UN ជំរុញឲ្យកម្ពុជាបង្កបរិយាកាសងាយស្រួលមុនបោះឆ្នោត

អ្នកនាំពាក្យការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ​ លោកស្រី​ Ravina Shamdasani

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបង្កបរិយាកាសងាយស្រួលក្នុងការគោរពសិទ្ធិមនុស្សមុនការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧និងបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។

សេចក្តីថ្លែងការរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិស្តីពីកម្ពុជាចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញបានលើកឡើងថា បច្ចុប្បន្នកំពុងមានការបំភិតបំភ័យកាន់តែខ្លាំងឡើងលើអ្នកនយោបាយ អ្នកគាំទ្រគណបក្សប្រឆាំង សង្គមស៊ីវិល និងអ្នកធ្វើបាតុកម្ម។

សេចក្តីថ្លែងការណ៍បានលើកឡើងពីការចល័តកម្លាំងទ័ពនៅជិតស្នាក់ការគណបក្សសង្គ្រោះជាតិ ការប្តេជ្ញារបស់មន្ត្រីជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធការពារគណបក្សកាន់អំណាច និងការបិទផ្លូវមិនឲ្យគណបក្សសង្គ្រោះជាតិហែញត្តិដាក់នៅតាមស្ថានទូត។ សេចក្តីថ្លែងការក៏បានលើកឡើងពីការចាប់ខ្លួនអ្នកតវ៉ាដោយសន្តិវិធីជាបន្តបន្ទាប់ដែរ។

អ្នកនាំពាក្យការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោកស្រី Ravina Shamdasani លើកឡើងក្នុងសេចក្តីថ្លែងការណ៍នោះថា ទាំងអស់នេះជាចំណុចព្រួយបារម្ភ៖ «យើងមានការព្រួយបារម្ភជាខ្លាំងអំពីបរិយាកាសនៃការបំភិតបំភ័យកាន់តែខ្លាំងឡើងៗដល់អ្នកនយោបាយអ្នកគាំទ្ររបស់គណបក្សប្រឆាំង សង្គមស៊ីវិល និងអ្នកធ្វើបាតុកម្មដោយសន្តិវិធីក្នុងប្រទេសកម្ពុជា»។

នៅថ្ងៃអង្គារម្សិលមិញ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតជាបណ្តុំអង្គការសង្គមស៊ីវិលក្នុងស្រុកក៏បានចេញសេចក្តីថ្លែងការណ៍សម្តែងពីការព្រួយបារម្ភថា ការចល័តកងទ័ពនិងការបិទផ្លូវថ្មីៗនេះ ជារំខាននិងបំភិតបំភ័យដល់ដំណើរការចុះឈ្មោះបោះឆ្នោត។

នាយកប្រតិបត្តិអង្គការនិចហ្វិចជាអង្គការសមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតលោក សម គន្ធាមី មានប្រសាសន៍ថា ការធ្វើសមយុទ្ធកណ្តាលទីក្រុងនិងការបិទផ្លូវនោះ ធ្វើឲ្យពលរដ្ឋមួយចំនួនបារម្ភខ្លាចមានហិង្សាកើតឡើងពេលបោះឆ្នោតខាងមុខ៖ «ជះឥទ្ធិពលចាប់ពីឥឡូវហ្នឹងទៅ ដោយសារគាត់បារម្ភពីឥឡូវ ហើយឥទ្ធិពលនេះ វាជាសញ្ញាមួយធ្លាយដល់ពេលបោះឆ្នោតនៅថ្ងៃខាងមុខ»។

សម្រាប់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាជាគណបក្សកំពុងដឹកនាំរដ្ឋាភិបាលលោក សុខ ឥសាន មានប្រសាសន៍ថា រដ្ឋាភិបាលបច្ចុប្បន្នមិនបានបំភិតបំភ័យភាគីណាមួយទេ គឺមានតែការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ។ លោកបន្តថា ការធ្វើសមយុទ្ធនិងការបិទផ្លូវបានចប់ហើយ វាមិនប៉ះពាល់ដល់ដំណើរការចុះឈ្មោះនិងបោះឆ្នោតទេ៖ «ខ្ញុំយល់ថា វាគ្មានប៉ះពាល់អីទេ ពិធីបុណ្យខួបកងទ័ពហ្នឹងចប់ហើយហ្នឹង។ ឥឡូវសភាពការណ៍ស្ងប់ ស្ងាត់ហើយ ចឹងវាជារយៈពេលមួយ ៤ទៅ៥ថ្ងៃគេហាត់សមកងទ័ព អង្គរក្សហ្នឹងចប់ហើយ»។

កាលពីថ្ងៃទី៣១ខែសីហា ឧទ្ធម្ភាគចក្រជិត១០គ្រឿងហោះលើស្នាក់ការគណបក្សសង្គ្រោះជាតិនិងមានការចល័តកម្លាំងជើងគោកនិងកម្លាំងជើងទឹកក្បែរនោះផង។ ដោយឡែកនៅថ្ងៃទី៥ ខែកញ្ញា សមត្ថកិច្ចបិទផ្លូវក្បែរៗគណបក្សសង្គ្រោះជាតិតាំងពីម៉ោង៤ទៀបភ្លឺរហូតដល់ម៉ោង១១ព្រឹក។

ការចុះឈ្មោះបោះឆ្នោតតាមទម្រង់ថ្មីចាប់ផ្តើមពីថ្ងៃទី១ខែកញ្ញាដល់ថ្ងៃទី២៩ខែវិច្ឆិកា។ ចំណែកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នឹងប្រព្រឹត្តទៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ និងការបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដាឆ្នាំ២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ