ប្រមុខការទូតជប៉ុនលើកឡើងពីវេទិកាជប៉ុន-មេគង្គ តែមិននិយាយដល់វិវាទនយោបាយកម្ពុជា

លោកនាយករដ្ឋមន្រ្តី ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន។ រូបពីទំព័រហ្វេសប៊ុកលោក ហ៊ុន សែន។

ប្រមុខ​ការទូត​ជប៉ុន បាន​ស្នើ​ឡើង​នូវ​វេទិកា​ជប៉ុន​ជាមួយ​បណ្ដា​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ ខណៈ​ដែល​តំបន់​នេះ​មាន​សកម្មភាព​នៃ​ទំនាក់​ទំនង​កាន់​តែ​ខ្លាំង​ក្លា​ជាមួយ​មហា​អំណាច​ចិន ប៉ុន្តែ មិន​បាន​លើក​ឡើង​ពី​វិវាទ​នយោបាយ​កម្ពុជា​នោះ​ឡើយ។

រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន លោក តារ៉ូ កូណូ កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​នេះ។

ប្រមុខ​ការទូត​ជប៉ុន​រូប​នេះ បាន​ចុះ​ហត្ថលេខា​លើ​ការ​ផ្ដល់​ជំនួយ​ឥត​សំណង និង​ឥណទាន​សម្បទាន​ទំហំ​ជាង ៩២​លាន​ដុល្លារ ជា​មួយ​ប្រមុខ​ការទូត​កម្ពុជា លោក ប្រាក់ សុខុន នៅ​ថ្ងៃ​នេះ។

ជាង​នេះ​ទៅ​ទៀត លោក តារ៉ូ កូណូ បាន​ជួប​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ឯ​វិមាន​សន្តិភាព​ផង​ដែរ ដើម្បី​ជជែក​អំពីទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ និង​ទំនាក់​ទំនង​រវាង​ប្រទេសជប៉ុន និង​តំបន់​ទន្លេ​មេគង្គ។

ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ប្រទេស​ជប៉ុន​គ្រោង​នឹង​រៀបចំ​វេទិកា​ជប៉ុន-មេគង្គ ដែល​ជា​កិច្ច​ប្រជុំ​កំពូល​រវាង​មេដឹកនាំ​ជប៉ុន និង​ក្រុម​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ។

គម្រោង​ជំនួប​កំពូល​ជប៉ុន-មេគង្គ ត្រូវ​បាន​គ្រោង​ឡើង ក្រោយ​ពី​បណ្ដា​មេដឹកនាំ​នៃ​តំបន់​ទន្លេ​មេគង្គ បាន​ជួប​ប្រជុំ​ជាមួយ​មេដឹកនាំ​ចិន​យ៉ាង​តិច ៣​ដង​​រួច​មក​ហើយ ចាប់​តាំង​ពី​ចុង​ឆ្នាំ​មុន រហូត​ដល់​ ៣​ខែ​ដើម​ឆ្នាំ​២០១៨​នេះ។

បើ​តាម​ទំព័រ​ហ្វេសប៊ុក​លោក​នាយករដ្ឋ​មន្ត្រី គ្មាន​ទេ​វិវាទ​នយោបាយ​រវាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង នៅ​ក្នុង​របៀប​វារៈ​នៃ​ជំនួប​រវាង​ប្រមុខ​ការទូត​ជប៉ុន និង​មេដឹកនាំ​កម្ពុជា ដែល​ខុស​ពីជំនួប​រវាង​​លោក ហ៊ុន សែន និង​លោក Kentaro Sonoura ដែល​ជា​​បេសកជន​ពិសេស​តំណាង​ឲ្យ​នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក ស៊ិនហ៊្សូ អាបេ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា​កន្លង។ នៅ​ក្នុង​ជំនួប​នា​ពេល​នោះ តំណាង​រដ្ឋាភិបាល​ជប៉ុន បាន​បង្ហាញ​ជំហរ​ទៅ​កាន់​មេដឹកនាំ​កម្ពុជា​ថា ជប៉ុន​ចង់​ឃើញការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នា​ខែ​កក្កដា​ខាង​មុខ​នេះ។

ទោះជាយ៉ាងណា ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ជប៉ុន​នៅ​កម្ពុជា​នេះ បាន​កើតឡើង​ចំ​ពេល​ដែល​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះ​បាទ នរោត្ដម សីហមុនី បាន​យាង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ជប៉ុន​ផង​ដែរ។

នៅ​វិវាទ​នយោបាយ​​កម្ពុជា​ថ្មីៗ​នេះ ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន​នោះ រំពឹង​ថា រដ្ឋាភិបាល​ជប៉ុន​នឹង​ជួយ​សម្រប​សម្រួល​បញ្ចប់​ជម្លោះ​នយោបាយ​មួយ​នេះ ហើយ​អាច​ជួយ​ឲ្យ​កម្ពុជា​ងាក​ទៅ​ដើរ​លើ​ផ្លូវមួយ ដែល​សហគមន៍​អន្តរជាតិ​ហៅ​ថា គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ