ប្រមុខ​ការពារ​កោះ​តៃវ៉ាន់​​ប្រកាស​មិន​ទទួល​ស្គាល់​មូលដ្ឋាន​ដែន​អាកាស​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

មូលដ្ឋាន​ដែន​អាកាស​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង (រូបភាពពី CSIS)

រដ្ឋមន្ត្រីក្រសួងការពារជាតិថ្មីរបស់តៃវ៉ាន់បានថ្លែងកាលពីថ្ងៃចន្ទម្សិលមិញថា ដែនដីកោះមួយនេះនឹងមិនទទួលស្គាល់មូលដ្ឋានកងទ័ពដែនអាកាសណាមួយដែលចិនប្រកាសឡើងនៅសមុទ្រចិនខាងត្បូងនោះឡើយ ខណៈដែលទីភ្នាក់ងារសន្តិសុខកំពូលរបស់កោះតៃវ៉ាន់បានព្រមានថា ជំហរបែបនេះរបស់ចិនអាចបណ្ដាលឲ្យមានភាពតានតឹងក្នុងតំបន់។

ក្រុមមន្ត្រីអាមេរិកបានបង្ហាញក្ដីបារម្ភថាសាលដីកាតុលាការអន្តរជាតិមួយដែលនឹងចេញនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះនៅក្នុងករណីមួយដែលប្រទេសហ្វីលីពីនប្ដឹងប្រឆាំងនឹងប្រទេសចិនជុំវិញបញ្ហាសមុទ្រចិនខាងត្បូងនោះ អាចជំរុញឲ្យប្រទេសចិនប្រកាសតំបន់អត្តសញ្ញាណការពារដែនអាកាសមួយដូចដែលចិនធ្លាប់បានធ្វើនៅសមុទ្រចិនខាងកើតកាលពីឆ្នាំ២០១៣កន្លងមក។

ប្រទេសចិនបានអះអាងជាម្ចាស់លើដែនទឹកស្ទើរតែទាំងអស់នៅសមុទ្រចិនខាងត្បូងដែលជាច្រកចេញចូលនៃនាវាពាណិជ្ជកម្មមានតម្លៃដល់ទៅ៥ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ និងប៊្រុយណេក៏បានអះអាងជាម្ចាស់លើតំបន់ត្រួតស៊ីគ្នាផងដែរ ខណៈដែលប្រទេសទាំងនោះបង្កើតចំណងយោធាជិតស្និទ្ធជាមួយក្រុងវ៉ាស៊ីងតោន។

លោក ហ្វឹង ហ្ស៊ីគួន រដ្ឋមន្ត្រីការពារជាតិថ្មីរបស់តៃវ៉ាន់បានប្រាប់នៅក្នុងកិច្ចប្រជុំសភាមួយថា តៃវ៉ាន់នឹងមិនទទួលស្គាល់តំបន់នោះដែលប្រកាសដោយចិននោះឡើយ។

លោក ហ្វឹង ហ្ស៊ីគួន ថ្លែងដូច្នេះបន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់ប្រធានាធិបតី លោកស្រី សៃ អ៊ីងវ៉េន បានសម្បថចូលកាន់តំណែងកាលពីខែមុន។ ជ័យជម្នះនៃគណបក្ស DPP របស់លោកស្រី សៃ បានឡើងដឹកនាំដែនកោះនេះ ជំនួសគណបក្សជាតិនិយមដែលមានទំនាក់ទំនងល្អជាមួយចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ