រាជរដ្ឋាភិបាលរំឮកជាថ្មីឲ្យអាជ្ញាធរលុបបំបាត់ប៉ុស្តិ៍ជជុះអាណាធិបតេយ្យ

ក្រសួងមហាផ្ទៃក្រើនរំលឹកឲ្យអាជ្ញាធរលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអាណាធិបតេយ្យតាមផ្លូវគោកនិងផ្លូវទឹក ខណៈមានការត្អូញត្អែរពីប្រជាពលរដ្ឋ អំពីបញ្ហាប៉ុស្តិ៍ត្រួតពិនិត្យអាណាធិបតេយ្យដើម្បីទារលុយនេះ។

នៅក្នុងសេចក្ដីណែនាំស្ដីពីការបង្កើនការត្រួតពិនិត្យលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអាណាធិបតេយ្យ ចុះថ្ងែទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ឲ្យដឹងថា ក្នុងរយៈពេលថ្មីៗនេះ មានប្រជាពលរដ្ឋត្អូញត្អែរ​អំពី​បញ្ហា​ប៉ុស្តិ៍ត្រួតពិនិត្យអាណាធិបតេយ្យពីសំណាក់កងកម្លាំងសមត្ថកិច្ចនិងកម្លាំងផ្សេងៗទៀត ដែលបាន​ប្រើប្រាស់សិទ្ធិអំណាច​ខុសច្បាប់ឬឆ្លៀតឱកាសដាក់ប៉ុស្តី៍ត្រួតពិនិត្យ​អាណាធិបតេយ្យ​ដើម្បី​ទារលុយ​ពីប្រជាពលរដ្ឋ ដែលបញ្ហានេះ​បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការអនុវត្តកម្មវិធីនយោបាយ​របស់​រាជរដ្ឋាភិបាល។

សេចក្ដីណែនាំឲ្យដឹងទៀតថា ដើម្បីលុបបំបាត់ប៉ុស្តិ៍ជជុះនេះ ក្រសួងមន្ត្រីនគរបាលទាំងអស់ត្រូវធ្វើការប្រជុំអប់រំ និងរំឮកណែ​នាំដល់កងកម្លាំងនគរបាលក្រោម​ឱវាទរបស់ខ្លួនឡើងវិញ និងចាត់វិធានការឲ្យកងកម្លាំងទាំងនោះទទួលខុសត្រូវ ចុះល្បាតត្រួតពិនិត្យតាមផ្លូវគោក ផ្លូវទឹកជាប្រចាំ ដើម្បីមានវិធានការលុបបំបាត់ ការដាក់ប៉ុស្ដិ៍ត្រួតពិនិត្យអាណាធិបតេយ្យទាំងនោះ។

ក្រសួងមហាផ្ទៃណែនាំឲ្យមន្ត្រីនគរបាលទាំងអស់ត្រូវដឹងច្បាស់អំពីគោលការណ៍របស់អគ្គស្នងការនគរបាលជាតិ ក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ តាមរូបភាពវិធានការរដ្ឋបាល និងវិធានការច្បាប់បញ្ជូនទៅតុលាការផ្ដន្ទាទោស ដោយគ្មានការយោគយល់ចំពោះមន្ត្រីនគរបាលជាតិណា ដែលប្រព្រឹត្តខុសឆ្គង លួចលាក់ ធ្វើសកម្មដាក់ប៉ុស្តិ៍ត្រួតពិនិត្យអាណាធិបតេយ្យ ឬ ឆ្លៀតយកមុខនាទីរបស់ខ្លួនដើម្បីទទួលប្រាក់កាសពីប្រជាពលរដ្ឋ ឬ អាជីវករខុសច្បាប់ទោះបីតាមវិធីណាក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ