អ្នកស្រលាញ់ភេទដូចគ្នាថា នៅតែរងការរើសអើងពីសង្គម​

ក្រុមអ្នកស្រលាញ់ភេទដូចគ្នាបានឲ្យដឹងថា ពួកគេនៅតែរងការរើសអើងពីសាច់ញាតិ និងប្រជាពលរដ្ឋទូទៅ ដោយ​ថា​ទោះ​ជា​ពួកគេខំធ្វើជាមនុស្សល្អ និងជួយការងារសង្គមក្តី​។

ក្នុងកម្មវិធីផ្សព្វផ្សាយគម្រោង​ សមភាពយេនឌ័ររយៈពេល៤ឆ្នាំ របស់ក្រុម​អង្គការដែលធ្វើការពាក់ព័ន្ធស្ត្រី​​ ស្តីពី​ «សំឡេងយើង ដើម្បីសមភាពយេនឌ័រ» កាលពីថ្ងៃទី៧ ខែមីនា ម្សិលមិញ អ្នកនាង ឈុន រចនា​ ដែលអះអាងថា តុប​តែ​ង​ខ្លួន​ធ្វើជា​មនុស្ស​ប្រុស ហើយ​​ស្រលាញ់ស្រី​រយៈពេល​៦ឆ្នាំមកហើយនោះ បានរៀប​រាប់ថា បច្ចុប្បន្ននេះ សាច់​ញាតិ​របស់​គាត់​មិន​ពេញ​ចិត្ត​ និង​រ​​​​ងការរិះគន់ពីមជ្ឈដ្ឋានទូទៅ​ជាដើម។

អ្នកនាងនិយាយថា«នៅពេល​ដែលចេញមុខ​គឺមានការរើសអើង​អំពីសាច់ញាតិបងប្អូន ក៏ដូច​ជាប្រយោជន៍​ពីក្រុម​គ្រួសារ​ដែរ ហើយនៅកន្លែង​ធ្វើការ​ ក៏ខ្ញុំធ្លាប់ជួបបទពិសោធន៍នៅក្នុង​ការដែលគាត់រើសអើងទៅលើ​អត្តចរិត​នៃការ​ស្លៀកពាក់​ ដែលយើងស្លៀកជាសំលៀកបំពាក់មនុស្សប្រុស​ ហើយនៅពេលនៅទីសាធារណៈជា​ដើម​គឺអាច​ជាមាន​ការ​រើស​អើង​ ហៅថាជាស្រី ឬក៏ជាប្រុស​ ហើយពេលខ្លះសូម្បីតែទៅក្នុងបន្ទប់ទឹក​ យើងទៅ​បន្ទប់​ទឹក​មនុស្ស​ស្រី ក៏ត្រូវ​បានគេមើលលើមើលក្រោមដូចជាប្លែក​»។

ក្រុមអង្គការទាំងនោះរួមមាន អង្គការដានឈើច្ឆអេដ(DCA) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ប.ស.ម.ក) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​(CCIM) និងគណៈកម្មាធិការនៃអង្គការ​មិនមែនរដ្ឋាភិបាល​កម្ពុជា ដើម្បីអនុសញ្ញាលុប​បំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ (NGO CEDAW)។

ក្នុងកម្មវិធីនោះ អង្គការពាក់ព័ន្ធ បានផលិតជាខ្សែវីដេអូស្ពតខ្លីៗ និយាយ​ពីគុណសម្បត្តិ​និងគុណវិបត្តិ ចំពោះ​គូ​ស្រករ​​ដែល​​ស្រលាញ់​ភេទដូចគ្នា និងសម្តែងសិល្បៈបង្ហាញជាសារបែបអប់រំជាដើម​។

អ្នកនាង គ្រី សុភាព ដែលតុបតែងខ្លួនធ្វើដូចជាមនុស្សប្រុស បានឲ្យដឹងដែរថា គាត់ក៏រងកា​ររើស​អើង​ពីសាច់​ញាតិ និង​មជ្ឈ​ដ្ឋានទូទៅដែរ។ ទោះជាបែបនេះក្តី អ្នកនាងបញ្ជាក់ថា គាត់មិន​ចាប់អារម្មណ៍នោះទេដោយថា នឹង​ព្យាយាម​ពន្យល់និងអប់រំ ដល់ពួកគេឲ្យយល់​ពីសមភាពយេនឌ័រ បន្ទាប់ពីចូលរួមកម្មវិធីនេះរួច​។

អ្នកនាងនិយាយថា «យើងនិងចែករំលែក​ទៅ​ក្រុមយុវជនដែលប្រឈមមុខ​ ដូចជាខាងខ្ញុំ…ពូកខ្ញុំអាច​និយាយ​បាន​ឬក៏ពន្យល់គាត់​ឲ្យបានយល់ច្បាស់អំពីបញ្ហា​និន្នាការ​ភេទ ឬក៏ជាសិទ្ធិរបស់ខ្លួន​ឯង ថាយើងត្រូវ​ធ្វើខ្លួនឯងបែបម៉េច​ខ្លះ ដើម្បីការពារអំពើហិង្សា​នៃការរើស​អើងពី​សំណាក់គ្រួសារ​ ពីសង្គមជុំវិញ​ ពីសាលារៀន ឬក៏ពី​ទីកន្លែង​ជុំវិញ​ខ្លួន​​របស់យើង​»។

ប្រធានអង្គការ CEDAW លោកស្រី ពុង ជីវកេក ផ្តល់ជាអនុសាសន៍ថា ដើម្បីកុំឲ្យមានការ​រើសអើង​លើក្រុម​អ្នក​ស្រឡាញ់ភេទដូចគ្នា រដ្ឋាភិបាល​ត្រូវ​បង្កើតច្បាប់ធានាឲ្យពួកគេមានសិទ្ធិ​រៀប​ការ​បានដូចបុរសនិងស្ត្រី​ដែរ និងធ្វើការ​អប់រំផ្សាយ​ផ្សាយឲ្យ​បាន​ទូលំទូលាយពីសមភាពយេនឌ័រនេះ។

ប៉ុន្តែលោកស្រីបញ្ជាក់ថា បើរដ្ឋាភិបាលមិនគិតគូដល់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា អាចធ្វើ​ឲ្យអ្នកទាំងនោះរង​គ្រោះ​កាន់​​តែច្រើន និងធ្វើឲ្យសង្គមជាតិជួបការលំបាកនៅថ្ងៃអនាគត​។​

លោកស្រីផ្តល់ជាអនុសាសន៍ថា«បើមិនគិតគូទេ យើង​អាច​ប្រឈមមុខ​ ក្នុង​សង្គមយើងព្រោះ​អ្នកដែលស្រលាញ់ ភេទដូចគ្នា​គាត់ទៅជាជនរងគ្រោះ​ ថ្ងៃណាមួយគាត់មិនសប្បាយចិត្ត គាត់អាច​មានបញ្ហា​ ប៉ុន្តែខ្ញុំសង្ឃឹមថា រដ្ឋាភិបាល​​និងយកចិត្តទុកដាក់លើអ្នកទាំងអស់គ្នា​ហ្នឹង​​»។

ក្នុងសេចក្តីថ្លែងការណ៍រួមរបស់​ក្រុមអង្គការ (DCA) (ប.ស.ម.ក) (CCIM) និងអង្គការ (NGO​CEDAW​​)​ចុះផ្សាយកាលពីថ្ងៃទី៧ មីនា ឲ្យដឹងថា ស្ត្រីកម្ពុជានៅតែប្រឈមនឹងហានិភ័យខ្ពស់ពីអំពើហិង្សា​ផ្អែកលើយេនឌ័រ ដោយស្ត្រីមានដៃគូរហូត​ដល់​២៥ភាគរយ ធ្លាប់ទទួលរងការបំពានលើរូប​រាងកាយ និងផ្លូវ​ភេទ ខណៈអ្នក​ស្រលាញ់​ភេទដូចគ្នា និងស្ត្រីទូទៅ នៅតែប្រឈមនឹងភាពមិនស្មើគ្នា ហើយបុគ្គលដែលហ៊ាន​ក្រោកឈរ​ទាម​ទារ​សិទ្ធិ​របស់​ខ្លួន ត្រូវ​បានគេរើសអើងកាន់តែខ្លាំង ប្រឈមអំពើហិង្សា​ធ្ងន់ធ្ងរទាំងក្នុងគ្រួសារ និងមជ្ឈដ្ឋាន​ខាង​​ក្រៅ ខណៈ​ដំណោះ​ស្រាយ​មិនទាន់ទទួលបានពេញលេញនៅឡើយ​។

សេក្តីថ្លែងការណ៍ដដែល បានជំរុញទៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងកិច្ចការនារី ធានាឲ្យមាន​ដំណើរការកិច្ចពិគ្រោះយោបល់​វិសោធនកម្ម​ច្បាប់ហិង្សាក្នុងគ្រួសារជាបន្តទៀត ដើម្បីឲ្យស្ត្រី ក្មេងស្ត្រី និង​អ្នក​ស្រឡាញ់ភេទដូចគ្នា​នៅទូទាំងប្រទេស​ទទួលបាន​កិច្ច​ការពារ​ពេញ​លេញ ពីអំពើហិង្សា​គ្រប់ប្រភេទ។

តាមរបាយការណ៍មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ឆ្នាំ២០១៦ បានឲ្យដឹងថា ក្រុមអ្នកស្រឡាញ់ភេទ ដូចគ្នា នៅកម្ពុជា មានចំនួន ១លាន៤សែននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ