កម្មករជាង៤០នាក់នៅរោងចក្រមួយ ដួលសន្លប់

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 10:53 AM | សន្ដិសុខអភិបាលកិច្ចល្អ | 0 | 1844

កម្មករ-កម្មការិនីរោងចក្រ ប្រមាណជាង៤០នាក់ ក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា រាជធានីភ្នំពេញ បានដួលសន្លប់ជាបន្ដបន្ទាប់ នៅព្រឹកថ្ងៃទី៧កញ្ញាឆ្នាំ២០១៧។ នេះបើតាមរបាយការណ៍ពីអាជ្ញាធរ។

អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សាវ៉ាន់ ឲ្យ VOD ដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ករណីដួលសន្លប់នេះ លោកសង្ស័យ បណ្ដាលមកពីកម្មករ-កម្មការិនី មានកម្លាំងទន់ខ្សោយពេក ប៉ុន្ដែលោកថា​ ស្ថានភាពជំងឺរបស់ពួកគេ មិនជាធ្ងន់ធ្ងរប៉ុន្មានទេ។

លោកថា៖ «មិញរបាយការណ៍មក៤០នាក់ ចាំមើលតទៅទៀត ជួនកាលទៅវាចេះតែបន្ដបន្ទាប់ តែជាក់ស្ដែងតែប៉ុណ្ណឹងសិនបង អត់មានរបួសស្នាម អត់មានអីធ្ងន់ធ្ងរទេ ដូចជារាងខ្សោយអញ្ចឹងណា»។

កម្មាការរិនីរោងចក្រនេះម្នាក់ គឺកញ្ញា សុខ នី អាយុ២១ឆ្នាំ និយាយថា ចំពោះករណីកម្មករដួលសន្លប់នេះ អ្នកខ្លះថា មកពីពួកគាត់នឿយហត់ គ្មានកម្លាំងធ្វើការ និងខ្លះទៀតថា បណ្ដាលមកពីឆក់ខ្សែភ្លើង។

អាជ្ញាធរឲ្យដឹងបន្ថែមថា ក្រោយដួលសន្លប់កម្មករ-កម្មការិនីរោងចក្រទាំងនេះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅក្បែរនោះ ដូចជា មន្ទីរពេទ្យ មូលមិត្ត និងមន្ទីរពេទ្យមេត្រី។

បើតាមរបាយការណ៍ នៅកម្ពុជា មានកម្មករប្រមាណជាង៧លាននាក់ ហើយការសន្លប់ទ្រង់ទ្រាយធំបែបនេះ គឺច្រើនកើតឡើងជាទូទៅ ដោយសារតែបញ្ហាកង្វះអាហារូបត្ថម្ភ កង្វះឈាម ភិតភ័យ និងបញ្ហាផ្សេងទៀត៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required