ក្រុមសិល្បករខ្មែរមួយក្រុម រួមមាន អ្នកចម្រៀងនិងអ្នកនិពន្ធ ប្រកាសបន្តប្រើប្រាស់ស្នាដៃចម្រៀងរបស់ខ្លួន ក្នុងន័យផ្សព្វផ្សាយនិងរៀបរាប់អំពីទិដ្ឋភាព និងការចម្រើននានារបស់សហរដ្ឋអាមេរិក ប្រាប់ទៅប្រជាពលរដ្ឋកម្ពុជា ដោយថា ដើម្បីកសាងទំនាក់ទំនងល្អរវាងប្រជាជនកម្ពុជានិងប្រជាជនសហរដ្ឋអាមេរិកតាមរយៈតន្ត្រីនិងកម្មវិធីវប្បធម៌។
ក្នុងសន្និសទីសារព័ត៌មានមួយនៅភ្នំពេញ កាលពីម្សិលមិញ អ្នកចម្រៀង និងជានិពន្ធបទចម្រៀង លោក យឹង យន លើកឡើងថា មូលហេតុ ដែលធ្វើឲ្យលោកនិពន្ធបទចម្រៀងនេះ គឺដើម្បីប្រាប់ទៅប្រជាពលរដ្ឋខ្មែរ ឲ្យដឹងពីការរីកចម្រើននៅក្នុងទីក្រុង និងរដ្ឋនានានៃសហរដ្ឋអាមេរិក ទោះបីជាពួកគាត់ មិនបានទៅឃើញផ្ទាល់ក៏ដោយ។ លោកបន្តថា ក្រៅពីនេះ វាក៏ជាការ ជំរុញមួយទៅ យុវជនដែលកំពុងសិក្សាក្នុងប្រទេសកម្ពុជាឲ្យចង់ទៅសិក្សានៅសហរដ្ឋមេរិកផងដែរ។
លោកថា៖ «អ្នកស្ដាប់ គឺសេចក្ដីសុបិន្តមួយ យើងចង់ឲ្យប្រជនយើងស្គាល់អាមេរិកកាំងហ្នឹង មានស្អីខ្លះ គេអភិវឌ្ឍដល់ណាហើយ…មានយុវជនមួយចំនួន គាត់ស្ដាប់ទៅ គាត់ប្រហែលមានសេចក្ដីសុបិន្តមួយ ចង់ទៅរៀននៅអាមេរិក ចង់ស្វែងយល់ពីអាមេរិក ហើយម្យ៉ាងទៀតពួកគាត់នឹងស្គាល់ពីភូមិសាស្ត្រកន្លែងនេះ។ នេះ វាជាចំណេះដឹងមួយផ្នែកភូមិសាស្ត្រ នយោបាយ និងជាផ្សារភ្ជាប់វាង ប្រជាជននិងប្រជាជន ដែលបុព្វបុរសយើងគាត់ធ្វើអញ្ចឹងយូរហើយ»។
លោក លោក យឹង យន បន្តថា ក្រុមតន្ត្រីរបស់លោកនឹងយកចម្រៀងទាំង១១បទ ទៅច្រៀងជូនពលរដ្ឋនៅខេត្តកំពង់ធំ នៅថ្ងៃទី១៧ខែមីនាខាងមុខ។ លោកបន្តថា លោកនិពន្ធបទចម្រៀងនេះ បន្ទាប់ពីលោកទទួលបានអាហារូបករណ៍ទៅចូលរួមផ្លាស់ប្ដូរវប្បធម៌អន្តរជាតិ One Beat នៅឆ្នាំ២០១៣ ក្រោមការឧបត្ថម្ភដោយក្រសួងការបរទេសអាមេរិក៕