រដ្ឋ​មន្ត្រី​៖ កង្វល់កម្ពុជា​ត្រូវ​បាន​ដោះស្រាយ​បន្ទាប់ពី​ក្រុម​ហ៊ុនអាមេរិកនៅ​បន្ត​​ទិញ​ទំនិញ

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 6:02 PM | សេដ្ឋកិច្ច | 0 | 5516 រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ ​លោក ​អ៊ិត សំហេង

រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​កម្ពុជា​ថា​កង្វល់​ពី​ប្រាក់​ខែកម្ម​ករ​ត្រូវ​បាន​ដោះស្រាយ​បន្ទាប់​ពី​ក្រុមហ៊ុន​អាមេរិក​នៅ​បន្ត​ទិញ​ទំនិញ​ពី​កម្ពុជា ការអះអាងនេះស្របពេល​​​ស្ថានការណ៍​នយោបាយ​រវាង​កម្ពុជា​ និង​អាមេរិក​មាន​ភាព​រកាំ​រកូស។

ការ​ថ្លែង​របស់​លោក ​អ៊ិត សំហេង បែប​នេះគឺ​បន្ទាប់​ពី​​កិច្ច​ប្រជុំ​ជា​មួយ​តំណាង​ក្រុម​ហ៊ុន​វ៉ល​ម៉ាត​អន្តរ​ជាតិនៅ​រសៀល​ថ្ងៃ​ទី​៧ វិច្ឆិកានេះ​ ថ្លែង​ថា ក្រុម​ហ៊ុន​អាមេរិក​នេះនៅ​​​សន្យា​បន្ត និង​បង្កើន​ការ​ទិញ​ផលិត​ផល​វាយនភ័ណ្ឌ​ពី​កម្ពុជានៅ​ឆ្នាំ​២០១៨​បន្តទៀត ដែល​ធ្វើ​ឲ្យ​កង្វល់​របស់​រដ្ឋា​ភិ​បាល​​​កម្ពុជាក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួលដល់​កម្ម​ករ​សម្រាប់​ឆ្នាំ​ខាង​មុខ​ត្រូវ​បាន​ដោះស្រាយ។

លោក​ថា៖ « អញ្ចឹង​អ្វី​ដែល​ជា​កង្វល់​របស់​យើង​ទាក់​ទង​នឹង​ការ​កើន​ឡើង​ប្រាក់ឈ្នួលអាច​ថា​មិន​មាន​ការ​បញ្ជាទិញ​ អាហ្នឹង​ត្រូវ​បាន​ដោះស្រាយ​បានន័យ​ថា​មិន​មែន​ជា​កង្វល់​ហ្នឹង​ទេ។ ក្រុម​ហ៊ុន​វ៉ល​ម៉ាត​នេះគេ​គិត​ថា​បន្ត​ការ​បញ្ជាទិញ​ពី​យើង​តទៅ​ទៀត » ។

លោក​ អ៊ិត សំហេង បាន​ឲ្យ​ដឹង​បន្ថែម​ថា ទី​ផ្សារ​ដែលក្រុម​ហ៊ុន​នេះយក​ទៅ​លក់​​គឺ​ជា​ទី​ផ្សារ​សហរដ្ឋ​អាមេរិក និង​កាណា​ដា ដែល​លោក​ថា​ជាទី​ផ្សារ​ធំសម្រាប់​ទំនិញ និង​ពាណិជ្ជកម្ម​​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា​លោក​បាន​ បដិសេធនិង​ដើរ​ចេញ​បន្ទាប់​ពី​អ្នក​សារព័ត៌មាន​សួរ​ពី​ស្ថាន​ការ​នយោបាយ​ដែល​រកាំ​កូស​រវាង​កម្ពុជា និង​អាមេរិក ទាក់​ទង​នឹង​ការ​ទិញ​ទំនិញ​នេះ។

ប្រធាន​សហភាព​ការ​ងារ​កម្ពុជាលោក អាត់​ ធន់ សាទរ​ចំពោះ​ការ​បន្ត​បញ្ជា​ទិញ​ពី​កម្ពុជា​ដោយ​ក្រុម​ហ៊ុន​របស់​អាមេរិក​នេះ តែ​លោក​ថា​ក្រុម​ហ៊ុន​ទាំង​នោះ​គួរជំរុញ​បន្ថែម​​ទៅ​​កម្ពុជាដើម្បី​សម្រួល​ឲ្យ​មាន​លក្ខ​ខណ្ឌ​​ការ​ងារ​កាន់តែ​ប្រសើ​រ​ដល់​កម្ម​ករ​។

លោក​ថា៖ « តាម​ពិត​ការ​សន្យា​បញ្ជាទិញ​ពីក្រុម​ហ៊ុន​នៅ​អាមេរិក​វា​ជារឿង​ល្អ ខ្ញុំ​ចង់​ឲ្យ​មាន​ការ​សន្យា​ចឹង​ដែរ ព្រោះ​ថា​ស្ថានភាពនយោបាយវា​អាច​ធ្វើ​ឲ្យ​យើង​មាន​ការ​លំបាក​បើ​សិន​ជា​មានការ​ដក​ទំនិញ​អី​អញ្ចឹង​ណាតែ​មាន​ការសន្យា​វា​ល្អ។ ក៏​ប៉ុន្តែគ្រាន់​ថា​ទី​ផ្សារ​វ៉ាល​ម៉ាត​នេះ​វា​មិន​មែន​សូវ​គិត​គូរ​ពី​លក្ខខណ្ឌ​ការ​ងារ​អី​ទេ វា​និយាយ​ថា​ទី​ផ្សារ​មូយអាក្រក់ ការ​រំលោភសិទ្ធកម្ម​ករ​​ល្បី​លើ​​ពិភព​លោក​ហ្មង តែ​បើ​សិន​ជា​បញ្ជា​ទិញ​ហើយគេ​ធានា​នូវកម្ម​ករ លក្ខខណ្ឌ​ការ​ងារ​ដល់​កម្ម​ករខ្ញុំ​គិតថា​គិត​ជា​រឿង​កាន់​តែ​ល្អ​ថែម​ទៀត»។

របាយការណ៍សកល ផ្នែកសេដ្ឋកិច្ច ចេញផ្សាយ ដោយចភពអង់គ្លេសOECបានបង្ហាញថា ប្រទេស​បី​​ដែ​ល​ក​ម្ពុ​ជា​នាំ​​ចេញ​ផលិផលធំ​បំផុតទៅលក់​នោះមាន ​សហរដ្ឋអាមេរិក​ ​អង់គ្លេស​ និង​អាល្លឺម៉ង់​ ដែល​មា​ន​ទំហំទឹ​ក​ប្រា​​ក់ ​៦,៥​ពាន់លាន​ដុល្លារ​ ហើយ​ប្រទេស​បី​ ដែល​កម្ពុជានាំចូល​ទំនិញមកវិញ​ធំ​បំផុតគឺ ចិន ថៃ​​ និង​វៀត​ណាម​ ដែលមានទឹកប្រាក់ ​៩,៩១​ពាន់លាន​ដុល្លារ​៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required