សាលាក្រុងមិនឲ្យធ្វើបុណ្យ១០០ថ្ងៃ លោកបណ្ឌិត កែម ឡី នៅវត្តចាស់

សាលារាជធានីភ្នំពេញបានចេញលិខិតមួយច្រានចោលសំណើរបស់គណៈកម្មការរៀបចំបុណ្យដោយបានហាមប្រាមមិនធ្វើបុណ្យខួបគំរប់១០០ថ្ងៃជូនលោក កែម ឡី នៅវត្ត «ពោធិយារាម» ហៅវត្តចាស់ឡើយ។

សាលាក្រុងក៏បានទទូចឲ្យក្រុមគ្រួសារនៃសពនិងតំណាងគណៈកម្មការរៀបចំបុណ្យលោក សៅ កុសល ធ្វើការពិភាក្សាជាថ្មីអំពីការជ្រើសរើសទីតាំងផ្សេង ដោយថាឲ្យធ្វើនៅគេហដ្ឋានឬនៅខេត្តតាកែវវិញ។ នេះដោយតាមលិខិតរបស់សាលាក្រុងភ្នំពេញនៅថ្ងៃសុក្រនេះ។

ទោះយ៉ាងនេះក្ដី គណៈកម្មការរៀបចំបុណ្យបានអំពាវនាវឲ្យសាធារណជននិងជនរួមជាតិទាំងអស់ចូលរួមពិធីបុណ្យខួបគំរប់១០០ថ្ងៃលោកបណ្ឌិត កែម ឡី ដែលតាមការគ្រោងទុកនឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី១៤ ដល់ ទី១៧ ខែតុលា ឆ្នាំ២០១៦ នៅវត្តចាស់ ស្ថិតក្នុងសង្កាត់-ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នៅក្នងសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការរៀបចំបុណ្យឲ្យដឹងទៀតថានៅថ្ងៃអាទិត្យ ទី១៦ តុលា ក៏នឹងមានការរៀបចំដង្ហែរូបសំណាក់លោកបណ្ឌិត កែម ឡី ចេញពីវត្តចាស់ទៅកាន់ទីកន្លែងតម្កល់សពរបស់លោកនៅឯខេត្តតាកែវ។

លោក កែម ឡី ដែលជាអ្នកវិភាគបញ្ហាសង្គមដ៏មានប្រជាប្រិយភាព ត្រូវបានជនខ្មាន់កាំភ្លើងបាញ់សម្លាប់នៅម្ដុំស្ដារម៉ាតកាល់តិច ស្ដុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅ។ បុរសម្នាក់ឈ្មោះ អឿត អាង ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយឃាតកម្មនេះដោយចោទថាជាជនដៃដល់ និងមានឈ្មោះហៅថា ជួប សម្លាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ