ក្នុងរយៈពេលចុងក្រោយ គេកត់សម្គាល់ថាតារាសម្ដែងម៉េម៉ាយកូនមួយអ្នកនាង ភិន សុដាលីស កាន់តែស្រស់ស្អាតជាងមុន ដោយនាងក៏បានបង្កាត់ទំនាក់ទំនងជាមួយតារាប្រុសដែលបានបម្រើការនៅក្នុងផលិតកម្មមហាហង្សធ្វើអោយមានការយល់ច្រលំថាជាគូស្នេហ៍នោះផង។ យ៉ាងណាមិញនាងថា ខ្លួនមិនទាន់រកឃើញអ្នកស្រឡាញ់ជំនួសលោកប៉ែន ចំរ៉ុង នៅឡើយទេ បើទោះជានាងត្រូវគេកត់សម្គាល់ថាសប្បាយចិត្តខុសប្លែកជាងមុន និងតែងខ្លួនស្រស់ស្អាតជាងមុនក៏ដោយ។
ក្នុងពិធីសម្ពោធភាពយន្តភាគរបស់ PNN រឿង «បំណុលស្នេហ៍» អ្នកនាង ភិន សុដាលីស មិនត្រឹមតែស្រស់ស្អាតផ្ទៃមុខខុសប្លែកពីមុននោះទេ អ្នកនាងក៏រឹបរាងឡើងមូលក្លំធ្វើអោយសម្រស់របស់ខ្លួនឡើងមួយកម្រិតផងដែរ។ អ្នកនាងត្រូវគេសម្គាល់ថាស្រកទម្ងន់ជាងមុន បន្ទាប់ពីនាងប្រកាសថានឹងសម្រកទម្ងន់អោយត្រលប់មករាងស្ដើងដូចច្រើនឆ្នាំមុន ដើម្បីសស្រួលតុបតែងខ្លួន។
មនុស្សមួយចំនួនសង្ស័យថាអ្នកនាងរកឃើញមនុស្សប្រុសជាទីស្រឡាញ់ហើយ ទើបអ្នកនាងតែងខ្លួនកាន់តែស្អាតជាងមុន ដោយក្រៅពីសារភាពថាប្រើផលិតផលថែរក្សាសម្រស់ អ្នកនាងក៏ចាប់ផ្ដើមទទួលយកមធ្យោបាយថែរក្សាដោយវិទ្យាសាស្រ្តដែលអ្នកនាងធ្លាប់ប្រកាន់ជំហរថាមិនអោយប៉ះកាលពីមុនផងដែរ។
យ៉ាងណាមិញ ក្នុងជំនួបដោយផ្ទាល់អ្នកនាងថាខ្លួនកាន់តែយកចិត្តទុកលើសម្រស់ មិនមែនដើម្បីផ្គាប់ចិត្តចំពោះអ្នកណានោះទេ តែដើម្បីការងារសិល្បៈ និងដើម្បីខ្លួនឯងប៉ុណ្ណោះ ដោយសារតែក្នុងពេលនេះ អ្នកនាងថាខ្លួនមិនទាន់រកឃើញអ្នកជំនួសលោកប៉ែន ចំរ៉ុង ដែលជាឪពុករបស់កូនស្រីនាងនៅឡើយ។
អ្នកនាង ភិន សុដាលីស និយាយថា អ្នកនាងអត់ទាន់មានពេលខ្វាយខ្វល់ពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហានោះទេ ដោយសារតែអ្នកនាងកាន់តែរវល់ទាំងការងារសម្ដែង និងការងារគ្រប់គ្រងផលិតកម្មមហាហង្ស ប៉ុន្តែអ្នកនាងសារភាពថាខ្លួនមានពេលថែទាំងសម្រស់របស់ខ្លួន ដែលអាចនិយាយថាចាប់ផ្ដើមស្រឡាញ់ការធ្វើខ្លួនច្រើនឡើងជាងមុន។
អ្នកនាងនិយាយថាមិនខ្វះបុរសដែលតាមលែបខាយចំបោះខ្លួននោះទេ ដោយមានទាំងអ្នកសិល្បៈ និងអ្នកក្រៅសិល្បៈ ប៉ុន្តែបណ្ដាលមកពីនាងរវល់ក៏រវល់ ហើយក៏មិនទាន់ចង់ឈឺក្បាលនឹងរឿងស្នេហាទើបអ្នកនាងមិនសិក្សាពីចំណុចល្អរបស់បុរសទាំងនោះតែម្ដង។ អ្នកនាងថារាល់ថ្ងៃ មិនទាន់រកឃើញអ្នកស្រឡាញ់ជំនួសអោយលោក ប៉ែន ចំរ៉ុង នោះទេ ប៉ុន្តែក៏មិនមានន័យថានៅស្ដាយស្រណោះចំពោះលោកប៉ែន ចំរ៉ុង នោះដែរ គឺដោយសារតែអ្នកចង់ទុកសេរីភាពកុំអោយមានសម្ពាធណាមួយមកប៉ះទង្គិចនៅពេលទទួលយកក្ដីស្រឡាញ់ប៉ុណ្ណោះ។
អ្នកនាងថាប្រកាសថាការមិនទាន់រកអ្នកជំនួសលោកប៉ែន ចំរ៉ុងមិនមែនរង់ចាំអំឡុងពេលមួយ ដើម្បីអាចភពប្រសព្វគ្នាវិញផងដែរ ដោយអ្នកនាងប្រកាសថារវាងខ្លួន និងលោកប៉ែន ចំរ៉ុង គឺគ្រាន់តែជាអតីតកាល ហើយមិនអាចទៅរួច បើទោះជាកូនស្រីរបស់អ្នកនាងធំដឹងក្ដី ទទួលស្គាល់លោកប៉ែន ចំរ៉ុង ជាឪពុកដោយមិនប្រកាន់អតីតកាល។
ភិន សុដាលីស ត្រូវគេកត់សម្គាល់ថាឡើងកូដជាងមុន ដោយនាងទើបតែបង្ហាញខ្លួនក្នុងភាពយន្តរឿង«បំណុលស្នេហ៍» ដែលគ្រោងដាក់បញ្ចាំងនៅទូរទស្សន៍ PNN នាថ្ងៃទី២០ មេសា ក្រោយចូលឆ្នានេះ។ អ្នកនាងនិយាយថា ក្រៅពីភាពយន្តនេះ អ្នកនាងក៏មានស្នាដៃជាច្រើនផ្សេងទៀតត្រៀមបញ្ចេញ និងត្រៀមចេញថតផងដែរ ទើបអ្នកនាងត្រូវតែយកចិត្តទុកដាក់នឹងសម្រស់ ហើយមិនទាន់មានពេលរកអ្នកជំនួសលោក ប៉ែន ចំរ៉ុង៕