ថៃ​ជំរុញ​ការអប់រំ​អំពី​ការ​រួមភេទ​នៅតាម​សាលារៀន​ដើម្បី​កាត់បន្ថយ​អត្រា​មាតា​វ័យក្មេង​

និស្សិតកំពុង​សិក្សា​ពីការដាក់នៅលើស្រោមអនាម័យដោយប្រើត្រសក់(រូបភាពពីបណ្តាញសារព័ត៌មាន​chiangraitimes)

គ្រូបង្រៀន និងអ្នកគ្រប់គ្រងសាលានៅឯប្រទេសថៃ កំពុងតែជំរុញកម្មវិធីសិក្សាទូទាំងប្រទេស ដើម្បីអប់រំសិស្សក្មេងៗអំពីសុខាភាពផ្លូវភេទ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយចំនួនដ៏ខ្ពស់នៃសិស្សស្រីមានផ្ទៃពោះទាំងវ័យក្មេង។

សារព័ត៌មានបាងកកប៉ុស្តិ៍របស់ថៃ បានផ្សាយថា ការសម្រេចដូច្នេះ បានកើតឡើងក្រោយពីច្បាប់ស្ដីពីការបង្ការ និងដំណោះស្រាយបញ្ហាមានផ្ទៃពោះរបស់ក្មេងជំទង់ បានចូលជាធរមានកាលពីខែមុន។

កាសែតថៃមួយនេះ បានរាយការណ៍បន្តថា គ្រូបង្រៀន និងគណៈគ្រប់គ្រងសាលា នឹងផ្ដល់ការអប់រំអំពីការរួមភេទ និងឥរិយាបថត្រឹមត្រូវចំពោះការអប់រំអំពីការរួមភេទពីអ្នកជំនាញ។

លេខាធិការអចិន្ត្រៃយ៍នៃក្រសួងអប់រំថៃ លោក កាំចន តាទីយីកវី បាននិយាយថា សិស្សថៃ កាលពីមុន តែងតែបោះបង់ការសិក្សារបស់ពួកគេ នៅពេលពួកគេមានផ្ទៃពោះ ប៉ុន្តែ ចាប់ពីពេលបច្ចុប្បន្ននេះទៅ ក្រសួងអប់រំថៃ នឹងធានាថា គ្រប់ក្មេងស្រីទាំងអស់ មានសិទ្ធិស្មើគ្នាចំពោះការទទួលបានការអប់រំផ្លូវការ។

យោងតាមក្រសួងសុខាភិបាលសាធារណៈ ប្រទេសថៃមានចំណាត់ថា្នក់ទី ១៥ នៅអាស៊ី និងចំណាត់ថ្នាក់លេខ ៥ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសដែលមានក្មេងស្រីមានផ្ទៃពោះទាំងវ័យក្មេងច្រើនជាងគេ។ ជាមធ្យម ក្មេងស្រីជំទង់ ៥២នាក់ ត្រូវបានគេរកឃើញថាមានផ្ទៃពោះ នៅក្នុងចំណោមក្មេងស្រីចំនួន ១ពាន់នាក់ មានវ័យចន្លោះ ១៥ឆ្នាំ ទៅ ១៩ឆ្នាំ។

អ្នកស្រី ចិត្តទិម៉ា ផានុតិឆា អ្នកសម្របសម្រួលលនៃមូលនិធិតស៊ូមតិតសុខភាពស្ត្រី បាននិយាយថា ក្មេងប្រុសជំទង់ ៩០ភាគរយ ពុំដឹងពីរបៀបប្រើប្រាស់ស្រោមនោះឡើយ ហើយក្មេងស្រីជំទង់ ៨០ភាគរយ ពុំបានដឹងពីវិធីលេបថ្នាំបង្ការមានផ្ទៃពោះនោះឡើយ ក្រោយពេលពួកគេរួមភេទរួចរាល់នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ