ព្រះមហាក្សត្រសម្តេច នរោត្តម សីហមុនី បានអំពាវនាវឲ្យប្រជារាស្ត្រប្រកាន់ភ្ជាប់នូវសាមគ្គីភាព សំដៅកសាងនិងការពារសមិទ្ធផលសង្គម។
ព្រះរាជសារនៅក្នុងឱកាសបើកសម័យប្រជុំពេញអង្គនៃរដ្ឋសភាលើកទី៧ នីតិកាលទី៦ ដែលប្រព្រឹត្តទៅនៅព្រឹកនេះ ព្រះអង្គបានលើកសរសើរដល់លោក ហេង សំរិន ប្រធានរដ្ឋសភាថាបានដឹកនាំអនុម័តច្បាប់ច្រើនពេលកន្លងមក។
ព្រះអង្គក៏សរសើរលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីថាបានដឹកនាំប្រទេសឲ្យមានភាពរឹងមាំសេដ្ឋកិច្ច សង្គម និងកាត់បន្ថយភាពក្រីក្រ។
ក្នុងព្រះរាជសារនោះ ព្រះអង្គក៏បានអំពាវនាវឲ្យប្រជារាស្ត្រនៅទាំងក្នុង និង ក្រៅប្រទេសប្រកាន់ភ្ជាប់នូវសាមគ្គីភាពដើម្បីកសាងជាតិនិងការពារសមិទ្ធផលរបស់ជាតិ។
ការអំពាវនាវរបស់ព្រះមហាក្សត្រធ្វើឡើងស្របពេលដែលគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាជាគណបក្សដែលមានអាសនៈនៅក្នុងសភា ស្ទើរមួយអាណត្តិនេះមានជំនាស់គ្នារហូត។
នៅព្រឹកនេះ ជាថ្ងៃបើកសម័យប្រជុំពេញអង្គ គណបក្សប្រឆាំងសម្រេចចិត្តមិនចូលរួមប្រជុំសភាព្រោះបញ្ជាក់ថាបារម្ភខ្លាចក្រុមអ្នកគាំទ្រគណបក្សកាន់អំណាចវាយដំទៀត៕