គណបក្សកាន់អំណាចស្នើសុំរាប់សន្លឹកឆ្នោតឡើងវិញជាលើកដំបូង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកដៃស្វាគមន៍អ្នកគាំទ្រ នៅក្នុងយុទ្ធនាការបោះឆ្នោតក្នុងឆ្នាំ២០១៧

ជាលើកដំបូងហើយ ដែលគណបក្សកាន់អំណាចស្នើសុំរាប់សន្លឹកឆ្នោតឡើងវិញក្នុងឃុំសង្កាត់មួយចំនួនដែលខ្លួនចាញ់ ចាប់តាំងពីកម្ពុជារៀបចំការបោះឆ្នោតដោយខ្លួនឯង។

យោងតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃពុធនេះ ឲ្យដឹងថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលដោះស្រាយបណ្ដឹងចំនួន៧១ ក្នុងនោះ២៨បណ្ដឹង ដោយប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ ចំណែក៤៣បណ្ដឹងទៀត ប្ដឹងសុំដាក់ពិន័យលើអ្នកប្រព្រឹត្ដបទល្មើសព្រហ្មទណ្ឌ ផ្ទុយនឹងច្បាប់បោះឆ្នោតឃុំសង្កាត់។

បើតាមសេចក្ដីប្រកាស ក្នុងចំណោមបណ្ដឹង២៨ ក្នុងនោះ១៨បណ្ដឹង ជារបស់គណបក្សប្រជាជន ដែលប្ដឹងសុំរាប់សន្លឹកឆ្នោតតាមការិយាល័យមួយចំនួន ដូចជា ក្នុងខេត្តបាត់ដំបូងមាន១៧ការិយាល័យ ភ្នំពេញ មាន៩ការិយាល័យ និងកំពង់ធំមាន៧ការិយាល័យ។ ចំណែក គណបក្សសង្គ្រោះជាតិ ក៏ប្ដឹងសុំរាប់សន្លឹកឆ្នោតដែរតាមការិយាល័យសរុបចំនួន១៦ ដូចជា ក្នុងខេត្តស្ទឹងត្រែង កោះកុង សៀមរាប តាកែវ និងរាជធានីភ្នំពេញ។

VOD មិនអាចទាក់ទងសុំព័ត៌មានបន្ថែមពីអ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន និងលោក សួស យ៉ារ៉ា បានទេ។

ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មគណបក្សសង្គ្រោះជាតិលោកស្រី ម៉េង សុភារី អះអាងថា មូលហេតុនៃការប្ដឹងសុំរាប់សន្លឹកឆ្នោតនេះ គឺដោយសារក្នុងឃុំសង្កាត់ខ្លះ សំឡេងឆ្នោតរវាងគណបក្សទាំងពីរលើសគ្នាតែបន្ដិច តែចំនួនសន្លឹកឆ្នោតមិនបានការច្រើន និងថា ពេលរាប់សន្លឹកឆ្នោត មន្ដ្រីការិយាល័យរាប់សន្លឹកឆ្នោតលឿនពេក ធ្វើឲ្យភ្នាក់ងារបស់គណបក្សតាមមិនទាន់។

លោកស្រីថា តាមច្បាប់ បើសិនសំឡេងឆ្នោតមានភាពលម្អៀងគ្នាតែ០,៥ភាគរយ ក្នុងការិយាល័យបោះឆ្នោត និងមានភស្ដុតាងមកបញ្ជាក់បន្ថែមនោះ ការរាប់សន្លឹកឆ្នោតឡើងវិញនឹងត្រូវបានអនុញ្ញាត។​

លោកស្រីថា៖ «ចំពោះលក្ខខណ្ឌនៅក្នុងច្បាប់តែម្ដង បើសិនតែកាលណាលម្អៀងយ៉ាងច្រើនយ៉ាងច្រើន០,៥ភាគរយ ការិយាល័យគឺត្រូវតែរាប់ឡើងវិញ ហើយក្រៅពីហ្នឹង មានភស្ដុតាងបញ្ជាក់ថា មានភាពមិនប្រក្រតីធ្ងន់ធ្ងរ អាចប្ដឹងដើម្បីឲ្យការរាប់ឡើងវិញដែរ»។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យ VOD ដឹងថា ចំពោះសំណើសុំរាប់សន្លឹកឆ្នោតឡើងវិញ លោកថា គ.ជ.ប មិនទាន់សម្រេចនៅឡើយទេ ព្រោះកំពុងពិនិត្យលើពាក្យបណ្ដឹងទាំងនោះ។

លោកថា៖ «អាហ្នឹង គឺគាត់មានភាពមិនទុកចិត្ត នៅក្នុងដំណើរការរាប់សន្លឹកឆ្នោតកន្លងមក អញ្ចឹងហើយ គាត់ស្នើសុំឲ្យមានការរាប់ឡើងវិញ។ ដើម្បីប្ដឹងបាន ទាល់តែមានភស្ដុតាង អញឹងគាត់អាចបញ្ហាអីហើយ ដែលគាត់អះអាងថា មានភាពមិនប្រក្រតី ក្នុងការរាប់អី អី អញ្ចឹង»។

នាយកប្រតិបត្តិអង្គការនិចហ្វិចលោក សំ គន្ធាមី យល់ថា ដំណើរការបោះឆ្នោតឃុំសង្កាត់លើកនេះហាក់មានភាពត្រឹមត្រូវច្រើន ដោយថា គ.ជ.ប បានខិតខំផ្ទៀងផ្ទាត់ទិន្នន័យបោះឆ្នោតឡើងវិញ ទោះបីមានភាពយឺតយ៉ាវក្នុងការប្រកាសលទ្ធផលបណ្ដោះអាសន្នក៏ដោយ។ លោកសង្កេតឃើញថា តាមលទ្ធផលបឋម គណបក្សកាន់អំណាចហាក់បាត់បង់សំឡេងគាំទ្រ បើធៀបនឹងអាណត្តិមុនៗ ប៉ុន្ដែលោកថា វាក៏អាស្រ័យលើការសម្រេចរបស់ គ.ជ.ប ថាតើនឹងដោះស្រាយបណ្ដឹងទាំងនោះយ៉ាងដូចម្ដេច។

លោកថា៖ «បើសិនជាគណបក្សប្រជាជនប្ដឹងហើយសុំរាប់ឡើងវិញ អាហ្នឹងចាំមើល វាអាស្រ័យលើការសម្រេចរបស់គ.ជ.ប ដែរ វាប៉ះពាល់ដល់លទ្ធផលបោះឆ្នោតអត់ បើវាប្ដឹងថា សន្លឹកឆ្នោតមិនបានការ ដែលគិតថាមិនបានការហ្នឹង មិនត្រឹមត្រូវ ឬក៏យ៉ាងម៉េច ចំនួនបណ្ដឹង វាអាចប៉ះពាល់ដល់ការិយាល័យមួយៗអត់ លទ្ធផលរបស់វា បើអត់ប៉ះពាល់ គេមិនរាប់ទេ»។

ការប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញរបស់គណបក្សកាន់អំណាចនេះ គឺជាលើកដំបូងហើយ ចាប់តាំងពីកម្ពុជារៀបចំការបោះឆ្នោតឃុំសង្កាត់ និងថ្នាក់ជាតិ ដោយខ្លួនឯង​ នៅឆ្នាំ១៩៩៨។

ប៉ុន្ដែបើតាមឯកសារ កាលពីបោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំដោយអ៊ុនតាក់នោះ គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ក៏ធ្លាប់ប្ដឹងតវ៉ាសុំរាប់សន្លឹកឆ្នោតឡើងវិញដែរ បន្ទាប់ពីលទ្ធផលបោះឆ្នោតកាលនោះបង្ហាញថា គណបក្ស ហ៊្វុន ស៊ិនប៉ិច របស់សម្ដេចក្រុមព្រះ នាំមុខគេដោយសំឡេង៤៥,៥ភាគរយ ហើយតាមពីក្រោយដោយគណបក្សប្រជាជន និងគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា។

មុនពេលបោះឆ្នោតឆ្នាំ២០១៧ រដ្ឋមន្ដ្រីក្រសួងការពារជាតិលោក ទៀ បាញ់ ក៏ធ្លាប់បានព្រមាន «វាយបាក់ធ្មេញ» ចំពោះជនណាដែលហ៊ានចេញមុខតវ៉ាលទ្ធផលបោះឆ្នោត។ការព្រមានរបស់លោក ទៀ បាញ់ ត្រូវបាន​ការពារដោយ ហ៊ុន សែន កាលពីថ្ងៃទី២៥ខែឧសភា ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។

បើទោះជាមិនទាន់ប្រកាសលទ្ធផលក៏ដោយ តែកាលពីថ្ងៃទី៥មិថុនា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានអះអាងលើហ្វេសប៊ុកលោកថា គណបក្សប្រជាជននៅតែឈ្នះតំណែងមេឃុំសង្កាត់ភាគច្រើន ដោយ បានសំឡេងជាង ៣លាន៥សែន (៣ ៥២៩ ៤០០សំឡេង) ស្មើនឹង៥១,៣៩ភាគរយ កើនឡើងជាង៣០ម៉ឺនសំឡេង បើធៀបនឹងការបោះឆ្នោតឆ្នាំ២០១៣។

ចំណែកទិន្នន័យពីបន្ទប់ស្ថានការណ៍ដែលជាបណ្តុំអង្គការឃ្លាំមើលការ​បោះឆ្នោត បានកត់ត្រាថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោត៤៨ភាគាគរយ ពោលគឺនៅដដែល​បើធៀបនឹង​សំឡេង​ឆ្នោត២០១៣។ ចំណែក​គណបក្ស​សង្រ្គោះជាតិទទួលបាន​សំឡេងឆ្នោត៤៥ភាគរយ ​ពោល​កើន​ឡើង៥០ម៉ឺនសំឡេង​ បើ​ធៀបនឹងសំឡេងឆ្នោតនៅឆ្នាំ២០១៣។

ប៉ុន្ដែចំពោះលទ្ធបោះឆ្នោតឃុំសង្កាត់ផ្លូវការ គ.ជ.ប នឹងប្រកាសយ៉ាងយូរត្រឹមថ្ងៃទី២៥ខែមិថុនា ក្រោយផ្ទៀងផ្ទាត់ និងដោះស្រាយបណ្ដឹងទាំងអស់ចប់សព្វគ្រប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ