតុធម្មោអតីតព្រះអធិបតីពុទ្ធមណ្ឌល និងជាអគ្គនាយកវិបស្សនាធុរៈសិក្សានៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានខ្មាន់កាំភ្លើងលបបាញ់សម្លាប់នៅព្រឹកថ្ងៃសៅរ៍ទី៨ ខែកុម្ភៈ ឆ្នាំ២០០៣ ក្នុងបរិវេណវត្តលង្កា រាជធានីភ្នំពេញ។ ក្រោយហេតុការណ៍បាញ់ប្រហារ ព្រះអង្គត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅពេទ្យកាល់ម៉ែត្រ និងសុគត២ថ្ងៃបន្ទាប់ ក្នុងព្រះជន្មាយុ៤៧ព្រះវង្សា។

សពព្រះធម្មវិបស្សនា សំ ប៊ុនធឿន ត្រូវបានតម្កល់ទុកក្នុងទូកញ្ចក់នៅពុទ្ធមណ្ឌលសន្តិវ័ន្ត ហៅ «ភ្នំឧត្ដុង្គ» ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល អស់រយៈពេលជិត១៤ឆ្នាំ និងត្រូវគណៈកម្មាធិការរៀបចំបុណ្យសម្រេចធ្វើពិធីបូជាសពរបស់ព្រះអង្គតាមប្រពៃណីនៅវេលាម៉ោង៧ល្ងាច កាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ។

ព្រះសង្ឃ សំ ប៊ុនធឿន បានបន្សល់ទុកស្នាដៃខាងព្រះពុទ្ធសាសនា និងសាលាវិបស្សនាជាច្រើនដល់កូនចៅខ្មែរជំនាន់ក្រោយបានសិក្សាស្វែងយល់ ពិសេសវត្តមានរបស់ព្រះអង្គនៅតែដក់ជាប់ក្នុងផ្នត់គំនិតពុទ្ធបរិស័ទ គណៈសិស្ស និងពលរដ្ឋកម្ពុជារាប់ម៉ឺននាក់។

ស្ថិតក្នុងសម្លៀកបំពាក់ចាស់បន្ដិច និងដោយភ្នែកទាំងគូកំពុងសំឡឹងមើលអ្នកចូលរួមផ្សេងទៀត លោក សាន់ ជា អាយុ៦៣ឆ្នាំ ពលរដ្ឋមកពីខេត្តសៀមរាប បានឲ្យយើងដឹងដោយទឹកមុខស្រពាប់ស្រពោនថា លោកបានមកចូលរួមក្នុងពិធីបុណ្យតាំងពីថ្ងៃចាប់ផ្តើមដំបូងម្ល៉េះ ហើយលោកថា បានស្គាល់ព្រះតេជគុណ សំ ប៊ុនធឿន ជាយូរយារណាស់មកហើយ។

លោកថា៖ «ធ្លាប់ស្គាល់គាត់យូរមកហើយ គាត់ជាគ្រូវិបស្សនាកម្មដ្ឋាន។ ខ្ញុំស្ដាប់តាមវិទ្យុ ហើយមកវត្តនេះ២ដង ៣ដងហើយ។ មកពីលោកកាន់ខាងព្រះពុទ្ធសាសនាខាងវិបស្សនា ដូចយាយតាទៅសំណាក់ធម៏ទៅអីហ្នឹង លោកឧបត្ថម្ភ លោកជួយ»។

លោក សាន់ ជា មានការអាណិតអាសូរ និងស្ដាយស្រណោះដល់ព្រះតេជគុណជាខ្លាំង ដោយថាព្រះអង្គបានកសាងនូវសមិទ្ធិផល និងស្នាព្រះហស្ថល្អៗជាច្រើនខាងផ្នែកព្រះពុទ្ធសាសនា។

លោកថា៖ «ខ្ញុំឮតាមគេ ឮថាគេលបបាញ់ព្រះអង្គ អានេះ មនុស្សយើងមើលមិនឃើញ មិនដឹងគេគំនុំព្រះអង្គពីអង្កាល់ យើងមិនដឹងដែរ មិនដឹងជាមូលហេតុអី […] ថ្ងៃនេះជាថ្ងៃថ្វាយព្រះភ្លើង ក៏ខ្ញុំមានចិត្តនឹកស្រណោះអាណិតលោក នឹកស្រណោះអាណិតលោក អ៊ីចឹងបានជាមកហ្នឹង»។

កំពុងអង្គុយនៅក្រោមដើមឈើមួយដើម ដោយមើលទៅហាក់ដូចជាក្សត់ខ្សោយកម្លាំងផងនោះ ពលរដ្ឋម្នាក់ទៀតមកពីខេត្តកំពង់ធំ អ្នកស្រី ជុន ប៊ុនរ៉ាវី បានប្រាប់ថា អ្នកស្រីនិងពលរដ្ឋផ្សេងទៀត បាននាំគ្នាមកចូលរួមពិធីបូជាសពព្រះតេជគុណ សំ ប៊ុនធឿន។

អ្នកស្រីថា៖ «មកហ្នឹង នៅផ្សាររំលង ឃុំទ្រាលហ្នឹង ឡានមកច្រើនណាស់ ប៉ុន្ដែមកមួយឡានៗ មួយក្រុមៗ ប្រហែលជា៥-៦ឡានមើលទៅ ប្រហែលជា១០០នាក់ ១០០ទៅ១២០នាក់។ គាត់ធ្លាប់បាន ទី១ គាត់ជាគ្រូព្រះធម៏បានដឹកនាំញាតិញោមពុទ្ធបរិស័ទ លោកសង្ឃ យាយជី ដូនជីក្ដី។ កសាងព្រះវិហារ កសាងវត្តអារាម ទីកន្លែងពុទ្ធិមណ្ឌលហ្នឹង ។ នៅតែស្ដាយស្រណោះគាត់ មនុស្សដែលដូចថាមានឈ្មោះបោះសំឡេង ឬថាអ្នកចេះដឹងមួយនៅក្នុងប្រទេសកម្ពុជា»។

ស្រ្ដីម្នាក់ទៀតគឺ អ្នកស្រី លៀង ស៊ីម អាយុ៧០ឆ្នាំ មកពីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានសំដែងអារម្មណ៍សោកស្ដាយដូចគ្នា។

អ្នកស្រីថា៖ «គ្រាន់តែបានស្ដាប់ក្នុងវិទ្យុ អ៊ីចឹងទេ! រួចបើថាបានមករៀនអីជាមួយលោក ក៏អត់មានដែរ ប៉ុន្ដែគ្រាន់តែចិត្តហ្នឹងឮសូរលោកដូចថា លោកបង្រៀនអីអ៊ីចឹង យើងឮសូរអ៊ីចឹងមានសេចក្ដីជ្រះថ្លា [.…]ឮសូរតែសំឡេងទេ មិនដែលបានឃើញព្រះភ័ក្រលោកផង ទើបមកបានឃើញនៅក្នុងថតហ្នឹងទេ។ ស្ដាយដែរ ស្ដាយក្រៃលែង ស្ដាយបានមកស្ដាយមែនទែន ស្ដាយលោកដូចថាលោកជាព្រះសង្ឃដ៏ឆ្នើមខាងវិបស្សនា ខាងវិបស្សនា នៅក្នុងប្រទេសកម្ពុជា មានតែព្រះអង្គ សំ ប៊ុនធឿន ហ្នឹងមួយទេ»។

ព្រះអង្គ សំរិត នឿន ជាមន្ដ្រីសង្ឃគង់នៅពុទ្ធមណ្ឌលសន្តិវ័ន្ត ហៅ «ភ្នំឧត្ដុង្គ»។ ព្រះអង្គ បានសំដែងក្ដីសោកសង្រេងចំពោះការបាត់បង់នេះ ដោយព្រះអង្គមានសង្ឃដីកាថា បើតាមច្បាប់កម្មផលរបស់ពុទ្ធសាសនា យុត្តិធម៌សម្រាប់ព្រះតេជគុណ សំ ប៊ុនធឿន គង់តែមានថ្ងៃណាមួយនឹងអាចទទួលបាន។

លោកមានសង្ឃដីកាថា៖ «អារឿងសោកស្ដាយ វាសោកស្ដាយក្រៃលែងហើយ  រកអ្វីប្រៀបផ្ទឹមពុំបានទេ ព្រោះថាលោកជាអ្នកប្រាជ្ញមួយ អ្នកចេះដឹងមួយផ្នែកវិបស្សនាកម្មដ្ឋាន [……] វាព្រោះការស្លាប់ទៅដោយការធ្វើឃាតរបស់នរណាម្នាក់ សូម្បីតែមនុស្សសាមញ្ញ សូម្បីតែសព្វសត្វ ដូចព្រះពុទ្ធទ្រង់សំដែង សូម្បីតែសព្វសត្វក៏វាស្រឡាញ់ជីវិត  [……] អ៊ីចឹងកាលណាមនុស្សវាខុសពីសត្វ វាត្រូវការយុត្តិធម៌ដែរ ទោះបីកំឡុងកាលហ្នឹងវាមិនទាន់មាន ថ្ងៃក្រោយគង់តែមានទេ»។

ព្រះសង្ឃមួយអង្គទៀតគឺ ព្រះអង្គ មែ គង់ ជាមេកុដមួយនៅវត្តបុទុមវតី ក្នុងរាជធានីភ្នំពេញ បញ្ជាក់ថា ប្រជាពលរដ្ឋបាននាំគ្នាសម្រុកមកចូលរួមក្នុងពិធីបុណ្យយ៉ាងច្រើនកុះករដូចនេះ គឺដោយសារព្រះសង្ឃ សំ ប៊ុន ធឿន ជាអ្នកប្រាជ្ញខាងផ្នែកទូន្មានអប់រំធម៌ព្រះពុទ្ធសាសនា និងជាមេដឹកដ៏ប្រពៃមួយរូប។

លោកមានសង្ឃដីកាថា៖ «ជាទូទៅមិនច្រើនដូចនេះទេ សូម្បីតែបូជាមេគុណអីល្មមៗ ក៏មិនមកដល់ថ្នាក់នេះដែរ ដោយសារតែលោកគ្រូ សំ ប៊ុនធឿននេះលោកមានគុណូបក្ការៈ ហើយលោកជាអ្នកចេះដឹងផ្នែកខាងវិបស្សនា។ ដូច្នេះនៅកម្ពុជាមិនទាន់អ្នកដែលមានសមត្ថភាពផ្នែកវិបស្សនា ហើយណាមួយលោកជាអ្នកចេះដឹងមួយរូប [……] ស្នាដៃតាំងពីអប់តាមបណ្ដាខេត្តអីហ្នឹង គឺលោកបង្កើតច្រើន»។

ព្រះអង្គ មែ គង់ បានលើកឡើងដោយកត់សម្គាល់ឃើញថា ឲ្យតែមានអ្នកប្រាជ្ញ ឬបុគ្គលមានសមត្ថភាពណាម្នាក់ហ៊ានធ្វើសកម្មភាពធំដុំអ្វីតែបន្ដិច គឺភាគច្រើនត្រូវគេតាមធ្វើឃាតជារឿយៗ និងថាមិនដែលឃើញអាជ្ញាធរចាប់បានជនដៃដល់ឡើយ។

លោកមានសង្ឃដីកាថា៖ « អូអារឿងនេះ គេបាញ់ គេបាញ់២០០៣ [……] សោកស្ដាយដែរហ្នឹង ពីព្រោះជាអ្នកចេះដឹងមួយរូប ហើយឲ្យតែជាអ្នកចេះដឹងភាគច្រើនតែស្លាប់ហើយ រកមុខអត់ឃើញ។ បើយើងឃើញជាក់ស្ដែង កែម ឡី ជាដើម ឃើញមានទាន់នេះ ស្ងាត់បាត់ហើយ បានតែដំបូងៗ ឥឡូវវាស្ងាត់»។

បងស្រីព្រះតេជគុណ សំ ប៊ុនធឿន គឺដូនជី សំ គង់ ធ្លាប់បានឲ្យដឹងតាមរយៈវិទ្យុអាស៊ីសេរីថា កំឡុងពេលព្រះតេជគុណ សំ ប៊ុនធឿន ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រនោះ មានគ្រូទេព្យម្នាក់បានមកចាក់ថ្នាំឲ្យព្រះអង្គ លុះចាក់ថ្នាំហើយ ព្រះតេជគុណក៏សុគតភ្លាមតែម្ដង។ បើតាមសម្ដីដូនជី សំ គង់ ការចាក់ថ្នាំនេះធ្វើឡើងតែមួយយប់ប៉ុណ្ណោះ មុនពេលក្រុមគ្រួសារត្រៀមរៀបចំបញ្ជូនព្រះអង្គទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសសិង្ហបុរីនៅថ្ងៃបន្ទាប់។

ដូនជី សំ គង់ លើកឡើងថា៖ «កំពុងតែចាក់ ខ្ញុំស្រែកតែហ្មង ខ្ញុំថាម៉េចបានយកទឹកមកចាក់ឲ្យប្អូនខ្ញុំអ៊ីចឹង វាថាមិនមែនទេ អាហ្នឹងថ្នាំ។ ដល់ថ្នាំអ៊ីចឹងស្រាប់តែ គ្រាន់តែចាក់អស់តែពាក់កណ្ដាល កន្ដ្រាក់ កន្ដ្រាក់ អាបេះដូងលែងដើរបណ្ដោយ សុគតភ្លាម»។

កន្លងហួសទៅជិត១៤ឆ្នាំហើយ យុត្តិធម៌សម្រាប់ព្រះតេជគុណ សំ ប៊ុនធឿន ត្រូវមជ្ឈដ្ឋានទូទៅ ប្រៀបដូចជាការរាវម្ជុលនៅក្នុងបាតសមុទ្រធំល្វឹងល្វើយ ដោយគ្មានជនណាម្នាក់ត្រូវបានតុលាការចាប់ខ្លួន ឬនាំខ្លួនយកមកផ្តន្ទាទោសនៅឡើយ។ ចំពោះអ្នកវិភាគបញ្ហាសង្គម យល់ថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនអាចស្វែងរកយុត្តិធម៌ពិតប្រាកដក្នុងករណីឃាតកម្មនេះទេ គឺវាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធយុត្ដិធម៌ និងនីតីរដ្ឋនៅកម្ពុជា។

កន្លងមកក៏មានករណីឃាតកម្មស្រដៀងគ្នានេះដែរ ដូចជាឃាតកម្មលើសិល្បករ អ្នកនាង ពិសិដ្ឋ ពិលីកា កញ្ញា ទូច ស៊ុននិច កញ្ញា ពៅ បញ្ញាពេជ្រ អ្នកកាសែតមនសិការខ្មែរ លោក ឃឹម សំបូរ និងកូនប្រុស ឃាតកម្មលើប្រធានសហជីបសេរីកម្មករ លោក ជា វិជ្ជា និងឃាតកម្មលើ លោក កែម ឡី អ្នកវិភាគបញ្ហាសង្គម កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ពោលគឺអាជ្ញាធរនៅមិនទាន់អាចវែកមុខរកឃាតករ ឬអ្នកពាក់ព័ន្ធដើម្បីយកមកផ្ដន្ទាទោសបាននៅឡើយ៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required