លោក ហ៊ុន សែន ប្រដៅអ្នកគាំទ្រ LDP រឿងប្រើពាក្យសម្ដី

នាយករដ្ឋមន្ដ្រីបានព្រមានធ្ងន់ៗលើក្រុមអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់​លោក ខឹម វាសនា ដោយប្រដៅឲ្យចេះប្រើពាក្យសម្ដីសមរម្យ ខណៈពួកគេនាំគ្នាចូលរួមផ្តល់យោបល់​តាមហ្វេសប៊ុក​នាយក​​រដ្ឋមន្រ្តី។

លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅថ្ងៃពុធនេះបានបង្ហោះសារលើហ្វេសប៊ុករបស់លោក ដោយផ្ញើសារមួយចូលរួមរំលែកទុក្ខមរណៈភាពអ្នកធ្វើអត្ថាធិប្បាយផ្នែកកីឡាលោក ម៉ា សេរី ដែលបានស្លាប់ដោយសារជំងឺមហារីកថ្លើមនៅព្រឹកថ្ងៃទី៨កុម្ភៈនេះ។

ប៉ុន្ដែនៅក្រោមសាររំលែកទុក្ខនោះ ក្រុមអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ជាច្រើនបានលើកមតិថា៖ «បើរឿងកេងចំណេញយកប្រជាប្រិយភាពអ៊ីចឹង ដឹងលឿនណាស់​ ត្រង់អ្នកស្ម័គ្រចិត្ត LDP ១៣នាក់ជាប់គុកយ៉ាងអយុត្តិធម៌ ផ្សាយស្ទើរគ្រប់សារព័ត៌មាន ផ្ញើតាមឆាតផង ខមមិនផង គាត់មិនដឹងសោះ។ ពិតជាអស្ចារ្យណាស់ នាយករដ្ឋមន្ដ្រីស្រុកខ្ញុំ»។

អ្នកខ្លះទៀតថា ករណីនៅចាប់ខ្លួននៅខេត្តកំពតនោះគឺ «តុលាការធ្វើតាមតែមាត់សម្ដេចប៉ុណ្ណោះ» និងខ្លះទៀតបានប្រើពាក្យសម្ដីអសុរសលើបណ្ដាញហ្វេសប៊ុករបស់លោក ហ៊ុន សែន។

បើតាមបណ្ដាញហ្វេសប៊ុក អ្នកគាំទ្រ LDP ភាគច្រើនបានស្នើឲ្យលោក ហ៊ុន សែន ជួយអន្ដរាគមន៍ដើម្បីដោះលែងសកម្មជន LDP ចំនួន១៣នាក់ ដោយពួកគេថា ករណីនោះបណ្ដាលមកពីការឃុបឃិតគ្នារបស់អាជ្ញាធរនៅខេត្តកំពត។

លោក ហ៊ុន សែន បានតបវិញថា សូមឲ្យអ្នកគាំទ្រ LDP ទាំងអស់និយាយស្ដីអ្វីឲ្យមានសេចក្ដីថ្លៃថ្នូរ និងសុជីវធម៌ ដោយលោកថា៖ «សូមបងប្អូនចូលមកនិយាយមានភាពថ្លៃថ្នូរនិងមានសុជីវធម៏។ តើមកពឹងខ្ញុំឬមកប្រដៅខ្ញុំឬមកជេរខ្ញុំ»។

កាលពីថ្ងៃ៤ កុម្ភៈ កន្លងទៅ សមាជិក LDP ចំនួន១៣នាក់ នៅ​ស្រុក​ឈូក ខេត្តកំពត ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួនពាក់​ព័ន្ធ​​ជម្លោះ​ដី​ធ្លី​មួយ​នៅ​​ភូមិ​​តេជោ​ក្បាលដំរី។

អគ្គ​លេខាធិការ​រង LDP លោក ឆឺយ ប៊ុនធឿន ​អះ​អាង​ថា ការចាប់ខ្លួន​សមាជិក​របស់​លោក គឺធ្វើឡើងដោយគ្មាន​ដីកា​ចាប់​ខ្លួនត្រឹមត្រូវតាមច្បាប់​នោះ​ទេ ខណៈអាជ្ញាធរថា អ្នក​ទាំង១៣នាក់នោះ​ ត្រូវ​បានចាប់​ខ្លួន ពាក់​ព័ន្ធ​នឹង​ការ​ឈូស​ឆាយ​បំផ្លាញ​ដំណាំ​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​តេជោ​ក្បាល​ដំរី ក្នុង​ឃុំ​តេជោអភិវឌ្ឍន៍។

ពាក់ព័ន្ធករណីនេះដែរ លោក ហ៊ុន សែន បញ្ជាក់ថា ការចាប់ឃុំខ្លួនសកម្មជន LDP ទាំងនោះ គឺបានធ្លាក់ដល់ដៃរបស់តុលាការហើយ និងបានណែនាំឲ្យពួកគេស្វែងរកមេធាវីដើម្បីការពារសកម្មជនទាំងនោះ ជាជាងមកបង្កភាពអនាធិបតេយ្យលើហ្វេសប៊ុករបស់លោក។

លោកថា៖ «រឿងនៅខេត្តកំពតបានស្ថិតក្នុងដៃតុលាការរួចទៅហើយ។ សុំរកមេធាវីតតាំងក្តី តាមផ្លូវតុលាការ។សូមកុំហួសហេតុពែកល្មមៗ បានហើយ»។

ប៉ុន្ដែបន្ទាប់ពីលោក ហ៊ុន សែន បានតបខមមិនដូច្នេះ ក្រុមអ្នកគាំទ្រ LDP បានឆ្លើយតបដោយថា ពួកគេគ្រាន់តែចង់ឲ្យលោកនាយករដ្ឋមន្ដ្រីជួយដោះស្រាយ ដើម្បីអាចដោះលែងសកម្មជនដែលជាប់ឃុំប៉ុណ្ណោះ។

ប្រមុខបក្ស LDP លោក ខឹម វាសនា នៅថ្ងៃពុធនេះដែរ បានសរសេរលើហ្វេសប៊ុកដោយទទូចឲ្យអ្នកគាំទ្ររបស់លោក ឈប់ចូលផ្ដល់មតិយោបល់លើហ្វេសប៊ុកលោក ហ៊ុន សែន ដោយថា ទុកឲ្យលោកនាយករដ្ឋមន្ដ្រីមានពេលវេលាគ្រប់គ្រាន់ដើម្បីសម្រេចអំពីរឿងនេះ។ ស្របពេលមានប្រតិកម្មពីលោកនាយករដ្ឋមន្ដ្រីដូច្នេះ លោក ខឹម វាសនា បែរជាចោទថា អាចមានអ្នកផ្សេងទៀតដែលមាននិន្នាការនយោបាយប្រឆាំងចូលបន្លំខ្លួនជាអ្នកគាំទ្រ LDP ដើម្បីបំពុលបរិយាកាសទៅវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ