លិខិតមិត្តអ្នកអាន៖ គណបក្សប្រឆាំងពីរត្រួត

ដោយ VOD Admin​​ | ថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 10:54 AM | លិខិតមិត្តអ្នកអានសង្គម | 0 | 2601

កាលពីថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៧ វីអូឌី បានចេញផ្សាយអត្ថបទមួយក្រោមចំណងជើងថា “តើបាវចនាជាតិ សាសនា ព្រះមហាក្សត្រ មានតម្លៃកម្រិតណាចំពោះរដ្ឋាភិបាលបច្ចុប្បន្ន?” ចេញដោយអ្នកនិពន្ធ អ៊ំ សារី។ នាងខ្ញុំ ប៉ាង វ៉ាន់ថោន ជាអ្នកគាំទ្របក្សជួងម្នាក់យល់ឃើញថា អត្ថបទនោះបានចោទប្រកាន់ដោយខ្វះសុភវិនិច្ឆ័យមកលើបក្សជួង។ អាស្រ័យហេតុនេះ ខ្ញុំសូមឆ្លើយតបទៅអ្នកនិពន្ធខាងលើវិញតាមរយៈវីអូឌី។ ក្នុងអត្ថបទនោះគេបានអំពាវនាវទៅលោកនាយករដ្ឋមន្ដ្រី ឲ្យចាត់វិធានការតាមផ្លូវច្បាប់ចំពោះប្រមុខបក្សជួង។ រឿងនេះ លើសពីលទ្ធភាពរបស់ខ្ញុំក្នុងការឆ្លើយតបជំនួសរដ្ឋាភិបាលប៉ុន្ដែអត្ថបទ “គណបក្សប្រឆាំងពីរត្រួត” នេះខ្ញុំសូមផ្ញើជូនមនុស្សមួយក្រុម ដែលបានតាំងខ្លួនជាមនុស្សថ្លៃថ្នូរគិតជាតិស្រលាញ់សាសនាព្រះមហាក្សត្រ ហើយចង់ខ្ចីដៃរដ្ឋាភិបាលមកកម្ទេចបក្សជួង។

ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ថ្មីៗនេះ ប្រធានបក្សប្រឆាំងធំបំផុតបាននិយាយថា “ការបោះឆ្នោតឲ្យគណបក្សតូចៗ ជាការបង្ហិនសន្លឹកឆ្នោត”។ គាត់សុំឲ្យពលរដ្ឋរួមគ្នាបោះឆ្នោតឲ្យសង្គ្រោះជាតិក្រោមហេតុផលថា “មានតែសង្គ្រោះជាតិទេ ទើបជាបក្សធំដែលបានវ៉ាដាច់បក្សតូចៗ”។ លើសពីនេះ គាត់ក៏បានបញ្ជាក់ថា “មានតែបក្សសង្គ្រោះជាតិ និងបក្សប្រជាជនកម្ពុជាទេ ទើបមានលទ្ធភាពឈ្នះនាយករដ្ឋមន្ដ្រីក្នុងការបោះឆ្នោតឆ្នាំ២០១៨។…មានតែក្រុមពីរទេគឺមួយចង់ដូរ និងមួយមិនចង់ដូរ។ អ្នកចង់ដូរមកសង្រ្គោះជាតិ អ្នកមិនចង់ដូរនៅដដែល”។ សំណួរសួរថា តើក្នុងបរិបទនយោបាយសព្វថ្ងៃនេះ ពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតមានជម្រើសគណបក្សតែពីរនេះទេ ឬយ៉ាងណា? ពិតណាស់ថាមានតែពីរជម្រើសទេគឺ មិនដូរឬដូរ តែមិនដូរ=បក្សប្រជាជន ឯដូរ=សង្គ្រោះជាតិ មិនមែនជារឿងត្រឹមត្រូវឡើយ។ ការនិយាយថា មិនដូរមានន័យថានៅបន្ដបោះឆ្នោតឲ្យបក្សប្រជាជន។ នេះជាជម្រើសតែមួយសម្រាប់អ្នកដែលមិនចង់ដូរ។ ប៉ុន្ដែនិយាយចំពោះអ្នកចង់ដូរវិញ មិនមែនជាការត្រឹមត្រូវឡើយដែលនិយាយថាជម្រើសមានតែមួយគឺបោះឆ្នោតឲ្យសង្គ្រោះជាតិ។ អ្នកដែលមិនគាំទ្រការដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន (អ្នកចង់ដូរ) គេត្រូវតែនិយាយគ្នាសិនថា តើចង់ដូរទៅណា? ការបោះឆ្នោតឲ្យបក្សប្រជាជនមានជម្រើសតែមួយ តែការមិនបោះឆ្នោតឲ្យគណបក្សប្រជាជនមានជម្រើសច្រើនលើសពីមួយ។ មន្ដ្រីបក្សប្រឆាំងធំបំផុតធ្លាប់ថា កាលបើមានពហុបក្សក្នុងការដឹកនាំ នាំមកនូវការរីកចម្រើនដោយសារវាជួយកុំឲ្យបក្សប្រជាជនជិះសេះលែងដៃ។ ប៉ុន្ដែពហុបក្សដែលគេសំដៅដល់គឺ បើបក្សគេបានចូលដែរនោះហៅថាពហុបក្សហើយ។ ផ្ទុយទៅវិញបើមិនទាន់មានបក្សខ្លួនចូលទគឺគ្មានពហុបក្សទេ។

ជាការពិតដែលពេលនេះមានតែបក្សប្រជាជន និងបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងឆ្នោតប្រដំប្រសងគ្នាពី៤០ ទៅ៥០%។ ចំណែកឯបក្សដទៃទទួលបានសំឡេងគាំទ្រមិនដល់៥%។ យ៉ាងណាក៏ដោយក៏មិនអាចនិយាយថាការបោះឆ្នោតឲ្យបក្សតូចៗជាការបង្ហិនសន្លឹកឆ្នោតដែរ។ មិនគួរភ្លេចឡើយថាមុនពេលកើតសង្គ្រោះជាតិ បក្សសិទ្ធិមនុស្សក៏ត្រូវបានរាប់ថា ជាបក្សតូចដែរ។ កាលណោះលោក សម រង្ស៊ី ក្នុងនាមជាមេបក្សប្រឆាំងធំបំផុត ធ្លាប់ហៅមិនឲ្យពលរដ្ឋបែកសំឡេងទៅបោះឲ្យសិទ្ធិមនុស្សដែរនាំខាតសំឡេងហើយបក្សសិទ្ធិមនុស្សក៏ធ្លាប់ត្រូវបានលោក សម រង្ស៊ី។ មិនគួរណាលោក កឹម សុខា ឆាប់ភ្លេចដល់ម្លឹង ឬមួយលោកមិនភ្លេចទេ តែដោយចេតនាគឺលោកទម្លាក់ពាក្យដែលបក្សលោកធ្លាប់ទទួលមកលើបក្សតូចៗដទៃបន្ដ? បែបនេះ ជាការប្រមាថដល់បក្សតូចៗដទៃថា អត់បានការក៏ជាការប្រមាទការណ៍ថា ខ្លួនធំដោយបានឡើងជាប្រធានបក្សប្រឆាំងធំបំផុតផង ដូច្នេះ លើទីលាននេះគ្មានបក្សណាមកប្រជែងប្រឆាំងនឹងបក្សខ្លួនបានឡើយ។ ដោយសារតែសម្អប់និងកំហឹង ពលរដ្ឋជាច្រើនពិសេសពលរដ្ឋដែលរងគ្រោះផ្ទាល់ពីផលប៉ះពាល់នានាក្នុងការដឹកនាំប្រទេសរបស់បក្សកាន់អំណាចបានបង្កើតជាចរន្ដប្រឆាំងឡើង។ ក្នុងចិត្ដពលរដ្ឋដែលបានបោះឆ្នោតឲ្យសង្គ្រោះជាតិគឺប្ដូរៗៗ ហើយប្ដូរនោះទៀតសោតគឺប្ដូរសិនទៅចាំគិតទៀត។ ពួកគាត់ក៏គិតយ៉ាងធូរៗថា បើសង្គ្រោះជាតិដឹកនាំមិនកើតចាំប្ដូរទៀត។ បើទោះបីជាប្រទេសយើងស្គាល់ក្លិនប្រជាធិតេយ្យរាប់សិបឆ្នាំហើយក៏ដោយ ប៉ុន្ដែមិនទាន់មាន សូម្បីម្ដងឡើយ ដែលពលរដ្ឋខ្មែរយើងអាចប្រើសន្លឹកឆ្នោតដោយសន្ដិវិធី ប្ដូរអ្នកដឹកនាំតាមចិត្ដរបស់ខ្លួនបាន។ តើនរណាហ៊ានអះអាងថា បើសង្គ្រោះជាតិបានកាន់រដ្ឋាភិបាលបែបអំណាចប្រមូលផ្ដុំត្រឹមមួយអាណត្ដិពលរដ្ឋអាចប្ដូរគេចេញបានបើពលរដ្ឋមិនពេញចិត្ដ? ប្រសិនបើប្រទេសយើងកំពុងតែស្ថិតនៅក្នុងលក្ខខណ្ឌដែលមានប្រព័ន្ធកាត់បន្ថយអំណាចរដ្ឋ ដើម្បីរក្សាតុល្យភាពអំណាចរវាងពលរដ្ឋជាម្ចាស់ប្រទេស និងអ្នកកាន់ការងារស្រុកទេស នោះវាគ្មានអ្វីខ្លាចឡើយថា បើសង្គ្រោះជាតិដឹកនាំមិនកើត ត្រឹមមួយអាណត្ដិ ពលរដ្ឋអាចប្ដូរគេចេញបាន។ យ៉ាងណាក៏ដោយយើងត្រូវតែគិតដោយភាពប្រាកដនិយមគឺ គិតដោយមិនភ្លេចច្រឡំដកជើងចេញពីស្ថានភាពជាក់ស្ដែង។ កាលពីមុនមានមនុស្សតិចប៉ុណ្ណោះដែលទទួលស្គាល់ថារដ្ឋាភិបាលបច្ចុប្បន្នដឹកនាំដោយប្រមូលផ្ដុំអំណាច បើទោះបីជាគេអះអាងថាគេបានធ្វើវិមជ្ឈការ និងវិសហមជ្ឈការអំណាចទៅថ្នាក់ក្រោមជាតិក៏ដោយ។ សព្វថ្ងៃនេះ សូម្បីតែបក្សប្រឆាំងធំបំផុត ក៏ទទួលស្គាល់ដែរថារដ្ឋាភិបាលមិនបែងចែកអំណាច។ ប៉ុន្ដែសង្គ្រោះជាតិ មិនដែលបង្ហាញថាគេចង់បំបែកអំណាចរដ្ឋ ដើម្បីធានាតុល្យភាពអំណាចឡើយ។ គេនិយាយត្រឹមតែថា ពួកខ្លួនមានឆន្ទៈដឹកនាំប្រទេសឲ្យល្អប៉ុណ្ណោះ គឺបើគេជាប់ឆ្នោតដឹកនាំរដ្ឋាភិបាល នោះរបៀបដឹកនាំរដ្ឋនឹងនៅតែដដែលដូរតែមនុស្ស។ បែបនេះមិនយូរទេមុខជាការសន្យាថាធ្វើតាមឆន្ទៈរាស្ដ្រ ក្លាយជាការទាក់រាស្ដ្រយកសន្លឹកឆ្នោតទៅឆាន់មិនខាន។

គ្មានប្រទេសប្រជាធិបតេយ្យណាមួយដែលដើរមុនប្រទេសយើង ដឹកនាំប្រទេសដោយគ្មានប្រព័ន្ធរក្សាតុល្យភាពអំណាចឡើយ។ ប្រព័ន្ធនឹងធានាថាអ្នកកាន់ការស្រុកទេសនឹងមិនអាចនៅក្រាញ់អំណាច បើទោះបីជាគេចង់នៅក្រាញ់ក៏ដោយ។ ប្រព័ន្ធនឹងរុញច្រានគេចេញពីតំណែង កាលណាគេខកខានបំពេញកាតព្វកិច្ចឲ្យបានត្រឹមត្រូវ ឬដល់អាណត្ដិ ឬពេលចាញ់ឆ្នោត។ កាលណាមានប្រព័ន្ធនោះមុខជាអ្នកដែលមានតំណែងតួនាទី ត្រូវតែធ្វើការដោយទទួលខុសត្រូវចំពោះមុខពលរដ្ឋដែលជាម្ចាស់ប្រទេស។ តំណែងតួនាទីទាំងនោះ គឺជាអម្រែកនៃការទទួលខុសត្រូវសុទ្ធសាធ។ ប្រព័ន្ធនឹងច្រោះយកតែមនុស្សដែលមានទាំងឆន្ទៈ និងសមត្ថភាពពិតប្រាកដដើម្បីទៅធ្វើការបម្រើពលរដ្ឋ។ ថ្វីត្បិតគណបក្សសង្គ្រោះជាតិនាំពលរដ្ឋដែលមិនពេញចិត្ដនឹងរដ្ឋាភិបាលបច្ចុប្បន្នទៅដូរ ប៉ុន្ដែបក្សនេះ គ្មានគំនិតកសាងប្រព័ន្ធធានាតុល្យភាពអំណាចឡើយ។ ដូររបស់គេមានន័យថា គេនឹងដូរលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ចេញ ដាក់លោក កឹម សុខា ឬលោក សម រង្ស៊ី ជំនួស តែរបៀបដែលធ្លាប់អនុវត្ដក្នុងការដឹកនាំប្រទេសយ៉ាងណាហាក់នឹងនៅតែរក្សាដដែល គឺអំណាចប្រមូលផ្ដុំនឹងនៅតែប្រមូលផ្ដុំ ខុសតែត្រង់បច្ចុប្បន្នវាផ្ដុំលើអេគីបលោកនាយករដ្ឋមន្ដ្រី តែក្រោយពីប្ដូរនោះអំណាចវានឹងប្រមូលផ្ដុំលើអេគីបលោក កឹម សុខា ឬអាចលោក សម រង្ស៊ីម្ដង។

និយាយចំពោះអ្នកដែលចង់ប្ដូរឲ្យតែបានសិន សង្គ្រោះជាតិពិតជាជម្រើសតែមួយគត់មែន។ ប៉ុន្ដែនិយាយចំពោះអ្នកដែលចង់ចេញពីអំណាចប្រមូលផ្ដុំទៅរកប្រព័ន្ធតុល្យភាពអំណាច បក្សប្រជាជនកម្ពុជា និងសង្គ្រោះជាតិគឺតែមួយដូរនាំតែហត់អត់អំពើព្រោះមានកន្លែងខ្លះការនៅក្រោមអំណាចបច្ចុប្បន្នហាក់រាងធូរស្រាលជាងនៅក្រោមអំណាចសង្គ្រោះជាតិ។ មិនអាចបដិសេធឡើយថា បរិយាកាសនៅស្រុកយើង ទោះមិនគួរជាទីពេញចិត្ដយើង ប៉ុន្ដែយើងត្រូវតែទទួលស្គាល់ពីចំណុចល្អខ្លះៗ ដែលរដ្ឋាភិបាលធ្វើដែលហោចណាស់បានទុកឲ្យយើងដកដង្ហើមខ្លះដែរ។ បើគេមិនបន្ធូរដៃទេនោះម្ល៉េះសមបក្សតូចៗគ្មានឱកាសជាបក្សប្រឆាំងពីរត្រួតដែរ។ ប្រឆាំងពីរត្រួត គឺប្រឆាំងនឹងរបៀបដឹកនាំរបស់បក្សកាន់អំណាចមួយជាន់ហើយ លើសពីនេះនៅប្រឆាំងនឹងបក្សប្រឆាំងធំបំផុតមួយជាន់ទៀត។ បើនរណាចេះហៅបក្សបែបនេះថាបក្សអាយ៉ង ក៏ហៅដោយមិនចេះខ្មាសមាត់ទៅចុះ។ បើសិនជាគ្មានវត្តមានបក្សប្រឆាំងពីរត្រួតលើទីលាននយោបាយទេ នោះសមថាជម្រើសចេញពីរដ្ឋាភិបាលបច្ចុប្បន្នមានតែមួយគត់គឺ រើសយកសង្គ្រោះជាតិ។ កាលពីមុនអ្នកកាសែត វិទ្យុ ទូរទស្សន៍ មិនដែលយកភ្នែកមើលគណបក្សនេះឡើយ ដោយយល់ថាបក្សអាយ៉ងតូចឥតបានការ នោះគឺបក្សជួង តែពេលនេះតើគេនៅតែបន្ដធ្វើពើទៀតឬ? ពេលខ្លះមានការចេញផ្សាយការរិះគន់អិលឌីភី ប៉ុន្ដែគេបែរជាទាត់ចោលមិនចេញផ្សាយការបកស្រាយតបពីអ្នកគាំទ្រអិលឌីភី។ នេះជាទម្រង់មួយនៃការរើសអើងរបស់អ្នកសារព័ត៌មាន។

ជារឿយៗ ដោយចង់គេចចេញពីការប្រឈមមុខជាមួយបក្សជួងគេប្រាប់ទៅសកម្មជនរបស់ខ្លួនថា កុំទៅរវល់ឆ្លើយឆ្លងជាមួយបក្សតូចៗ។ ប៉ុន្ដែគេលួចបារម្ភពីដំណើរទៅមុខរបស់បក្សជួង។ បក្សជួងជាបក្សប្រឆាំងពីរត្រួតដែលចង់នាំខ្មែរឲ្យរើខ្លួនចេញពីអំណាចប្រមូលផ្ដុំ។ ទៅតាមផ្លូវបក្សកាន់អំណាចក៏ជួងមិនទៅ ទៅតាមផ្លូវបក្សប្រឆាំងធំបំផុតក៏យើងមិនទៅ គឺបក្សជួងត្រួសត្រាយផ្លូវមួយថ្មីដែលក្រាលដោយប្រព័ន្ធធានាតុល្យភាពអំណាច។ ប្រព័ន្ធនេះ មិនបដិសេធយកអ្នកដែលថាខ្លួនមានឆន្ទៈឡើយ ប៉ុន្ដែសូមទុកឲ្យប្រព័ន្ធដើរតួនាទីជាអ្នកបន្សុទ្ធមនុស្សចុះ។ បើអ្នកមានឆន្ទៈពិតប្រាកដថាចង់ប្ដូររបៀបដឹកនាំមែន ដាច់ខាតត្រូវតែបង្ហាញពីឆន្ទៈកសាងប្រព័ន្ធ។ កាលណាកសាងបានប្រព័ន្ធហើយ ទោះអ្នកកសាងនោះមិននៅដឹកនាំក៏បាន គឺមិនមែនទាល់តែ “ខ្ញុំទើបអាចដឹកនាំប្រទេសបាន” នោះទេ។ លោក សារី បានលើកថា តាមរយៈលទ្ធផលបោះឆ្នោតឃុំសង្កាត់ “លោក ខឹម វាសនា គួរតែដឹងខ្លួនហើយព្យាយាមកែយុទ្ធសាស្រ្ដដើម្បីគាប់ចិត្ដរាស្ដ្រ”។ សូមជម្រាបលោកថា បក្សជួងមិនធ្វើនយោបាយផ្គាប់ចិត្ដរាស្ដ្រដើម្បីទាក់យកសន្លឹកឆ្នោតឡើយ លើសពីនេះ យើងហៅទង្វើបែបនេះថាជាទង្វើរបស់អ្នកនយោបាយមិនល្អ ឯអ្នកវិភាគណាដែលផ្ដល់យោបល់ថា គួរតែធ្វើបែបនេះដូរបែបនោះ ដើម្បីទាក់យកសន្លឹកឆ្នោតក៏រាប់ថាជាជនមិនល្អ ដែរដែលចង់កេងចំណេញពីពលរដ្ឋឯង។ ជនបែបនោះគេចេះតែថា បក្សជួងមិនយកគំនិតអ្នកដទៃ ដែលការពិតវាជាគំនិតដ៏សែនកខ្វក់ ហើយគេថាបក្សជួងជេរគ្រប់គ្នាដែលមិនត្រូវជាមួយខ្លួន។ យោបល់ខ្លះបង្ហាញពីភាពអាត្មានិយមរបស់អ្នកផ្ដល់យោបល់នោះ។ ពេលបក្សជួងទាត់ចោល គេទទួលមិនបានដោយសារគេមាននាមជាអ្នកចេះដឹង ហើយក៏ចេញជាពាក្យកាច់មួលមកលើបក្សជួង។ លុះដល់គេជេរគេក៏ថាបក្សជួងចេះតែជេរគេ។ សូមក្រលេកមើលម្ដងមួយៗដោយចិត្ដស្មើៗ នោះអ្នកនឹងឃើញថា តើបុគ្គលប្រភេទណាខ្លះ ដែលបក្សជួងជេរមិនខាន។ វាត្រូវតែមានមូលហេតុថា ហេតុអ្វីទើបបក្សជួងជេរ វាមិនដែលបើកទ្វារមកភ្លាមប្រមុខបក្សជួងជេរយកៗនោះទេ។ បក្សជួងធ្វើនយោបាយដោយមានមនោគមវិជ្ជានយោបាយជាក់លាក់ គឺសំដៅបណ្ដុះមូលដ្ឋានពិចារណាដល់ពលរដ្ឋឲ្យចេះពិចារណាបែងចែកល្អនិងអាក្រក់ប្រកបដោយហេតុនិងផល ជៀសវាងចូលរួមនយោបាយដោយគំនុំសម្អប់កំហឹង និងដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។ បក្សជួងមាន ១)គោលដៅកសាងសង្គមប្រជាធិបតេយ្យមួយដែលពលរដ្ឋទាំងអស់រស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ប្រទេស ២)ដើម្បីឈានទៅកាន់គោលដៅខាងលើគឺបក្សជួងចាប់ផ្ដើមចេញពីការពន្យល់ពលរដ្ឋឲ្យមានមូលដ្ឋានពិចារណា ៣)ឥរិយាបថនយោបាយរបស់បក្សជួង គឺសុចរិតមិនលាបព៌ណមិនញុះញង់ មិនចោទប្រកាន់គេដោយគ្មានភស្ដុតាងមិនបំភ័ន្ដការគិតរបស់ពលរដ្ឋ មិនកុហកមិនបោកយកតែសន្លឹកឆ្នោត ផ្ទុយទៅវិញគឺ បើកបង្ហាញឲ្យពលរដ្ឋបានឃើញពីទង្វើទុច្ចរិតរួមទាំងរបស់អ្នកនយោបាយទាំងក្នុងរដ្ឋាភិបាលនិងបក្សប្រឆាំង អ្នកសាសនា អង្គការសង្គមស៊ីវិល រួមទាំងភាពអសកម្មនានារបស់ពលរដ្ឋ។ ដោយសារតែបក្សជួងបើកបង្ហាញជុំទឹសបែបនេះហើយ ទើបគេចេះតែលើកឡើងថាបក្សជួងជេរនរណាស្រេចចិត្ដក្រៅពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ និយាយបែបនេះលើសហើយ។ មនុស្សថ្លៃថ្នូរមិនមកកាច់មួលគេស្រស់ៗបែបនេះទេ។ ប្រមុខបក្សជួងបានជេរ ប៉ុន្ដែគាត់ជេរចំពោះទង្វើមិនល្អ របស់បុគ្គលតែប៉ុណ្ណោះ គាត់មិនដែលជេរប្រទូស្ដកេរ្ដ៍ភេទបុគ្គលណាជាពាក្យអាសអាភាសឡើយ។ ៤)ធនធានមនុស្ស។ គេថាបក្សជួងជេរគេមិនរើសមុខ បើពិតជាដូច្នេះមែន ហេតុអ្វីមានពលរដ្ឋប្រហែលជា២០ម៊ឺននាក់គាំទ្របក្សជួង? តើពលរដ្ឋមួយក្រុមតូចនុះខូចខួរក្បាលក្លាយជាក្បាលដែកគោលដូចគេចោទអស់ហើយឬ? តើតាំងតែពីដើមមកអស់លោកដែលឭដែលឃើញថាមានសមាជិក ឬអ្នកគាំទ្របក្សជួងម្នាក់ណាជាជនពាលាអាវ៉ាសែ ផឹកស្រាស្រវឹងអួរទីនួ វ៉ៃប្រពន្ធទាត់កូន ឬឈ្លោះគេវ៉ៃទាត់ធាក់ប្រើអំពើហឹង្សា ឬជេរប្រមាថដល់កេរ្ដ៍ភេទនរណាម្នាក់ ឬមានសាហាស្មន់ក្បត់ប្ដីផិតប្រពន្ធ ឬប្រព្រឹត្ដបទល្មើសចោរកម្ម ឬលេងល្បែងស៊ីសងបៀរអាប៉ោងកន្ទុយលេខ ឬជួញដូរ ប្រព្រឹត្ដគ្រឿងញៀននៅឯណាទេ? បើបក្សជួងបំផ្លាញជាតិពិតមែន ១១ឆ្នាំមកនេះ មុខជាសមល្មមនឹងបណ្ដុះបានជនពាលាអាវ៉ាសែពេញសង្គមមិនខាន។ ផ្ទុយទៅវិញសមាជិក និងអ្នកគាំទ្របក្សជួងជាទូទៅជាជនគំរូទាំងក្នុងគ្រួសារ និងសហគមន៍។ ភាពមានវិន័យតាមផ្លូវថ្លៃថ្នូរមិនសុំសន្លឹកឆ្នោតគេអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ថ្មីៗនេះ ជាការបង្ហាញជាក់លាក់ពីផលវិជ្ជមាននៃការពន្យល់របស់ប្រមុខបក្សជួងហើយ។ យ៉ាងណាក៏ដោយគេនៅតែមើលមិនឃើញពីចំណុចល្អ ដែលគ្មានបក្សដែលថា ខ្លួនត្រឹមត្រូវណាមួយអាចធ្វើបានដូច បើគេពាក់វ៉ែនតាខ្មៅសម្លឹងមកបក្សជួងដោយអគតិ។ គេក៏បានលើកឡើងថា បក្សជួងបានដៀលត្មះព្រះពុទ្ធថាជាព្រះអត់បានការ ឬព្រះលាមក(អាចម៍)។ ប្រមុខបក្សជួងបាននិយាយជាង៤ពាន់ម៉ោងហើយ។ គាត់ទទួលខុសត្រូវគ្រប់ម៉ាត់ដែលគាត់បានខ្ជាក់។ សំឡេងក៏នៅមនុស្សក៏នៅ បើលោកច្បាស់ថា គាត់បានជេរព្រះពុទ្ធថាជាព្រះអាចម៍មែនសូមលោកយកភស្ដុតាងមក។ គ្មានសោះឡើយការប្រមាទដល់ព្រះសម្មាសម្ពុទ្ធ ផ្ទុយទៅវិញដោយសារតែការពន្យល់ពីមេរៀនរបស់ព្រះពុទ្ធដោយភាសាសាមញ្ញងាយយល់ ទើបទាំងគ្រហស្ថទាំងព្រះសង្ឃបានទទួលនូវខ្លឹមសារពិតប្រាកដនៃមេរៀនព្រះធម៌យកមកបដិបត្ដិ។ ពួកយើងមួយចំនួនបានបដិបត្ដិវិបស្សនា។ ព្រះសង្ឃដែលកំពុងបួសរៀនសព្វថ្ងៃខ្លះមិនទាំងស្គាល់ផងថាអ្វីទៅជាវិបស្សនាផង អាស្រ័យហេតុនេះហើយទើបព្រះសង្ឃមួយចំនួនបានស្ដាប់យល់នូវខ្លឹមសារនៃព្រះធម៌តាមរយៈការពន្យល់របស់ប្រមុខបក្សជួង ហើយឈានដល់គាំទ្រសកម្មភាពនយោបាយបក្សជួង។

ឈ្មោះថា “បក្សអាយ៉ង” ត្រូវបានគេបោះមកឲ្យបក្សជួង។ បើអ្នកពិចារណាអំពីយន្ដការ៨ចំណុច នោះអ្នកមុខជាឃើញថានេះជាយន្ដការធានាតុល្យភាពអំណាចបំបែកអំណាចប្រមូលផ្ដុំសព្វថ្ងៃ។ តើមានឬដែលបក្សអាយ៉ងចង់បំបែកអំណាចមេអាយ៉ង? តាមពិតទៅបក្សកាន់អំណាចមិនជាស្រួលចិត្ដជាមួយបក្សជួងប៉ុន្មានទេ ប៉ុន្តែគេក៏មិនទាន់ដឹងថា ត្រូវធ្វើបែបណាចំពោះពួកជួង បើពួកជួងចូលរួមនយោបាយដោយស្មោះត្រង់មានការយល់ដឹងដូច្នេះ។ ក្រោយការបោះឆ្នោតតើហេតុអ្វីទើបគេព័ទ្ធវ៉ៃស្រោចមកលើកូនបក្សនេះម្ល៉េះ? ជាការពិតបក្សកាន់អំណាចពិតជាបានចំណេញខ្លះពីបក្សជួង ដែលបក្សជួងបានបើកបង្ហាញពីភាពស្មោគគ្រោគរបស់បក្សប្រឆាំងធំបំផុតជួសខ្លួន ព្រោះគេក៏ចង់វ៉ៃសង្រ្គោះជាតិដែរ ប៉ុន្តែដោយសារតែខ្លួនគេមិនស្អាតទើបវ៉ៃគេមិនមុត។ត្រង់នេះហើយទើបគេថាបក្សជួងជាអាយ៉ង។ យ៉ាងណាក៏ដោយប្រមុខបក្សជួង ធ្លាប់បានផ្ញើរសារទៅបក្សកាន់អំណាចរួចហើយថា “កុំភ្លេចថាពេលពលរដ្ឋចេះដឹងបក្សប្រឆាំងក្រឡុកបោកពលរដ្ឋលែងកើត ប៉ុន្ដែពេលនោះបក្សកាន់អំណាចក៏ក្រឡុកពលរដ្ឋមិនបានដូចគ្នា”។ បក្សជួងនៅឈរជើងលើទីលាននយោបាយបាន ច្បាស់ណាស់ ដោយសារតែបក្សកាន់អំណាច គេមានអធ្យាស្រ័យដែរ តែសូមកុំច្រលំថា មកពីជាអាយ៉ងទើបគេមិនធ្វើស៊ី ផ្ទុយទៅវិញដោយសារតែភាពល្អត្រឹមត្រូវរបស់បក្សជួងផ្ទាល់ ទើបយើងអាចឈរជើងបាន។

តាមដានគ្រប់បក្សជារឿងដែលពលរដ្ឋគ្រប់រូបគួរធ្វើ មិនមែនឲ្យតែឭថាប្រឆាំងសុទ្ធតែល្អទេ។ សំខាន់រឿងត្រូវឬខុស មិនសំខាន់ថាធំឬតូចឡើយ។ បើនរណាហ៊ានទាញថា ធំ=ត្រូវ តូច=ខុស នោះអាចមកតតាំងបាន។ សូមតាមដានមើលថាតើគេប្រឆាំងនឹងរបៀបដឹកនាំ ឬប្រឆាំងនឹងបុគ្គល? ឬប្រឆាំងដោយសារតែគេឈ្មោះជាបក្សប្រឆាំង? វាមិនទាន់ខុសឬត្រូវ ល្អឬអាក្រក់ឡើយដែលនរណាម្នាក់គាំទ្របក្សណា។ សំខាន់ថា តើហេតុផលអ្វីទើបគេជ្រើសរើសគាំទ្របក្សនោះ? តើព្រោះចង់រក្សាប្រយោជន៍ផ្ទាល់ខ្លួន ឬដោយសារចាញ់បោកគេ ឬដោយសារមានហេតុផលត្រឹមត្រូវក្នុងការគាំទ្រ? នោះទើបជារឿងដែលយើងគួរតែពិភាក្សាគ្នា។ បើត្រឹមមានស្លាកជាគណបក្សប្រឆាំងធំបំផុត ហើយមកខ្ទប់ដំណើរលូតលាស់របស់បក្សតូចៗនោះ វាបង្ហាញពីការភ័យខ្លាចក្នុងចិត្ដថាបក្សដទៃនឹងមកដណ្ដើមយកឈ្មោះជា “គណបក្សប្រឆាំងដាច់មុខ” ពីបក្សខ្លួនតែប៉ុណ្ណោះ។ មធ្យោបាយល្អបំផុត គឺពលរដ្ឋតាមដានគ្រប់បក្សទាំងអស់គ្នា ហើយម្នាក់ៗជ្រើសរើសយកបក្សដែលខ្លួនពេញចិត្ដដោយការយល់ដឹង និងការទទួលខុសត្រូវ៕

ដោយ ប៉ាង វ៉ាន់ថោន អ្នកគាំទ្របក្សជួង

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required