បក្ស​ប្រឆាំង​ហៅ​ច្បាប់​ស្តីពី​លក្ខន្តិកៈមន្ត្រី​រាជ​ការ ធ្វើ​ឲ្យ​ស្ថាប័នរដ្ឋ​ពេញ​ដោយ​បក្ខ​ពួក

អតីតក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ

តំណាង​រាស្ត្រ​គណបក្សសង្គ្រោះ​ជាតិ​ហៅ​សេចក្តី​ស្នើ​ច្បាប់វិសោធនកម្ម​ ​ស្តីពី​លក្ខន្តិកៈមន្ត្រី​រាជ​ការ​ ដែល​បាន​ដាក់​ជូន​រដ្ឋសភាអនុម័ត​​នៅ​ថ្ងៃ​សុក្រនេះ ​ថា​អាចនឹង​ធ្វើ​ឲ្យស្ថាប័នមន្ត្រី​រាជការ​​ពោ​ពេញ​ដោយ​បក្ខ​ពួក​​ ដោយ​​សារ​មាត្រា​​ថ្មីនៃ​ច្បាប់​​នេះ បាន​បើ​ក​ឱកាស​ឲ្យ​ប្រធាន​អង្គភាព​ ឬស្ថាប័ន​រដ្ឋ ​អាច​ចាប់​តំឡើង​ឋានៈដល់​មន្ត្រី​របស់​ខ្លួន​បាន។

សភាជាតិ​នៃព្រះ​រាជាណាចក្រកម្ពុជា ​បាន​បើ​ក​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​នៅ​ព្រឹកទី៧ខែមេសា​នេះ ឡើង​វិញ​បន្ទាប់​​ពី​វិស្សមកាល។ ក្នុង​ការ​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​នេះ ​សភា​បាន​ទទួលយក​​វិសោធនកម្មច្បាប់​ស្តីពី​លក្ខន្តិកៈមន្ត្រី​រាជការមក​ពិភាក្សា​នឹង​អនុម័ត ក្នុង​ការ​ការ​ជជែក​ពិភាក្សា​​ទៅ​លើ​វិសោធនកម្ម​ច្បាប់​ថ្មីនេះ តំណាង​រាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ លោក ងឹម ញេង បាន​ថ្លែង​ក្នុង​អង្គប្រជុំ​ថា​ មាត្រា​មួយ​ចំនួន​នៃ​​វិសោធនកម្មនេះ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​របស់​មន្ត្រី​រាជការ និង​អាច​ធ្វើ​ឲ្យ​យុវជន​មួយ​ចំនួន​បាត់​​ឱកាស​ធ្វើ​ជា​មន្ត្រីរាជការ​​ ហើយ​មាត្រាទី​៣៣ថ្មី​ នៃ​ច្បាប់​ស្តីពីវិសោ​ធនកម្ម​នេះ នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់ទឹក​ចិត្ត​​មន្ត្រី​រាជការ ដោយ​សារ​តែ​មាត្រា​នេះ​បាន​ចែង​ថា ​ការ​តំឡើង​ថ្នាក់​សម្រាប់​មន្ត្រី​រាជការ​ គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​ជ្រើស​រើស ដែល​លោក​ថា ការ​ចែង​បែប​នេះ​នឹង​អាច​បង្ក​ឲ្យ​បក្ខពួក​ក្នុង​ស្ថាប័ន​រដ្ឋ​។

លោក​ថា៖ «កាលណា​ការ​តំឡើង​ថ្នាក់​ដោយ​ធ្វើ​ការ​ជ្រើសរើស​ហ្នឹង​ គឺ​វា​ហាក់​ដូច​ជា​ផ្តល់​អំណាច ដល់​ប្រធា​ន​ស្ថាប័ន​ដែល​រៀប​ចំការ​តំឡើង​ថ្នាក់​ហ្នឹង ដល់​អញ្ចឹង​មន្ត្រី​រាជការ​ដែលអត់​មាន​បក្ខពួក​អត់​មាន​ខ្សែអី​នឹង​មិនត្រូវ​បាន​គេ​ជ្រើសរើស​ទេ អញ្ចឹង​ការ​កសាង​ច្បាប់​នវ​គឺ​យើង​ធ្វើ​មិច​ឲ្យ​អ្នក​អនុវត្តន៍​ហ្នឹង​ទទួល​បាន​ផល​ស្មើៗ​គ្នា អញ្ចឹង​ខ្ញុំ​យល់​ថា​ពាក្យ​ថា លើស​ពី​នេះ​ការ​តំឡើង​ថ្នាក់​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​ជ្រើសរើស​ហ្នឹង​គឺ​គួរ​តែ​លុប​ចោល គឺត្រូវ​ដាក់​ថា​នឹង​គ្រប់​ក្របខណ្ឌ​ទៅ​បា​ន​ហើយ​ មិន​គួរ​ថាជ្រើស​រើស​ព្រោះ​ថា​ការ​តំឡើង​នោះ​គឺ​មាន​គណកម្មាការ​សម្រាប់​តំឡើង​ហើយ»។

តំណាង​ឲ្យ​តំណាងរាស្ត្រ​ហត្ថលេខី​លើ​វិសោធនកម្ម​នេះ លោក ហ៊ូ ស្រ៊ី មាន​ប្រសាសន៍​ឆ្លើយ​តប​ថា ​ការ​ធ្វើ​វិសោធនកម្ម​នេះ គឺ​ធ្វើ​ដោយ​ផ្អែក​ទៅ​លើ​ច្បាប់​នានា ដែល​ពាក់​ព័ន្ធ ​ហើយលោក​ថា ​វា​មិន​បាន​ប៉ះពាល់​ដល់​លក្ខខន្តិកៈច្បាប់​កាលពីមុន​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​ លោក ហ៊ូ ស្រ៊ី សុំ​មិន​បកស្រាយបន្ថែម​​នោះ​ទេ ដោយ​​ប្រគល់ភារៈនេះឲ្យ​​លោក​អគ្គលេខា​ធិការ​រដ្ឋ​សភា​ និង​ជា​អ្នក​ចូល​រួម​ពិនិត្យ​ច្បាប់​នេះ ​ធ្វើ​ការ​បកស្រាយ​ជំនួ​ស​លោក​វិញ។

លោក​ ឡេង ប៉េង​ឡុង​ បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក ងឹម ញេង ថាការ​រៀប​ចំធ្វើ​វិសោធនកម្ម​នេះគឺ​ធ្វើ​ឡើង​តាម​គោល​ការ​ណ៍​មុខងារ​សាធារណៈ ដែល​ត្រូវ​ពង្រឹង​បន្ថែម​ដោយ​ច្បាប់​វិសោធនកម្មនេះ។

ចំពោះ​ការ​លើក​ឡើង​ដែល​ថា​ វិសោធនកម្មនេះ​ នឹង​ធ្វើ​ឲ្យ​មាន​បក្ខ​ពួក​និយម​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​នោះ លោក ឡេង​ ប៉េងឡុង​ មានប្រសាសន៍ថា ការ​តំឡើង​ឋាន្តរស័ក្តិនេះ​ គឺ​ធ្វើ​ឡើង​ដោយ​ចេញ​ពីការ​សង្កេត​របស់​​ប្រធានស្ថាប័ន​ទៅ​លើ​​កិច្ច​ការ​របស់​មន្ត្រីខ្លួន មិន​មាន​ពាក់​ព័ន្ធទៅ​នឹង​បក្ខ​ពួក​និយម​នោះ​ទេ។ ​លោក​​បញ្ជាក់​​ថា ​មន្ត្រី​រាជការ​ណា​ ដែល​ធ្វើ​ការ​មិន​កើត​ ឬ​ខ្វះ​វិន័យ​នោះ​ នឹង​​​មិន​អាច​ត្រូវ​ប្រធាន​ស្ថាប័ន​ខ្លួន​តំឡើង​ឋានៈឲ្យ​នោះ​ទេ។

លោកថា៖ «ក្នុង​ការ​តំឡើង​ឋាន្តរសិក្កិនេះ គេ​ឲ្យ​ថ្នាក់​ដឹក​នាំនេះ​មាន​សិទ្ធិ​មើល យើង​មាន​អតីតភាព​តែ​យើង​គ្មាន​វិន័យ​អា​ហ្នឹង​គេ​មិន​ឲ្យ​ឡើង​ក៏​បាន​ដែរ។ ទាល់​តែ​មាន​វិន័យ និង​អតីតភាព​បាន​ឲ្យ​ឡើង ហើយ​ជ្រើស​រើស​ត្រង់​យើង​ធ្វើ​ការ​ល្អ​ដែរ​បាន​គេ​ជ្រើសរើស អញ្ចឹងគេ​ចាត់​ប្រភេទ​ទាំងពីរ​ហ្នឹង​ដើម្បីនឹង ឲ្យ​ពិន្ទុ និង​​ឲ្យ​មន្ត្រីរាជការ​ណា​ដែលល្អៗ វា​អញ្ចេស! អញ្ចឹង​នៅ​ក្នុង​មាត្រា​៣៣ហ្នឹង​ក៏​ដូច​ជា គោល​ការ​សាធារ​ណៈ​​​ដទៃ​ដែរ​គឺ​គេ​​ទុក​ឲ្យប្រធាន​ស្ថាប័ន​លើក​ទឹក​ចិត្ត​ជ្រើស​រើស អ្នក​ដែលធ្វើ​ការ​ល្អ​គឺ​ថា​យើង​ជម្រុញ​​ឲ្យ​​ឡើង​ឋាន្តរសិក្ក័ អ្នក​ធ្វើ​ការ​មិន​ល្អគឺ​យើង​មិន​ឲ្យ​ឡើង អាហ្នឹង​គឺ​វា​អញ្ចឹង​»។

ទោះ​ជាយ៉ាង​ណា ​ច្បាប់​វិសោធនកម្ម​នេះ​ ត្រូវបាន​រដ្ឋ​សភា​កម្ពុជា​អនុម័ត​​រួច​ហើយនៅព្រឹកថ្ងៃសុក្រនេះ ​ដោយ​សំឡេង៩៣លើ​៩៨សំឡេង។ ច្បាប់​នេះ​ ត្រូវបាន​ក្រុម​តំណាង​រាស្ត្រហត្ថលេខីចំនួន២៩រូប ​ធ្វើ​សេចក្តី​ស្នើ​ឲ្យ​កែ​ប្រែ​ចំនួន​២២​មាត្រា មក​ដល់​សភា​កាលពី​ថ្ងៃ​ទី២០ខែមករាឆ្នាំ​២០១៧។

អ្នក​ជំនាញ​ខាង​អភិបាល​កិច្ច​លោក​ ចាន់ វិបុល មាន​ប្រសាសន៍​ថា ប្រព័ន្ធ​គ្រប់​គ្រងធនធាន​មនុស្ស​នៅ​កម្ពុជា​ពេល​បច្ចុប្បន្ន មិន​មាន​ប្រព័ន្ធ​ណា​មួយ​ ដែលគួរ​ឲ្យ​ទុក​ចិត្ត​បាន​ទេ ដោយ​ថា ​ភាគតិច​ណាស់​ដែល​មន្ត្រី​រាជការ​ត្រូវ​បាន​ជ្រើសឲ្យ​ឡើង​ឋានៈតាម​ការងារ​របស់​ខ្លួន​នោះ។

លោក​សង្កេត​​ឃើញ​ថា ការ​តែង​តាំង​តម្លើង​ឋាន្តរស័ក្កិ​ទៅ​លើ​មន្ត្រីរាជការ​កម្ពុជា​បច្ចុប្បន្ន​ គឺ​ធ្វើ​ឡើង​តាម​គោល​ការណ៍​ប​ក្ស​ច្រើន​​ជាង ដោយថា​​បញ្ហា​នេះ ​បណ្តាល​មក​ពី​ប្រព័ន្ធ​រដ្ឋ​បាល​កម្ពុជា​បច្ចប្បន្ន​នេះ គឺ​នៅ​លាយ​ឡំ​ជា​មួយ​បក្ស​នយោបាយ ​ដែល​ធ្វើ​ឲ្យ​ការ​សម្រេច​ជ្រើស​រើស ឬ​តម្លើង​ឋាន្តរស័ក្កិ​ទៅ​លើ​មន្ត្រី​ណា​ម្នាក់​ គឺ​ផ្តោ​តលើ​​បក្ស​ច្រើន​ជាង។

លោក​ថា៖ «យើង​មើល​ប្រវត្តិរបស់​វាប្រព័ន្ធ​គ្រប់គ្រងធនធានមនុស្ស​កម្ពុជាចាប់​តាំង​ពី​ឆ្នាំ​១៩៧៩មក អត់​​មានប្រព័ន្ធ​អី្វមួយ​ដែលគួរ​ឲ្យ​អាច​ជឿ​ទុក​ចិត្ត​បាន​ទេ អញ្ចឹង​យើង​អត់​អាច​រក​ឃើញ​ការ​តម្លើង​ឋានៈមួយ​ដែល​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​គ្រប់គ្រង​អភិបាល​កិច្ច​ល្អ​ទេ។ ខ្ញុំ​ចង់​និយាយ​ឲ្យ​ចំគឺ​មាន​ប្រព័ន្ធ​បី​នាពេល​បច្ចុប្បន្ននេះ ទៅ​លើ​ការ​ឡើង​ឋានៈ ទីមួយ​គឺ​ឡើងតាម​រយៈគណបក្ស​នយោបាយ ទីពីរ​គឺ​ឡើង​តាម​អំណាច​ទឹក​ប្រាក់ ទី​បីគឺ​ឡើង​តាម​ទំនាក់​ទំនង​រវាង​មេ​ហើយ​នឹង​កូន​ចៅ»។

បើតាម​លោក​ ចាន់ វិបុល បញ្ហា​សំខាន់​នៃ​រឿង​នេះ ​គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​បំបែក​កុំឲ្យ​អ្នក​នយោបាយ​នៅ​លាយ​ឡំ​ជាមួយអ្នក​រដ្ឋបាល ទើប​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​រដ្ឋ​បាល​រឹង​មាំ​ និង​អាចជៀស​ពី​គណបក្ស​និយម​នៅ​ក្នុង​ស្ថាប័នរដ្ឋ​នេះ​បាន។

លោក​បន្តថា ​ប្រព័ន្ធ​ច្បាប់​​ដ៏​រឹង​មាំ​មួយ បូក​រួម​ជា​មួយការ​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​រាជការ​ស៊ីវិល ជា​ពិសេសគឺ​​ប្រព័ន្ធ​បោះ​ឆ្នោតសភាឯកត្តនាម ​ដែល​ធ្វើ​យ៉ាង​ណា ​បំបែក​កុំ​ឲ្យ​សមាជិក​សភា​បម្រើ​ តែ​បក្សរបស់ខ្លួន​ដូច​បច្ចុប្បន្ននេះ នោះ​គឺ​អាច​រំដោះ​អ្នក​រដ្ឋ​បាល​ឲ្យ​ចេញ​ផុត​ពី​អ្នកនយោបាយ​បាន​ហើយ៕  ​​ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ