តូបលក់ដូរ​ជាង១២០០នៅផ្សារស្ទឹងត្រែង​ត្រូវបានឆេះទាំងស្រុង

(រូបថតពីហ្វេសប៊ុក)

តូប​លក់ដូរ​របស់អាជីវករជាង​១២០០​តូបនៅ​ផ្សារ​ស្ទឹងត្រែង ត្រូវ​បានឆេះទាំងស្រុងកាលពីយប់ថ្ងៃ​ព្រហស្ប​តិ៍ ដោយ​អាជ្ញាធរ​អះអាង​ថា​មិនអាចគ្រប់គ្រង​ការពន្លត់​បាន​ បើទោះមានរថយន្តពន្លត់អគ្គិភ័យក៏ដោយ។​

ស្នងការនគរបាល​ខេត្ត​ស្ទឹងត្រែង លោក ម៉ៅ តារា ប្រាប់វីអូឌីនៅព្រឹកថ្ងៃ​សុក្រនេះ​ថា​កាលពីយប់ម៉ោង​១០និង​​៥នាទី មាន​ហេតុការណ៍​ឆេះផ្សារ​ស្ទឹងត្រែង ដោយ​លោក​បញ្ជាក់​ថាភ្លើងបានចាប់ផ្តើមឆេះពីកណ្តាល​ផ្សារ​ហើ​យ​​បណ្តាល​ឲ្យ​ហ្គាសមួយចំនួន​ផ្ទុះ ទើប​មានការរាលដាលខ្លាំង។ លោក​បញ្ជាក់ថា​ដោយ​សារ​បញ្ហា​នេះ សមត្ថកិច្ច​មិន​អាចគ្រប់គ្រង​ការពន្លត់​បាន​ភ្លាមៗនោះទេ។​

លោក​មានប្រសាសន៍ថា៖ “ដល់ទៅផ្ទុះហ្គាសហ្នឹង គឺឆាបឆេះវឹងៗ គឺថា​ផ្ទុះមួយគ្រាប់ គឺ​ឆេះប្រហែល​៥តូប​ រាល​ដាលហ្មង អញ្ចឹង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុងការអន្តរាគមន៍​បាញ់ពន្លត់ ទីមួយគឺ​វានៅកណ្តាល យើង​ចូលបាញ់អត់ដល់​ ទីពីរគឺផ្ទុះហ្គាសអញ្ចឹង​ គ្រោះថ្នាក់ បាយ​ផ្កាភ្លើង សុទ្ធ​តែផ្កាភ្លើង ដូច​ផ្សាគ្រាប់អញ្ចឹង គឺ​ជះពេញមេឃទាំងអស់”។​

លោក​បន្ត​ថា​សមត្ថកិច្ចខេត្ត​បានប្រើ​រថយន្តពន្លត់អគ្គិភ័យខេត្ត​អស់បី​គ្រឿងនិង​រថយន្តពន្លត់​អគ្គិភ័យពី​ខេត្ត​រតនគិរីនិងក្រចេះថែមទៀត។ លោកបញ្ជាក់ថា៖ “អគ្គិភ័យនេះគឺ​ថាវា​ឆេះឆាប់ខ្លាំងមែនទែន យើង​មិនអាចគ្រប់គ្រងសភាពការណ៍បានទេ ឃើញដូច្នេះ គឺ​ឯក​ឧត្តម​​អភិបាលខេត្ត លោក​បានបញ្ជា​ឲ្យ​យក​អេស្កាលែតទ័រហ្នឹង​ ទៅ​កាយតូចខាងៗ ដែល​ទើប​ឆេះតិចៗហ្នឹង កុំឲ្យអណ្តាតភ្លើងឆាប​ឆេះទៅដល់​ផ្ទះប្រជាពលរដ្ឋនៅ​ជុំវិញផ្សារហ្នឹង”

បើតាមស្នងការ​ខេត្ត​ មិនមានមនុស្សស្លាប់​ឬ​រង​របួស​ដោយ​សារ​អគ្គិភ័យនេះ​នោះទេ។​ ទោះជា​យ៉ាងណា លោក​មិនទាន់អាច​បញ្ជាក់ពី​មូលហេតុនៃ​អគ្គិភ័យនេះ​បានទេ។ លោក​មានប្រសាសន៍ថា៖ “ចំពោះ​មូល​ហេតុ យើង​អត់ទាន់អាច​សន្និដ្ឋាន​បានទេ ឥឡូវនេះ​ ឯក​ឧត្តម​អភិបាល​ខេត្ត​លោក​បង្កើត​​ជាគណៈកម្មការ​ស្រាវជ្រាវមួយ ដើម្បីធ្វើ​ការ​ស្រាវជ្រាវជុំវិញបញ្ហានេះ​”។​ លោក​បញ្ជាក់បន្ថែម​​ថា​តូប​អាជីវករ​នៅ​ផ្សារនោះ​មាន​ចំនួន​១២២០តូប​ ហើយ​ត្រូវ​បានឆេះទាំងស្រុង។​

អ្នកស្រី ភិន ភារី អាយុ​៥៤ឆ្នាំ ជាអាជីវករ​លក់ស្បែកជើង​និង​កាបូ​បនៅផ្សារដែលឆេះនោះ អះអាង​ថា​តូប​របស់អ្នកស្រីត្រូវបានឆេះទាំងស្រុង ហើយតាមការប៉ាន់ស្មាន​អស់តម្លៃ​ប្រមាណ​៣ម៉ឺនដុល្លារ។ អ្នកស្រីបន្ត​ថា​អ្នក​ស្រី​មិនទាន់ដឹង​ពី​មូលហេតុឆេះនោះទេ ប៉ុន្តែ​ថា​មិនអាច​មកពីការឆ្លង​ចរន្ត​អគ្គិសនីនោះទេ​ ដោយ​សារ​ផ្សារ​ត្រូវបិទភ្លើងតាំងពី​ម៉ោង​៦ល្ងាច។​ ​ ទោះជា​យ៉ាងណា អ្នកស្រី​បញ្ជាក់ថា​កន្លងទៅ អាជ្ញាធរ​ធ្លាប់​បានស្នើ​ឲ្យ​អាជីវករ​រើទៅលក់​នៅ​ផ្សារ​​ថ្មីពីរកន្លែង​ផ្សេង​ទៀត តែ​អាជីវករមិនព្រម។​

អ្នកស្រីមានប្រសាសន៍ថា៖ “មិនដឹងពីមូលហេតុថាពិតប្រាកដ តែគ្រាន់តែដឹងថាមិនមែនមកពីទុស្សេខ្សែភ្លើងឬផ្ទុះហ្គាសទេដោយសារផ្សារហ្នឹង បិទម៉ោង៦ល្ងាចគេបិទទាំអស់ព្រោះគេមិនឱ្យមានភ្លើង ហើយឆេះនៅម៉ោង១០ អញ្ចឹង​ខ្ញុំច្បាស់ណាស់ថាមិនមែនមកពីទុស្សេខ្សែ​ភ្លើងទេ។ កន្លងមកធ្លាប់ឲ្យ​ពួកយើងរុះរើចេញតែអ្នកលក់ក្នុងផ្សារស្ទឹងត្រែងហ្នឹងមិនពេញចិត្ត ពួកអាជ្ញាធរធ្លាប់ឲ្យ​រើធ្វើសាថ្មីទេ ដោយសារតូបថ្មីថ្លៃពេកពួកអ្នកលក់មិនអាចជួលបាន អញ្ចឹង​ហើយចេះតែមានការមិនពេញចិត្តគ្នាទៅវិញទៅមក‍”

អ្នកស្រីបញ្ជាក់បន្ថែម​ថា៖ “ឥវ៉ាន់អីទើប​យក​ចូល​ មិនទាន់ឲ្យ​លុយគេផង ឥឡូវ​ឆេះអស់បាត់ហើយ។ ចង់​ឲ្យ​អាជ្ញា​ធរ​ជួយ​រក​កន្លែង​ឲ្យ​លក់ឲ្យ​បានសមរម្យ ប្រហែលជាលក់នៅតាមសួនច្បារហ្នឹងសិនហើយ ព្រោះ​ផ្សារថ្មីនោះស្ងាត់ណាស់”។​

គួរបញ្ជាក់ថា​កាលពីឆ្នាំ​២០០៧ ផ្សារថ្មីខេត្ត​ពោធិ៍សាត់ត្រូវបានឆេះទាំងស្រុងចំថ្ងៃចូល​ឆ្នាំខ្មែរ ហើយ​បន្ទាប់មក​មានការសាងសង់ថ្មី ដោយ​ដាក់ឈ្មោះថាផ្សារហ៊ុន សែន៕​ រាយការណ៍បន្ថែម​ដោយ កញ្ញា រ័ត្ន សុភក្តិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ