ថៃប្រាប់​កម្ពុជា​ឲ្យរក​ភា​ព​ស្របច្បាប់​ជូន​ពល​រដ្ឋ​ខ្លួន​ មុន​នឹង​ឲ្យ​ចូល​ធ្វើ​ការ​នៅ​ថៃ

នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក ប្រាយុទ្ឋ ចាន់​អូឆា និងលោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន នៅក្នុងពិធីមួយនាថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៧

នាយក​រដ្ឋ​មន្ត្រី​ថៃ​បាន​ប្រាប់​កម្ពុជា​ឲ្យរៀប​ចំ​​ពល​រដ្ឋខ្លួន​ឲ្យ​​មាន​ភា​ព​ស្របច្បាប់​មុន​នឹង​អនុញ្ញាតចូល​ទៅ​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​ថៃ ខណៈដែល​កម្ពុជាថា​ខ្លួន​បាន​ខិត​ខំ​ជា​ច្រើន​លើ​ករណី​នេះ ដើម្បី​បញ្ជៀស​នូវ​ការ​កេង​ប្រវ័ញ្ញ​កម្លាំង​ពល​កម្ម​។

ការលើកឡើងនេះ នៅខណៈពេលដែលនាយក​រដ្ឋ​មន្ត្រី​ថៃ​លោក ប្រាយុទ្ឋ ចាន់​អូឆា​ ​ធ្វើ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​៧​កញ្ញា​នេះ។

បន្ទាប់​ពី​កិច្ច​ប្រជុំ​ចង្អៀត​គណៈរដ្ឋ​មន្ត្រី​ចម្រុះ​កម្ពុជា-ថៃលើក​ទី​៣ ក្នុង​សន្និសីទ​ការ​សែត​មួយ​នៅ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​នៅ​ព្រឹក​នេះ លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថាកម្ពុជានិង​ថៃ​បាន​ពិភាក្សា​លើ​បញ្ហា​ជួញ​ដូរ​មនុស្ស ដោយ​ថាលោក​ចង់​ឲ្យ​ពល​រដ្ឋ​កម្ពុជាទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដោយ​ស្រប​ច្បាប់​ ដើម្បី​ជៀស​វាង​នូវ​ការ​កេង​ប្រវ័ញ​នូវ​កម្លាំង​ពល​កម្ម។

លោក​ថា៖ «យើង​ចង់​ឲ្យ​ពល​ករ​យើង​ទាំង​អស់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដោយ​ស្រប​ច្បាប់ ជៀស​វា​ង​ការ​ទៅ​ដោយ​ខុស​ច្បាប់ ជៀស​វាង​ការ​កេង​ប្រវ័ញ»។

បន្ថែម​លើ​ការ​លើក​ឡើង​របស់​លោក​ ហ៊ុន សែន លោក ប្រាយុទ្ឋ ចាន់​អូ​ឆា មាន​ប្រសាសន៍​ថា លោក​ចង់​ឲ្យ​កម្ពុជា​បែង​ចែក​ពល​ករដែល​ធ្វើ​ការ​នៅ​លើ​ទឹក និង​លើ​គោក​ និង​ស្វែង​រក​ភាព​ស្រប​ច្បាប់​ជូន​ពួកគាត់​ឲ្យ​ត្រឹម​ត្រូវ​មុន​នឹង​ឲ្យ​ពួកគេ​ទៅ​ធ្វើ​ការ​នៅ​ថៃ។

លោក​ថា៖ «ចំពោះ​វិស័យ​ខាង​ផ្នែក​គ្រឿងញៀន និង​ការវិស័យ​ពល​ករ​ដែល​ទៅ​ធ្វើ​ការនៅ​ក្នុង​ទូក​​លើ​សមុទ្រនោះភាគី​ថៃ​បានស្នើ​ឲ្យ​មាន​ការ​បំបែក​ពល​ករ​ទាំង​នោះ​ក្នុង​ការ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ឲ្យ​បាន​ស្របច្បាប់»។

ក្នុង​កិច្ច​ប្រជុំ​នៅ​ព្រឹក​នេះ ភាគី​កម្ពុជា​-ថៃ​ក៏​បាន​សន្យា​ថានឹង​ពង្រី​ក​ទំហំពាណិជ្ជកម្មឲ្យ​កើនឡើង​ប្រមាណ​ ១ ៥០០០លានដុល្លារ​នៅ​ឆ្នាំ​បន្ទាប់ ក្នុង​នោះ​ក៏​យល់​ព្រម​បើក​ច្រក​ព្រំដែន​បន្ថែម​ទៀត​ផង​ដែរ លើសពី​នេះ ប្រទេស​ថៃយល់ព្រម ទទួលទិញ​ផលិតផល​កសិកម្ម​ពីក​ម្ពុជា​​ក្នុងពេល​ដែល​ស្ថាន​ភាព​ទីផ្សារ​កសិផលកម្ពុជាជួបការលំបាក។ ក្នុង​ការ​ទប់​ស្កាត់​គ្រឿ​ងញៀន កម្ពុជា​-ថៃ​បាន​ឯក​ភាព​សហការ​គ្នាទប់​ស្កាត់ និង​រៀប​ចំ​​ឲ្យ​មាន​មណ្ឌលស្តារ​នីតិសម្បទារ​នៅ​ខេត្ត​ព្រះ​សី​​ហនុ។ ក្នុង​ការ​ប្រតិ​បត្តិ​តាម​ព្រំ​ដែន​កម្ពុជា-ថៃ បាន​សន្យា​នឹង​ធ្វើ​ការ​សង្គ្រោះ​ពិសេសនៅពេល​មានគ្រោះ​ធម្មជាតិ​នៅ​តាម​ព្រំ​ដែន​ផង​ដែរ។

គួរ​រំលឹក​ផង​ដែរ​ថា រដ្ឋាភិបាល​ថៃកាលពី​ខែ​កក្កដា​កន្លង​ទៅ​ដើម្បី​បញ្ជៀស​ការ​បណ្តេញ​ចេញពី​ប្រទេស​ខ្លួន​ថៃ​បានសម្រេច ​ទុក​ពេល​១៥​ថ្ងៃ​ឲ្យ​ពលករ​ខ្មែរ​ និង​រដ្ឋាភិបាល​កម្ពុជា​ដោះ​ស្រាយ​បញ្ហា​ពល​ករ​ចំណាក​ស្រុក​ខុសច្បាប់​នេះឲ្យ​បាន​រួច​រាល់​។​

បើ​តាម​របាយការណ៍​របស់​ក្រសួង​ការ​ងារឆ្នាំ​២០១៦ ពល​ករ​ចំណាកស្រុក​កម្ពុជា​ ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ​មាន​ចំនួន​ជាង​១លាន​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ