លោក កឹម សុខា ថា​បក្ស​កាន់​អំណាចបំភ្លៃ​ការ​ពិត​ជុំ​វិញ​កញ្ចប់​ថវិកា​៥០​ម៉ឺន​ដុល្លារ

មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​ថា ក្រុម​អ្នក​គាំ​ទ្រ​​បក្ស​កាន់​អំណាច​បាន​បំភ្លៃ​ការ​ពិត​ជុំ​វិញ​កញ្ចប់​ថវិកា​ ៥០​ម៉ឺន​ដុល្លារ ដែល​បក្ស​លោក​បាន​សន្យា​ផ្ដល់​ទៅ​ឃុំ-សង្កាត់ នៅ​អំឡុង​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត។ ប៉ុន្តែគណបក្សសង្រ្គោះជាតិ បានបញ្ជាក់គោលនយោបាយ៥០ម៉ឺនដុល្លារគឺទាល់តែគណបក្សប្រឆាំងឈ្នះការបោះឆ្នោត២០១៨ ទើបអាចអនុម័តថវិកាជាតិមកប្រើប្រាស់។

បន្ទាប់​ពី​បាត់​បង់​ការគ្រប់​គ្រង​នៅ​តាម​ឃុំ​-សង្កាត់​ដល់​ទៅ​ជិត៥០០​ នៅ​ទូទាំង​ប្រទេស ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​ធ្វើ​យុទ្ធនាការ​ជំរុញ​ទៅ​ប្រជា​ពលរដ្ឋ ឲ្យ​ទាម​ទារ​ថវិកា​កន្លះ​លាន​ដុល្លារ ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​សន្យា​ផ្ដល់​ទៅ​ឃុំ​-សង្កាត់ ក្រោយ​ការ​បោះ​ឆ្នោត​ថ្នាក់​​មូលដ្ឋាន​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។

ប៉ុន្តែក្នុង ​“វេទិកាថ្លែងអំណរគុណម្ចាស់ឆ្នោតនៅ​” ស្រុកស្អាង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៧ ខែមិថុនា នេះលោក កឹម សុខា បាន​ថ្លែង​ថា ក្រុម​អ្នក​គាំ​ទ្រ​បក្ស​កាន់​អំណាច​ទាំង​នោះ កំពុង​បំភ្លៃ​ខុស​ពី​ការ​ពិត និង​ធ្វើ​​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​យល់​ច្រឡំ។

លោកថ្លែងថា «មានក្រុមខ្លះ មានតំណាង​រាស្ត្រ ជាអ្នកចេះដឹងខ្លះផង​ គេបំភ្ល័យពាក្យគេថាឥឡូវ ឃុំ ជិត៥០០ដែលសង្គ្រោះជាតិឈ្នះ គេប្រាប់ប្រជាពលរដ្ឋឲ្យទារកន្លះលាន​ ពីមេឃុំ ពីគណបក្សសង្គ្រោះ​ជាតិពីលោក កឹម សុខា។ និយាយអញ្ចឹងចាញ់យើងទៀតហើយ បើចង់ឲ្យប្រជាពលរដ្ឋទារយកកន្លះ​លានដុល្លារបោះឲ្យសង្គ្រោះជាតិឈ្នះ កន្លះលាននឹងបានមែន​ នេះដូចជារុញគូថថែម​ និយាយ​ថាយកចំណេញ​ តែទៅមក​ៗដូច​រុញឲ្យប្រជាពលរដ្ឋខំបោះថែមទៀត បោះប៉ុណ្នឹងអត់ទាន់ធ្លាក់កន្លះលាន​ទេ ទាល់តែបោះ២០១៨ទៀត បានធ្លាក់កន្លះលានមួយឃុំ»។

លោក កឹម សុខា ថ្លែងទៀតថា ក្នុងការបោះឆ្នោតឃុំ សង្កាត់ អាណត្តិនេះ នៅក្នុងស្រុកស្អាង ​ខេត្តកណ្តាល គណ​បក្សសង្គ្រោះជាតិឈ្នះ១២ឃុំ ក្នុង​ចំណោម១៦ឃុំ។ លោកថានេះជាសញ្ញាវិជ្ជមានមួយ នឹងធ្វើឲ្យបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលនៅឆ្នាំ២០១៨ខាងមុខ​នេះ។

អ្នក​នាំពាក្យគណបក្ស​ប្រជាជនកម្ពុជា ​លោក សួស យ៉ារ៉ា​ មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍នឹងការលើក ឡើងរបស់លោក កឹម សុខា នោះទេ ដោយលោកថាពលរដ្ឋម្ចាស់ឆ្នោតគាត់យល់​ច្បាស់ពីសា​រន​យោបាយ​ភូត​​​កុហករបស់មេដឹកនាំបក្សប្រឆំាងរូបនោះ​។

លោកនិយាយថា «សំខាន់ប្រជាពលរដ្ឋគាត់កាន់តែយល់ដឹងជាងមុន កាន់តែឆ្លាតជាងមុន ហើយអ្វីៗដែលយើងនិយាយជាមួយគាត់ ហើយយើងកុហកហើយ កុហកទៀត ប្រជាជនគាត់យល់ច្បាស់ហើយ ហើយអ្វីដែលយើងចង់ធ្វើអំពើល្អសម្រាប់ជាតិ និងសង្គម គឺយើងត្រូវការភាពច្បាស់លាស់ ហើយអ្វីទំាងអស់​​គឺត្រូវតែធ្វើទៅលើលទ្ធភាពជាក់ស្តែង ហើយធនធានជាក់ស្តែងរបស់ជាតិ​​»

​កាលពីពេលថ្មីៗនេះ មន្ត្រីនៅរាជបណ្ឌិតសភាកម្ពុជាមួយក្រុម​ ភាគច្រើន​ជា​បណ្ឌិត រួមទាំងលោកបណ្ឌិត សុខ ទូច ផង អះអាងថា គោលនយោបាយ​លុយកន្លះ​លានដុល្លារ​របស់​គណ​បក្សសង្គ្រោះជាតិ​មិន​ទាន់​អាច​អនុវត្តន៍​បាន​ទេ ព្រោះមេ​ឃុំចៅសង្កាត់មួយចំនួន​សមត្ថ​ភាព​នៅទាប ប៉ុន្តែគណបក្សប្រឆំាងធានាថា នឹង​​បង្រៀន​មេឃុំមកពីគ្រប់គណបក្សនយោបាយ ឲ្យចេះគ្រប់គ្រងលុយចំនួន​៥០ម៉ឺនដុល្លារ ក្នុង​ការ​អភិវឌ្ឍ​មូល​ដ្ឋាន ជាលុយផ្តល់ពីថ្នាក់ជាតិ​ប្រចាំឆ្នាំ បើគណបក្សសង្រ្គោះជាតិដឹកនាំរដ្ឋាភិបាលក្រោយ​បោះឆ្នោត​២០១៨។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ យល់ថា ការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលដែលជំរុញឲ្យពលរដ្ឋទារលុយពីបក្សប្រឆំាងនោះ លោកថាការធ្វើយុទ្ធនាការអត្តឃាតខ្លួនឯង។ លោកនិយាយថា «នីតិវិធីនៃការប្រើប្រាស់ថវិកាជាតិគឺខុសពីអ្វីដែលពួកគេលើកឡើង ថវិកាឃុំនេះគឺជាថវិកាដែលអនុម័តឬក៏ឯកភាពពីរដ្ឋាភិបាល ហើយនឹងមានការឆ្លងកាត់អនុម័តពីសភាជាតិដែរ។ មិនមែនថវិកាបានមកពីប្រភពគណបក្សទេ វាជាថវិកាជាតិ បើសិនជាមហាជនគេដឹងពីនីតិវិធី ឬដំណើរការនៃការប្រើប្រាស់ថវិកា ឬក៏ប្រភពនៃថវិកាសម្រាប់ឃុំ សង្កាត់ វាធ្វើឲ្យតម្លៃអ្នកដែលនិយាយទំាងបំពាន គឺកាន់តែធ្លាប់ចុះវាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដែរដល់ប្រជាប្រិយភាពរបស់គណបក្សនយោបាយដែលជាអ្នកគំាទ្រ ដែលគាត់បានធ្វើ»។

តាមលទ្ធផលក្រៅផ្លូវការបង្ហាញថា គណបក្សប្រជាជនកម្ពុជា ថយចុះមេឃុំ ចៅសង្កាត់ ពី១៥៩២ កាលពីឆ្នាំ២០១២ មកនៅ១១៥៨ ឆ្នាំ២០១៧ ខណៈគណបក្សសង្រ្គោះជាតិ កើនមេឃុំ ពីចំនួន៤០ ទៅដល់៤៨៧ មេឃុំ ចៅសង្កាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ